អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋនៅក្រុងអរិយក្សត្រអស់៣ខ្នង ដោយសារឆ្លងចរន្តអគ្គិសនី, អភិបាលក្រុងដឹកនាំកម្លាំងចុះពន្លត់បន្ទាន់មិនឲ្យរីករាលដាលបានទាន់ពេលវេលា

11-03-2026 20:51

(កណ្ដាល)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះរបស់ពលរដ្ឋចំនួន៣ខ្នង ដែលជាប្រភេទថ្មក្រោម ឈើលើ ប្រក់ស័ង្កសី នៅល្ងាចថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២៦នេះ ស្ថិតនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ភ្លាមៗនោះ គេឃើញលោក ចាន់ តារា អភិបាលក្រុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯករដ្ឋបាលក្រុងអរិយក្សត្រ អន្តរាគមន៍ពន្លត់អគ្គិភ័យផងដែរ ។ ដោយមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ ក្រុមការងារបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយភ្លើងមិនអាចរីករាលដាលបន្តបានឡើយ។ ករណីនេះ កម្លាំងបានប្រើប្រាស់ឡានទឹកចំនួន៦គ្រឿង សរុបជាទឹក ៥៦គូប។

ក្នុងនាមអភិបាលក្រុង លោក ចាន់ តារា បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគបាលក្រុង រថយន្តពន្លត់អគ្គីភ័យបុរីវីឡាទួលសង្កែអរិយក្សត្រ រថយន្តពន្លត់អគ្គីភ័យរដ្ឋបាលស្រុកល្វាឯម បងប្អូនប្រជាការពារ កងកម្លាំងទាំង៣ អាជ្ញាធរពាក់ព័ន្ធ ដែលបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់អគ្គីភ័យនេះបានទាន់ពេល។

តាមការសន្និដ្ឋានជំហ៊ានដំបូង សម្រាប់មូលហេតុដែលនាំឲ្យឆេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅផ្ទះកណ្ដាលគេ ៕