មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តកំពត បើកការដ្ឋានសាងសង់ស្ពានបេតុងដំរីផុងនៅស្រុកទឹកឈូ
12-03-2026 16:54
(កំពត)៖ លោក នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន បេតុងដំរីផុង ដែលស្ថិតនៅភូមិសាស្រ្តព្រំប្រទល់រវាងឃុំស្ទឹងកែវ និងឃុំថ្មីនៃស្រុកទឹកឈូ ខេត្តកំពត។ ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខាងលើ បានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដំរីផុង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
លោក អុឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ស្ពានដំរីផុង គឺជាតម្រូវការដ៏ចាំបាច់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីដឹកកសិផលទៅកាន់ទីផ្សារ ធ្វើដំណើរទៅសាលារៀន ទៅមណ្ឌលសុខភាព និងឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយទៀតទាំងក្នុងខេត្ត និងក្រៅខេត្ត។ នៅរដូវវស្សា អ្នកធ្វើដំណើរមានការលំបាកខ្លាំង ហើយជាញឹកញាប់ស្ពានត្រូវបានបំផ្លាញ ដោយទឹកហូរ និងត្រូវចំណាយថវិកាជួសជុល ទើបអាចធ្វើដំណើរបាន តែស្ពានមួយនេះ ក៏មិនមានភាពរឹងមាំដែរ។
អភិបាលស្រុក បានបញ្ជាក់ថា ចំពោះស្ពាននេះអ្នកទទួលផលផ្ទាល់ មានចំនួន ១២ភូមិ លើ៣ឃុំ ស្មើ ២,៨៨០គ្រួសារ មានប្រជាពលរដ្ឋ ១២,២៥១នាក់ ដែលភាគច្រើនប្រកបរបរទទួលទានដាំដំណាំ និងធ្វើចំការ។
នាឱកាសនោះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមទីជនបទ និងទីដាច់ស្រយាលនានា ដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗ របស់ពលរដ្ឋ។
ជាក់ស្តែងដោយមើលឃើញពីតម្រូវការចាំបាច់ ក៏ដូចជាការលំបាក របស់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារឆ្លងកាត់ស្ពានដំរីផុង សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជូនស្ពានដំរីផុងនេះជាស្ពានបេតុង សម្រាប់បងប្អូន ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក នួន ដាញ៉ិល បានលើកឡើងថា ស្ពានបេតុងដំរីផុង ដែលជាអំណោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ រួមជាមួយនឹងផ្លូវបេតុងអមសងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ។
លោករដ្ឋលេខាធិការ បានបន្តថា ស្ពានបេតុងនេះ គឺទទួលការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ហើយបើតាមការគ្រោងទុកស្ពាននេះនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៤ខែ។ សមិទ្ធផលថ្មីនេះ ក្រោយការសាងសង់រួច នឹងឆ្លើយតបនូវផលប្រយោជន៍ជាពហុបំណង និងប្រកបដោយសក្តានុពល ដែលប្រជាពលរដ្ឋបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕





















