រដ្ឋលេខាធិការ នួន ដាញ៉ិល៖ រាជរដ្ឋាភិបាលកំពុងបង្កើនការយកចិត្តទុកដាក់ និងពន្លឿនសកម្មភាពការងារអភិវឌ្ឍន៍នៅជនបទ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ

12-03-2026 17:52

(កំពត)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាធិបតីក្នុងពិធីបើកការដ្ឋានការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង (ស្ពានដំរីផុង) ប្រវែង៦០ ម៉ែត្រ ទទឹង៨ ម៉ែត្រ និងការស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប២០០ម៉ែត្រ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងនោះពិធីនោះ អាជ្ញាធរ និងប្រជាពលរដ្ឋបានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយនេះ នៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីលើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅមូលដ្ឋាននោះ តែងតែជួបការលំបាកក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហាជំងឺដង្កាត់កើតឡើងជាដើម។

នាឱកាសនោះលោកបណ្ឌិត ម៉ៅ ធនិន បានលើកឡើងថា ជុំវិញការស្ថាបនាស្ពានខាងលើនេះ គឺជាការបំពេញនូវតម្រូវរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនេះគឺជាសមិទ្ធផលមរតកអមតៈ ដែលរាជរដ្ឋាបាលក្រោមការដឹកនាំប្រកបដោយ ភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់ស្ពានបេតុងដ៏ថ្លៃថ្លានេះដល់ទឹកដីខេត្តកំពត និង សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី ក្នុងស្រុកទឹកឈូ។ស្ពាននេះមានអត្ថប្រយោជន៍ណាស់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់ការដឹកជញ្ជូនកសិផល ទៅកាន់ទីប្រជុំជន ទៅកាន់ផ្សារជាដើម។

លោកបណ្ឌិត នួន ដាញ៉ិល លើកឡើងផងដែរថា ជុំវិញការបើកការដ្ឋានស្ថាបនាស្ពានបេតុងដំរីផុងនៅពេលនេះ គឺស្ថិតក្នុងបរិយាកាសដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការយកចិត្តទុកដាក់ និងសកម្មភាពប្រកបដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់ ក្នុងកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការបង្កើនល្បឿននៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោករដ្ឋលេខាធិការ ថ្លែងឱ្យដឹងថា ចំពោះគម្រោងស្ថាបនាស្ពានខាងលើនេះ គឺអនុវត្តដោយបញ្ហាការដ្ឋានវិស្វកម្ម កងទ័ព ជើងគោក គ្រោងស្ថាបនាក្នុងរយៈពេល ៤ខែ ចាប់ពីខែមេសា ដល់ សីហា ឆ្នាំ២០២៦ ។

នាឱកាសនោះដែរលោក ក៏បានស្នើដល់អ្នកទទួលការងារស្ថាបនា ត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់ទៅតាមផែនការរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយសប្បាយរីករាយ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ និងបានស្នើដល់មន្រ្តីមូលមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តសហការគ្នាឱ្យបានល្អ ក្នុងការជំរុញលើការគ្រប់គ្រង ការអភិវឌ្ឍ និងថែទាំឱ្យបានគង់វង្ស បន្ទាប់ពីស្ពាននេះស្ថាបនារួចរាល់៕