មន្ត្រីក្រសួងសាធារណការកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ និងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃមជ្ឈមណ្ឌល ReCAAP ISC នៅប្រទេសសិង្ហបុរី

12-03-2026 11:26

(សិង្ហបុរី)៖ លោក ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំក្រុមការងារជំនាញ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ និងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ របស់មជ្ឈមណ្ឌលចែករំលែកព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងការប្លន់នាវាប្រដាប់អាវុធនៅអាស៊ី (ReCAAP ISC) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអភិបាលតំណាងប្រទេសជាសមាជិកចំនួន២១ និងភាគីពាក់ព័ន្ធប្រមាណ ២០ស្ថាប័ន ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពចោរសមុទ្រ និងចោរប្លន់នាវាប្រដាប់អាវុធនៅអាស៊ីដោយវិភាគរបាយការណ៍ និងវាយតម្លៃការគំរាមកំហែងក្នុងការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវរបស់មជ្ឈមណ្ឌលចែករំលែកព័ត៌មាន ReCAAP ISC និងផែនការសកម្មភាព១០ឆ្នាំ (២០២៧-២០៣៦) ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦ ផែនការសកម្មភាពរយៈពេល៣ឆ្នាំ (២០២៦-២០២៨) និងផែនការសម្រាប់ការកសាងសមត្ថភាព ដើម្បីបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាសមាជិក និងភាគីពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ លោក ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងជាអភិបាលប្រទេសកម្ពុជាប្រចាំ ReCAAP ISC បានថ្លែងអំណរគុណ និងអបអរសាទរប្រធាន អនុប្រធានអង្គប្រជុំ អភិបាលថ្មី និងនាយកប្រតិបត្តិ ReCAAP ISC ជាពិសេសក្នុងកម្មវិធីខួបអនុស្សាវរីយ៍លើកទី២០ របស់ReCAAP ISC។

លោកបានមានប្រសាសន៍បន្តថា កម្ពុជាប្តេជ្ញាបន្តពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើងជាមួយប្រទេសសមាជិក ReCAAP ISC និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងចោរប្លន់នាវាប្រដាប់អាវុធនៅអាស៊ី និងការរក្សាបានសុខសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ៕