ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥

12-03-2026 10:41

(ភ្នំពេញ)៖ លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារ ក.ប.ទ. និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាស៊ីជម្រៅលើសកម្មភាពអាទិភាពក្នុងសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ព្រមទាំងផ្លាស់ប្តូរយោបល់លើការរៀបចំអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហសម្រាប់កម្ពុជា ទាំងនៅលើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេស៕