រដ្ឋមន្រ្តី ឈាង រ៉ា៖ «ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល គឺការចលនាកម្លាំងក្រុមមួយ ទាំងវេជ្ជបណ្ឌិត និងវិជ្ជាជីវៈទាំងអស់ ឆ្ពោះទៅរកគោលដៅរួម ក្នុងអត្ថប្រយោជន៍សុខភាពរបស់ប្រជាពលរដ្ឋ»
11-03-2026 23:00
(ភ្នំពេញ)៖ ក្នុងឳកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣,៣១៤នាក់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល គឺការចលនាកម្លាំងក្រុមមួយ ទាំងវេជ្ជបណ្ឌិត និងវិជ្ជាជីវៈទាំងអស់ ឆ្ពោះទៅរកគោលដៅរួម ក្នុងអត្ថប្រយោជន៍សុខភាពរបស់ប្រជាពលរដ្ឋ»។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកពាក្យគន្លឹះមួយចំនួនមកធ្វើការបកស្រាយ៖
១៖ ពាក្យថា «ក្រុមការងារ» ជាពាក្យមួយផ្សាភ្ជាប់ជាមួយភាពជាអ្នកដឹកនាំ ព្រោះថា នៅពេលដែលការដឹកនាំគុណភាព ក្រុមការងារអាចនឹងបង្កើតនូវកម្លាំងចលករយ៉ាងខ្លាំង (លើសពីផលបូកធម្មតា) នៅក្នុងការបង្កើតឱ្យចេញជាផលប្រយោជន៍របស់ក្រុមការងារ ដែលស្របទៅនឹងផលប្រយោជន៍របស់ស្ថាប័ន និងអង្គភាព
២៖ ពាក្យថា «គោលដៅរួម» ជាពាក្យដែលភ្ជាប់ជាមួយក្រុមការងារ ព្រោះថាក្រុមការងារដែលមានគោលដៅរួម តែងតែសម្រេចបានសមិទ្ធផលធំធេងជាងក្រុមការងារផ្សេងៗ ហើយអ្នកដឹកនាំ ដែលមានឥទ្ធិពលអាចជួយឱ្យក្រុមការងារអាចរកឃើញគោលដៅរួមសម្រាប់ក្រុម អង្គភាព និងសង្គម
៣៖ គោលដៅរួមនៅក្នុង «កាល និងលំហរជាក់លាក់» សំដៅដល់ភាពជាអ្នកដឹកនាំដែលអាចគូសផ្លូវ និងកំណត់គោលដៅរួមរបស់ក្រុម ដែលស្របតាមកាល និងលំហរជាក់លាក់ ដែលនេះជាកត្តាកំណត់ភាពជោគជ័យនៃការដឹកនាំ។
សូមជម្រាបថាក្នុងឳកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដែលតែងតែប្រព្រឹត្តទៅ រៀងរាល់ថ្ងៃអង្គារ៍ ក្នុងសប្តាហ៍នេះ ក្រុមការងារមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និង មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៃការបម្រើសេវាថែទាំ និងព្យាបាល ក្នុងពេលមានសង្គ្រាមឈ្លានពាន។ ក្រោយពីបទបង្ហាញ និងការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានរំលេចឡើងវិញនូវវីរៈភាពរបស់មន្រ្តីសុខាភិបាល ដែលឈរលើគោលការណ៍ ឯកភាពស្មារតីតែមួយ (Unity of the spirit) ក្នុងពេលជួបគ្រោះអាសន្ន និងប្រើប្រាស់ទឹកចិត្តដ៏មុះមុត (the high and resilient morale) ជាអាវុធសម្រាប់ជំនះការលំបាក រហូតធ្វើឱ្យវិស័យសុខាភិបាលទាំងមូល កាន់តែមានភាពធន់ និងអាចទ្រសភាពការណ៍ធ្ងន់ធ្ងរបានដោយទំនុកចិត្ត៕



























