ក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយ៍ប្រេង ក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឱ្យម្ចាស់ស្ថានីយ៍ប្រេង គោរពទៅតាមតម្លៃដែលបានកំណត់
12-03-2026 17:15
(ភ្នំពេញ)៖ ស្ថានីយ៍ប្រេងនៅរាជធានីភ្នំពេញ មានចំនួនជាង៤០០កន្លែង ហើយក្នុងខណៈតំលៃប្រេងបានឡើងថ្លៃ ដោយសារមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមជាមួយអាមេរិក មានស្ថានីយ៍ប្រេងប្រមាណជិត៥០កន្លែង ត្រូវបានផ្កាកអាជីវកម្ម តែមិនមានបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។
នេះបើតាមការបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ ខែមីនា ២០២៦នេះ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ និងលោក ឆាយ វិរៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពល រាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅរាជធានីភ្នំពេញ មានស្ថានីយ៍ប្រេងឥន្ទនៈចំនួនជាង៤៤៧កន្លែង ហើយនៅក្នុងខណៈមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក តំលៃប្រេងបានកើនតម្លៃ ដែលបានធ្វើឱ្យស្ថានីយ៍ប្រេងចំនួនជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម ដោយសារមានបញ្ហាពីផ្គត់ផ្គង់ក្រុមហ៊ុន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។ ស្ថានីយ៍ប្រេងឥន្ទនៈធំៗ ដែលបើកអាជីវកម្មធម្មតា មិនមានតម្លើងតម្លៃស្រេចតែចិត្តនោះទេ គឺបានគោរព តម្លៃទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មទាំងអស់។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសនោះ បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយ៍ប្រេង ក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឱ្យម្ចាស់ស្ថានីយ៍ប្រេង គោរពទៅតាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់។
លោក ហួត ហៃ អភិបាលរងរាជធានី បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ដោយការពីមុន ១០ថ្ងៃ បញ្ជាក់តម្លៃម្តង តែសម្រាប់ពេលនេះត្រឹមតែ៣ថ្ងៃ ត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។
បន្ថែមពីនេះ ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការជាប្រចាំ មិនថាពេលថ្ងៃឬយប់ឡើយ សំដៅធ្វើយ៉ាងណាបោសសម្អាតឱ្យអស់ ទៅតាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ខាងមុខនេះ៕






























