ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេច បិទមន្ទីរពហុព្យាបាលឥន្រ្ទទេវី១ ដោយប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ
12-03-2026 10:10
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចស្តីពី ការបិទមន្ទីរពហុព្យាបាលឥន្រ្ទទេវី១ ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ។
តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងទៀតថា លោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវបន្ទុក ផ្លូវច្បាប់ទាំងឡាយដែលបានកើតឡើងអំឡុងពេលនៃសកម្មភាពអាជីវកម្មរបស់ខ្លួន។
អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គាធិការក្រសួងសុខាភិបាល និងលោកស្រី វេជ្ជបណ្ឌិត ឡេង ចេងលាង មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕





