បណ្ឌិត ជា មុនីឫទ្ធិ៖ ចង្ក្រានបង្កើនថាមពល ជាចំណុចចាប់ផ្តើមសេដ្ឋកិច្ចពណ៌ប្រាក់សម្រាប់សហគមន៍

12-03-2026 18:55

(កំពង់ឆ្នាំង)៖ ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការពារបរិស្ថាន គំនិតផ្តួចផ្តើមក្នុងការផលិតចង្ក្រានសន្សំសំចៃការប្រើប្រាស់អុស បានក្លាយជាកម្មវត្ថុរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន តាំងពីឆ្នាំ២០១៩មក។ ដោយមានការគាំទ្រពីមូលនិធិចិន Peaceland និងក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Service ដល់ការផលិតចង្ក្រានបង្កើនថាមពលដោយទទួលស្គាល់គុណភាពពីមន្ទីរពិសោធន៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

តាមរយៈគម្រោងនេះ សហគមន៍ផលិតចង្ក្រានដែលមានទីតាំងនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានបង្កើនបរិមាណរបស់ខ្លួន ដើម្បីសមាគមបានពន្លាតវិសាលភាពនៃការចែកជូនដោយឥតគិតថ្លៃជូនដល់ប្រជាជនប្រមាណជិត៧ម៉ឺនខ្នងផ្ទះនៅតាមបណ្តាខេត្តនានាចាប់ពីឆ្នាំ២០២២មក។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានលើកឡើងថា ការផលិត និងការចែកចាយចង្ក្រានប្រកបដោយប្រសិទ្ធភាពខ្ពស់នេះមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់អុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតមូលដ្ឋានសម្រាប់ «សេដ្ឋកិច្ចពណ៌ប្រាក់» ក្នុងសហគមន៍ផងដែរ។

តាមរយៈបទវិភាគរបស់បណ្ឌិត អោ ច័ន្ទម៉ូលី ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាបានជម្រាបថា៖ «ចង្ក្រានប្រភេទនេះអាចសន្សំសំចៃអុសបាន៣៥% បង្កើនប្រសិទ្ធភាពក្នុងការចម្អិនអាហារ និងកាត់បន្ថយផ្សែងដែលប៉ះពាល់ដល់សុខភាពស្ត្រី និងកុមារនៅតាមសហគមន៍ជនបទ។ ចំណុចនេះមិនត្រឹមតែមានអត្ថប្រយោជន៍ផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់គ្រួសារផងដែរ»។

លើសពីនេះ បណ្ឌិត ជា មុនីឫទ្ធិ ក៏បានថ្លែងនូវការកោតសរសើរចំពោះលោក Liu Wenzhi តំណាងភាគីចិនដែលតែងបានគាំទ្រទាំងស្រុងដល់ការទាំងមូលនៃការផលិតចង្ក្រានបង្កើនថាមពលនេះ ហើយចំណុចនេះដែលធ្វើឲ្យគម្រោងរបស់សមាគមត្រូវបានចាត់ទុកថា ជាគន្លឹះមួយក្នុងការបង្កើនសេដ្ឋកិច្ចពណ៌ប្រាក់ ដែលផ្អែកលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការបង្កើតតម្លៃសេដ្ឋកិច្ចពីបច្ចេកវិទ្យាសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានអះអាងថា ចង្ក្រានបង្កើនថាមពល មិនមែនជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធម្មតាប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាចំណុចចាប់ផ្តើមនៃការបង្កើតថ្មី និងបង្កើនសេដ្ឋកិច្ចសហគមន៍ ដែលផ្តោតលើការបង្កើនថាមពល ការការពារបរិស្ថាន និងការបង្កើតចំណូលសម្រាប់ប្រជាជន។ គម្រោងដែលមានអាយុកាលកន្លះទសវត្សរ៍នេះបានក្លាយជាគំរូមួយនៃការភ្ជាប់បច្ចេកវិទ្យាសាមញ្ញជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការកាត់បន្ថយការបំភាយកាបូនដែលជាទិសដៅរបស់កម្ពុជាត្រៀមនឹងសម្រេចបាននូវអព្យាក្រឹតកាបូននាឆ្នាំ២០៥០ ហើយក៏ជាកម្មវត្ថុដែលសមាគមបានរួមចំណែកជួយឲ្យសហគមន៍កម្ពុជា កើនឡើងទាំងសេដ្ឋកិច្ច និងគុណភាពជីវិតក្នុងរយៈពេលវែង៕