រដ្ឋមន្ដ្រី ចាយ បូរិន ដឹកនាំប្រតិភូក្រសួង-ស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ នៅវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ខេត្តកំពង់ឆ្នាំង
12-03-2026 14:47
(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ មានកុដិ សាលា ព្រះវិហារ ព្រះពុទ្ធបដិមា ស្ពាន របង ផ្លូវថ្នល់ ដែលកំពុងកសាងយ៉ាងច្រើន នៅវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ មានការនិមន្ត និងអញ្ជើញ ពីសំណាក់ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្ដិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្រ្តីសង្ឃខេត្ត និងព្រះចៅអធិការវត្តតាសុត លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ក្នុងកិច្ចប្រជុំនោះ ព្រះធម្មវនវាសី ចន្ទ មុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានអានរាយការណ៍សាងសង់ ប្រគេនសម្ដេច និងជូនលោកបណ្ឌិតរដ្ឋមន្ត្រី អំពីសំណង់ ដែលបានសាងសង់សម្រេច១០០% រួមមាន៖ របងមួយខ្សែមានប្រវែង៧៦០ម៉ែត្រ ផ្លូវកៅស៊ូក្រាល AC ប្រវែង ២២,២២២ម៉ែត្រផ្ទះបាយ១ខ្នង រោងតម្កល់ព្រះមួយខ្នងចំណាយថវិកា ស្ពានបេតុង១ខ្សែ និងសំណង់ផ្សេងៗរួមមាន សូឡាបូមទឹក និងអណ្ដូងទឹក ស្ពានបេតុងមួយខ្សែរ ស្ពានសិលារូបហង្សនិងច្រាំងទឹកហូរ ប្រវែង១៣៥ម៉ែត្រ ផ្ទះដាក់ទេយ្យទានមួយខ្នង, ប្រាសាទតម្កល់ព្រះពុទ្ធរូប២ខ្នង កន្លែងតម្កល់ព្រះពុទ្ធ ៨ព្រះអង្គ, បន្ទប់ទឹកមួយខ្នង ពុទ្ធរូប៥ព្រះអង្គ បង្គោលភ្លើងនិងខ្សែភ្លើង ប្រឡាយទឹកនិងទំនប់បង្ហៀរ ស្រះទឹក ប៉ុស្តិ៍យាម និងកន្លែងផ្ដល់ព័ត៌មាន អណ្ដូងទឹក៤កន្លែង ជួងទម្ងន់ ១ ៦២០គីឡូ រួមជាមួយសូឡាបូមទឹក និងសមិទ្ធផលផ្សេងៗទៀត ដែលចំណាយ សរុបថវិកាចំនួន ៣,១៧៧,៥៣៣ដុល្លារ។
ក្រោយពីស្តាប់របាយការណ៍រួច លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងថា ការកសាងសង់សំណង់ដែលបម្រើ ដល់វិស័យព្រះពុទ្ធសាសនាត្រូវគោរពតាមក្បួនខ្នាតបានត្រឹមត្រូវ ចៀសវាងការស្ថាបនាឡើងដោយពុំមានមូលដ្ឋាន រចនាបទខ្មែរត្រឹមត្រូវ ជាហេតុនាំឱ្យកើតមានភាពអាណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់និងគ្មានរបៀបរៀបរយ។ សំណង់វត្តអារាម ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ពាសពេញផ្ទៃប្រទេស សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជា និងសម្តេចធិបតី តែងយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំ ដល់ក្រសួងធម្មការនិងសាសនា ការពារ អភិរក្ស និងផ្តល់អាទិភាពចំបង ដល់វិស័យព្រះពុទ្ធជាសាសនា ដែលជាសាសនារបស់រដ្ឋ។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាមានកំណើតកើត និងបានរស់នៅលើផែនដី ពោរពេញទៅដោយកេរមរតក ពីដូនតាបន្សល់ទុកឱ្យយើងនេះ ជាប្រយោជន៍ដ៏សំខាន់ សំរាប់ជនជាតិខ្មែរគ្រប់រូប ដែលមានភ័ព្វវាសនា និងទទួលយកសមិទ្ធិផលទាំងអស់នេះ។ ហេតុដូច្នេះ វត្តអារាមត្រូវតែបន្តទំនៀមទំលាប់ផងទាំងពួង ដែលបុព្វបុរសយើងបានបន្សល់ទុក កុំឱ្យសាបសូន្យអស់ពីទឹកដីភូមិចាស់របស់យើង ព្រោះថា ដូនតាលោកធ្វើឬសាងសំណង់ឡើងគឺមានក្បួនខ្នាតត្រឹមត្រូវសំណង់សំរាប់បម្រើឱ្យការរស់នៅរបស់មនុស្ស និងសំណង់សម្រាប់គោរពបូជាដល់សាសនា។
នៅក្នុងឱកាសនេះ លោកបណ្ឌិតរដ្ឋមន្ត្រី និងសម្តេចព្រះរាជតំណាង និងប្រតិភូក្រសួង បាននិមន្តនិងអញ្ជើញពិនិត្យដោយផ្ទាល់ពីវឌ្ឍនភាពនៃការសាងសង់សំណង់សំខាន់ៗ ដែលកំពុងកសាងក្នុងវត្តរួមមាន៖ ១.សាលប្រជុំនិងសារមន្ទីរ ២.ហាកុដិ ៣.អគារព្រះអង្គខ្មៅជិនរង្សី ៤.អគារសុគន្ធារី សភាសាលា (សាលពិធី) ៥.ព្រះវិហាររតនមហាមង្គល ៦.អគារសាលាវិប្បសនា ៧.ក្លោងទ្វា ៨.អគារសហទេវាសភាសាលា (សាលាឆាន់)។
តាមរយៈការចុះពិនិត្យរបស់ក្រសួងធម្មការ និងសាសនា រួមជាមួយព្រះរាជតំណាងគណៈសង្ឃនាយក បានពិនិត្យឃើញថា ការកសាងព្រះពុទ្ធបដិមា បានសមស្របតាមទម្រង់ និងរចនាបថព្រះពុទ្ធបដិមាខ្មែរ ក្បួតខ្នាត បច្ចេកទេស ដែលកំណត់ និងបានណែនាំដល់ក្រុមវិស្វករជំនាញបន្តយកចិត្តទុកដាក់បន្ថែមទៀត ទាំងទម្រង់ រចនាបថ និងធានាបាននូវគុណភាព សោភណ្ឌភាពក្នុងការសាងសង់សំណង់នានា៕































