មន្ទីរធនធានទឹក និងរដ្ឋបាលស្រុកពញាឮ ចុះហាមឃាត់ទីតាំងចាក់ដីចូលទន្លេមួយកន្លែង
12-03-2026 16:12
(កណ្ដាល)៖ លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានចុះទៅហាមឃាត់ទីតាំងដីមួយកន្លែងដែលធ្វើសកម្មភាពចាក់ដីចូលច្រាំងទន្លេសាប ធ្វើរបងរឹងមាំ ដែលស្ថិតនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
ការចុះទៅពិនិត្យទីតាំងដោយផ្ទាល់នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីសារព័ត៌មាន បានចុះផ្សាយពីករណីចាក់ដីចូលច្រាំងទន្លេ និងសាងសង់របងថ្មរឹងមាំនាពេលកន្លងមកថ្មីៗនេះ។
លោក ថន សុវណ្ណា បានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ក្រោយក្រុមការងារចុះពិនិត្យមើលទីតាំងជាក់ស្ដែង ពិតជាឃើញថា ម្ចាស់ដីដែលមានឈ្មោះ ម៉ារ៉ា រ៉ូហ្សា និង ម៉ារ៉ា ដាល្យា ចាក់ដីចូលច្រាំងទន្លេ និងសង់របងថ្ម ពិតមែន។ ដោយមើលបែបនេះ ក្នុងនាមអភិបាលស្រុក បានរួមមតិជាមួយលោក ប្រាក់ ឡាក់ សម្រេចឲ្យផ្អាកការចាក់ដី និងសង់របងសិន ដោយតម្រូវឲ្យម្ចាស់ដីរត់ការសុំច្បាប់ឲ្យបានត្រឹមត្រូវជាមុនសិន។
ទោះយ៉ាងណា លោកអភិបាលស្រុក ស្នើរសុំម្ចាស់ដីទាំងអស់ដែលមានទីតាំងជាប់មាត់ទន្លេ មានបំណងសាងសង់ច្រាំងក្ដី ចាក់ដី ឬសំណង់ក្ដី សូមមេត្តាកុំរំលងអាជ្ញាធរដែនដី ព្រោះនាំតែបង្កបញ្ហាទៅវិញទេ ហើយស្នើសុំឲ្យគោរពតាមច្បាប់ទាំងអស់គ្នា។
អ្នកដែលចាក់ដីចូលច្រាំងទន្លេ សង់របងរឹងមាំ និងធ្វើច្រាំងទន្លេឲ្យស្អាត គឺទុកជាកន្លែងលំហែកាយ ប៉ុន្តែគ្រាន់តែមិនទាន់សុំច្បាប់ត្រឹមត្រូវ។ នេះបើតាមការខ្សឹបឲ្យដឹងពីសំណាក់មន្ត្រីសាលាស្រុកម្នាក់សុំមិនបញ្ចេញឈ្មោះ៕























