ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា សាងសង់អគារស្នងការដ្ឋាននគរបាលខេត្តថ្មី

12-03-2026 16:05

(ព្រះសីហនុ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្រី កែ សួនសុភី រួមជាមួយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម សាខន សខេង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា សាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅតាមបណ្ដោយផ្លូវសន្តិភាព ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមាននិមន្តព្រះសង្ឃប្រោះព្រំ ដើម្បីសុំសេចក្តីសុខសប្បាយ និងសិរីមង្គល ក្នុងឱកាសចាប់ផ្តើមដំណើរការសាងសង់អគារថ្មីនេះផងដែរ។

ក្នុងឱកាសនោះ អភិសន្តិបណ្ឌិត ស សុខា បានប្រគល់រថយន្ត TOYOTA HiACE ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការបំពេញបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ ដែលមកកាន់ខេត្តព្រះសីហនុ ប្រកបដោយភាពកក់ក្តៅ និងមានសុវត្ថិភាព៕