ទិវាហ្រ្វង់កូហ្វូនីនៅកម្ពុជា៖ ខែមីនា គឺជាខែនៃការអបអរភាសាបារាំង!
12-03-2026 17:11
(ភ្នំពេញ)៖ ឆ្នាំនេះវិទ្យាស្ថានបារាំងកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដើម្បីលើកកម្ពស់ភាសាបារាំង និងវប្បធម៌នៃប្រទេសប្រើប្រាស់ភាសាបារាំង នាសប្តាហ៍ភាសាបារាំង និងហ្រ្វង់កូហ្វូនី និងដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានប្រកាសថា រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានបារាំងនឹងរៀបចំឱ្យមានជំនួបជាមួយអ្នកនិពន្ធសៀវភៅរឿង និងជំនួបផ្សេងទៀតដើម្បីអបអរភាសាបារាំងតាមរយៈចម្រៀង ឬសិល្បៈនៃការថ្លែងជាសាធារណៈ ការចាក់បញ្ចាំងភាពយន្តនិយាយភាសាបារាំងដែលមានការគាំទ្រពីអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) រឿងនិទានភាសាបារាំងសម្រាប់កុមារ និងការសម្ដែងល្ខោននិយាយ «Maliroots» ដែលនិពន្ធ និងសម្តែងដោយសិល្បករពហុជំនាញ Ladji Diallo ។
ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី និងសប្តាហ៍ភាសាបារាំង ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងអំឡុងថ្ងៃទី២០ ខែមីនា ក្រោមការផ្ដួចផ្ដើមរបស់ក្រសួងវប្បធម៌បារាំង។ កម្មវិធីនេះបានក្លាយទៅជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មិនអាចខ្វះបានសម្រាប់គ្រប់វិទ្យាស្ថាន និងស្ថានទូតបារាំងជុំវិញពិភពលោក។ ជាពេលវេលាវប្បធម៌ អប់រំ និងការកម្សាន្តសម្រាប់សាធារណជន ភាសាបារាំងបានក្លាយទៅជាចលករនៃភាពរីករាយ ការបំផុសគំនិត កិច្ចសន្ទនាលើព្រឹត្តិការណ៍នានា និងសកម្មភាពគរុកោសល្យ ។
ក្នុងឆ្នាំនេះ ហ្រ្វង់កូហ្វូនីត្រូវបានប្រារព្ធឡើងដោយមានទស្សនីយ៍ភាពដ៏រស់រវើក ជាមួយនឹងការសម្ដែងរឿងល្ខោន «Maliroots» របស់លោក Ladji Diallo នៅភ្នំពេញ សៀមរាប និងបាត់ដំបង អមដោយសិក្ខាសាលាសម្រាប់សិស្សានុសិស្ស និងនិស្សិតសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង។ លោកស្រី Julie Dupré អ្នកនិទានរឿង មកពីប្រទេស Nouvelle Calédonie ក៏នឹងសម្តែងនៅតាមគ្រឹះស្ថានឧត្តមសិក្សាផងដែរ ដែលគាំទ្រដោយមជ្ឈមណ្ឌលកិច្ចប្រជុំ និងផ្លាស់ប្តូរអន្តរជាតិប៉ាស៊ីហ្វិក (CREIPAC) និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ។
បច្ចុប្បន្នមាននិស្សិតជាង ២២ ០០០ នាក់កំពុងសិក្សាភាសាបារាំង នៅប្រទេសកម្ពុជា។ ស្ថានទូតបារាំង ផ្តល់ការគាំទ្រដល់ការបង្រៀនភាសាបារាំង នៅក្នុងប្រព័ន្ធអប់រំកម្ពុជា តាមរយៈការបណ្តុះបណ្តាលគ្រូ និងការរៀបចំសកម្មភាពផ្សេងៗសម្រាប់សិស្ស ដើម្បីបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃភាសាបារាំងនៅក្នុងវិថីសិក្សា និងអាជីពការងាររបស់ពួកគេ ។
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាលើកទី២ ក្នុងតំបន់អាស៊ី បន្ទាប់ពីរយៈពេលជិត៣០ ឆ្នាំក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយឆ្នាំ១៩៩៧។ កិច្ចប្រជុំកំពូលខាងលើនឹងជាឱកាសបង្ហាញពីភាពរស់រវើកនៃហ្វ្រង់កូហ្វូនីនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាឧទ្ទិសថ្វាយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលទ្រង់ជាបិតាស្ថាបនិកមួយអង្គនៃហ្វ្រង់កូហ្វូនីពហុភាគី។
លោក ព្យែរ វ៉ាំងសង់ ទីប្រឹក្សាសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ និងជានាយកវិទ្យាស្ថានបារាំងនៅកម្ពុជាបានមានប្រសាសន៍ថា «ហ្វ្រង់កូហ្វូនីនៅកម្ពុជា មានភាពសកម្មខ្លាំង ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ច្បាប់ សេដ្ឋកិច្ច វេជ្ជសាស្ត្រ វិស្វកម្ម កិច្ចសហប្រតិបត្តិការយោធា ឬឧស្សាហកម្មវប្បធម៌ និងកែច្នៃ។ ការចេះភាសាបារាំងគឺជាការធានានូវសមាជិកភាពក្នុងសហគមន៍ដែលមានអ្នកនិយាយភាសាបារាំងចំនួន ៣៤៣ លាននាក់ជុំវិញពិភពលោក។ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹងជាឱកាសមួយដើម្បីបង្កើតភាពសហការថ្មីរវាងប្រទេសកម្ពុជា និងពិភពនៃអ្នកប្រើប្រាស់ភាសាបារាំង»។
ព្រឹត្តិការណ៍នានានៅវិទ្យាស្ថានបារាំងនៅកម្ពុជា
* ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា វេលាម៉ោង ១៨:០០
វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតវោហាសព្ទភាសាបារាំង នៅរោងភាពយន្តនៃវិទ្យាស្ថានបារាំង។
សូមអញ្ជើញចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ ដែលជានិស្សិតខ្មែរ មកពីបណ្ដាសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាព» !
* ថ្ងៃសុក្រទី១៣ ខែមីនា វេលាម៉ោង ១៨:៣០
ភាពយន្តរឿង A bras-le Corps ដោយ Marie-Elsa Sgualdo (២០២៥) នៅរោងភាពយន្តនៃវិទ្យាស្ថានបារាំង ។
* ថ្ងៃសៅរ៍ ទី១៤ ខែមីនា
ម៉ោង ៩:៣០ ព្រឹក | សិក្ខាសាលា “ល្បែងចងចាំភាសាបារាំង” សម្រាប់កុមារដែលមានអាយុចាប់ពី៤ ឆ្នាំឡើងទៅ នៅបណ្ណាល័យពហុឯកសារ ។
ម៉ោង ១០:៣០ ព្រឹក | ភាពយន្ត ម៉ារី និង អានីង ដោយ ម៉ាសែល បារ៉េលី (២០២៥) នៅរោងភាពយន្តវិទ្យាស្ថានបារាំង និង «រឿងនិទានធ្វើដំណើរក្នុងភាសាបារាំង» សម្រាប់អាយុ ៤ ឆ្នាំឡើងទៅ នៅបណ្ណាល័យពហុឯកសារ ។
- ម៉ោង ២:០០ រសៀល | ភាពយន្តអានីម៉ាលីយ៉ា ដោយ សូហ្វីយ៉ា អាឡាអ៊ូយ (២០២៣) នៅរោងភាពយន្តនៃវិទ្យាស្ថានបារាំង ។
- ម៉ោង ៤:០០ រសៀល | ភាពយន្តកូនស្រីរបស់អូលហ្វា ដោយ កាអូធើរ ប៊ែន ហានីយ៉ា (២០២២) នៅរោងភាពយន្តនៃវិទ្យាស្ថានបារាំង ។
ការបញ្ចាំងភាពយន្តដែលគាំទ្រដោយអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី
* ថ្ងៃអង្គារ ទី១៧ ខែមីនា វេលាម៉ោង ១៨:៣០
ជំនួបអក្សរសិល្បិ៍ជាមួយ Constance Gontier ជុំវិញប្រលោមលោក Les Adieux របស់អ្នកស្រីផ្ទាល់ ដែលលើកឡើងអំពីរឿងរ៉ាវគ្រួសារ និងបទចម្រៀងធម្មជាតិ នៅ Bistrot នៃវិទ្យាស្ថានបារាំង ។
* ថ្ងៃពុធ ទី១៨ ខែមីនា
- ម៉ោង ៣ រសៀល៖ ភាពយន្តគំនូរជីវចលរឿង «Sirocco et le royaume des courants d'air» ដោយ Benoît Chieux (ឆ្នាំ២០២៣) ក្នុងរោងភាពយន្តវិទ្យាស្ថានបារាំង ។
- ម៉ោង ៦ ល្ងាច៖ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតចម្រៀងភាសាបារាំងនៅលើឆាកក្រៅអគារវិទ្យាស្ថានបារាំង។ សូមមកគាំទ្របេក្ខជនក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតចម្រៀងភាសាបារាំងនេះ !
• ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា វេលាម៉ោង១៨:៣០
រឿង បុរសលក់ស្បែករបស់ខ្លួន ដោយ Kaouther Ben Hania (ឆ្នាំ ២០២០) ក្នុងរោងភាពយន្តវិទ្យាស្ថានបារាំង ដោយមានការគាំទ្រពីអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។
• ថ្ងៃសុក្រ ទី២០ ខែមីនា វេលាម៉ោង១៩៖០០
រឿង Maliroots ដោយអ្នកនិទានរឿង Ladji Diallo នៅរោងភាពយន្តវិទ្យាស្ថានបារាំង ចូលរួមដោយឥតគិតថ្លៃ (ចំនួនមានកំណត់) ។ ជំនួបដ៏រំភើបរវាងយុវជនមកពីជាយក្រុង និងទឹកដីអាហ្វ្រិក ដែលការរស់នៅប្រកបដោយសិល្បៈ ពាក្យពេចន៍ពោរពេញដោយថាមពល កំណាព្យទន្លេនីហ្សេ តន្រ្តីអាហ្វ្រិក និងរបាំ។ អាហ្វ្រិកបានដាស់ស្មារតីយុវជនមកពីប្រទេសបារាំងម្នាក់នេះ អំពីអ្នកនិទានរឿងដែលលាក់ខ្លួននៅក្នុងខ្លួនគាត់ ។ https://www.ladjidiallo.com/maliroots/
• ថ្ងៃសៅរ៍ ទី២១ ខែមីនា
ម៉ោង ៩:៣០ ព្រឹក | ការអានល្ខោនជាមួយ Charlotte Alési ចូលរួមបានចាប់ពីអាយុ ៨ ដល់ ១៨ ឆ្នាំ នៅបណ្ណាល័យពហុឯកសារ ។
ស្វែងយល់ពីភាពសម្បូរបែបនៃភាសាបារាំងតាមរយៈការនិទានរឿងពីរវគ្គ ៖ ឈុតឆាកបុរាណរបស់ Molière និងឈុតឆាកទំនើបរបស់ Joël Pommerat ។
ម៉ោង ១០:៣០ ព្រឹក | រឿង La princesse et le rossignol ជម្រើសខ្សែភាពយន្តខ្លីចំនួន ៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ នៅរោងភាពយន្តវិទ្យាស្ថានបារាំង ។
ការប្រគំតន្ត្រី «Chantons la Francophonie» ជាមួយ Ana Laura និង Perrine មកពី ក្រុមហ៊ុន TOUK រួមជាមួយ Marc និង Nicolas ដែលមកពីក្រុម Phnom Penhers សម្រាប់កុមារចាប់ពីអាយុ ៥ ឆ្នាំឡើងទៅ នៅបណ្ណាល័យពហុឯកសារ ។
- ម៉ោង ២:៣០ រសៀល | ការសរសេរតាមអាន Phnom Penh Accueil នៅរោងភាពយន្តវិទ្យាស្ថានបារាំង ។
=> ចុះឈ្មោះដោយសេរីរហូតដល់ថ្ងៃទី ២០ ខែមីនា តាមរយៈតំណភ្ជាប់នេះ៖ https://docs.google.com/forms/d/e/1FAIpQLSdeHRt5XF8JbVjgP-tmvL9qCXFMLich2iDEAuEj-uioKBEmTQ/viewform?pli=1
=> សម្រាប់ព័ត៌មានបន្ថែមស្តីពីព្រឹត្តិការណ៍នានា សូមចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថានបារាំង ៖
https://www.ifcambodge.com/fr/culture/en-ce-moment/francophonie/







