រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជនបរិច្ចាគធនធាន ដើម្បីចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ក្នុងឱកាសចូលឆ្នាំខ្មែរ
12-03-2026 16:16
(ភ្នំពេញ)៖ នៅចុងខែមីនា និងដើមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដើម្បីឲ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួម លើកទឹកចិត្តដល់វីរយុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រ រយៈពេលវែងនៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងការអភិវឌ្ឍន៍ តាមបន្ទាត់ព្រំដែន។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌របស់អស់លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែកក្នុងស្មារតីភាតរភាពរបស់ ប្រជាជាតិយើង។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ រៀងរាល់ ម៉ោងធ្វើការ ទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១៧ ៨៦៧ ៨៧២ ឬបង្វែរតាមគណនីធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD)។ កន្លែងទទួលរដ្ឋបាលខណ្ឌទាំង១៤៕


















