លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការដើររួមគ្នារបស់យើង មិនមែនជាការដើរធម្មតា គឺដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា (Video inside)

12-03-2026 16:00

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «ការដើររួមគ្នារបស់យើង មិនមែនការដើរធម្មតានោះទេ រាល់ជំហានរបស់យើង គឺជាសារដ៏មានអត្ថន័យ ជាជំហាននិយាយថា យើងជ្រើសសន្តិភាពជំនួសអំពើហិង្សា ហើយជាជំហាននិយាយថា យើងមិនទុកឱ្យស្រ្តី កុមារ និងគ្រួសារណាម្នាក់ឈរតែម្នាក់ឯងនៅក្នុងពេលលំបាកឡើយ»

ការថ្លែងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១,៧០០នាក់ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា «ការដើររួមគ្នារបស់យើង មិនមែនការដើរធម្មតានោះទេ រាល់ជំហានរបស់យើងគឺជាសារដ៏មានអត្ថន័យ ជាជំហានដែលនិយាយថាយើងជ្រើសសន្តិភាពជំនួសអំពើហិង្សា ជាជំហានដែលនិយាយថាយើងជ្រើសសាមគ្គីភាព ជំនួសការបែកបាក់
ជាជំហានដែលនិយាយថាយើងជ្រើសរើសក្តីសង្ឃឹម ជំនួសការភ័យខ្លាច ហើយជាជំហានដែលនិយាយថា យើងមិនទុកឱ្យស្រ្តី កុមារ និងគ្រួសារណាម្នាក់ឈរតែម្នាក់ឯងនៅក្នុងពេលលំបាកឡើយ»

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសយុវជន យុវនារី សូមបន្តរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព អហិង្សា ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប, សូមចាប់ផ្តើមពីគ្រួសារយើងនីមួយៗដោយការនិយាយនូវពាក្យពេចន៍ទន់ភ្លន់ មិនប្រើហិង្សា ចូលរួមគាំទ្រដល់ស្រ្តី និងកុមារ ជាពិសេសគឺស្ត្រីមេម៉ាយ អប់រំកូនចៅឱ្យស្គាល់តម្លៃនៃសន្តិភាព និងការរួបរួមគ្នាកសាងសហគមន៍ដែលពោរពេញទៅដោយក្តីស្រលាញ់ និងការយោគយល់គ្នា។ សន្តិភាពនិងសន្តិសុខមិនអាចកើតឡើងដោយឯកឯងនោះទេ វាត្រូវការចាំបាច់នូវការសាមគ្គីភាព និងការចូលរួមការពារថែរក្សា និងការទទួលខុសត្រូវពីយើងម្នាក់ៗ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ប្រសិនបើយើងទាំងអស់គ្នារួបរួមគ្នាថែរក្សាសន្តិភាពដូចដែលយើងថែរក្សាគ្រួសាររបស់យើងផ្ទាល់ នោះកម្ពុជានឹងបន្តដើរទៅមុខដោយភាពរឹងមាំ ថ្លៃថ្នូរ និងក្តីសង្ឃឹមកាន់តែធំធេងឡើង ។ សន្តិភាពគឺចាប់ផ្តើមពីយើងម្នាក់ៗ សន្តិភាពគឺដើម្បីយើងទាំងអស់គ្នា៕