លោកបណ្ឌិត ខែក វីរៈ៖ មានព្រឹត្តិការណ៍នយោបាយអន្តរជាតិធំៗជាច្រើន កើតឡើងក្នុងខែកុម្ភៈ ជារឿងចៃដន្យ ឬជាការរៀបចំ?

12-03-2026 19:31

(ភ្នំពេញ)៖ លោកបណ្ឌិត ខែក វីរៈ អ្នកតាមដាននយោបាយអន្តរជាតិ បានបង្ហាញការកត់សម្គាល់មកកាន់បណ្ដាញព័ត៌មាន Fresh News ថា ព្រឹត្តិការណ៍នយោបាយ និងយោធាធំៗជាច្រើនក្នុងប្រវត្តិសាស្រ្តពិភពលោក បានកើតឡើងក្នុងខែកុម្ភៈ។ ឧទាហរណ៍សំខាន់ៗរួមមាន បដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ បដិវត្តន៍អឺរ៉ង់ឆ្នាំ១៩៧៩ រដ្ឋប្រហារភូមាឆ្នាំ២០២១ និងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ២០២២។ ចំណែកនៅឆ្នាំ២០២៦វិញ ក៏មានព្រឹត្តិការណ៍ធំមួយទៀតផងដែរ គឺសង្គ្រាមរវាងសហរដ្ឋ អាម៉េរិក និងអីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

ការកើតឡើងជាបន្តបន្ទាប់នៃ ព្រឹត្តិការណ៍ធំៗក្នុងខែដូចគ្នានេះ បានបង្កើតជាសំណួរមួយថា តើបាតុភូតនេះគ្រាន់តែជាការចៃដន្យប្រវត្តិសាស្ត្រ ឬជាលទ្ធផលនៃការគណនាយុទ្ធសាស្ត្ររបស់រដ្ឋមហាអំណាចធំៗ?

បើពិនិត្យមើលតាមទស្សនៈភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ខែក វីរៈ បានបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងនេះមិនមែនកើតឡើងដោយសារតែខែកុម្ភៈ មានលក្ខណៈពិសេសអាថ៌កំបាំងណាមួយនោះទេ ប៉ុន្តែអាចត្រូវបានយល់ថា ជាលទ្ធផលនៃការប្រសព្វគ្នារវាងកត្តាភូមិសាស្ត្រ អាកាសធាតុ និងការគណនាយុទ្ធសាស្ត្រនយោបាយ។ និយាយម្យ៉ាងទៀត ខែកុម្ភៈ មិនមែនជាខែ «មានលក្ខណៈពិសេស» នោះទេ ប៉ុន្តែជាពេលវេលា ដែលអាចសមស្របសម្រាប់ការសម្រេចចិត្តធំៗរបស់រដ្ឋ នៅក្នុងបរិបទនយោបាយ និងយោធាអន្តរជាតិ។

* មានហេតុផលសំខាន់ពីរដែលអាចយកមកពិចារណាបាន៖
- ទីមួយ នៅក្នុងតំបន់អឺរ៉ុប និងអាស៊ីភាគខាងជើង ខែកុម្ភៈជាចុងរដូវរងារ ដែលផ្ទៃដីនៅតំបន់ជាច្រើននៅតែអំណោយផលសម្រាប់ការធ្វើចល័តរបស់រថក្រោះ និងយានយន្តយោធា។ ក្នុងស្ថានភាពបែបនេះ ប្រតិបត្តិការយោធាធំៗអាចត្រូវបានរៀបចំ និងចាប់ផ្តើមបានងាយជាងនៅរដូវផ្សេងៗ ជាពិសេសមុនពេលដល់រដូវភក់ ឬរដូវភ្លៀង ដែលអាចរារាំងការធ្វើចលនារបស់កងទ័ព។ ហេតុនេះហើយ ប្រតិបត្តិការយោធាធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រតែងតែចាប់ផ្តើមនៅអំឡុងពេលនេះ។

- ទីពីរ កត្តាប្រតិទិននយោបាយ ព្រោះថាខែកុម្ភៈ ក៏ស្ថិតនៅដើមឆ្នាំនយោបាយផងដែរ។ ប្រទេសជាច្រើនចាប់ផ្តើមវដ្តថវិកាជាតិ ផែនការយុទ្ធសាស្ត្រថ្មី និងការកំណត់អាទិភាពនយោបាយនៅដើមឆ្នាំ។ ដូច្នេះមេដឹកនាំនយោបាយអាចយកពេលនេះជាពេលវេលាសមស្រប សម្រាប់ធ្វើសេចក្តីសម្រេចធំៗដែលអាចប៉ះពាល់ដល់ទិសដៅនយោបាយ សន្តិសុខ និងគោលនយោបាយការបរទេសរបស់ប្រទេសខ្លួន។ ក្នុងន័យនេះ ពេលវេលាមិនមែនជារឿងអព្ភូតហេតុទេ ប៉ុន្តែជាផ្នែកមួយនៃការគណនាយុទ្ធសាស្ត្រ។

បើយើងពិនិត្យមើលតាមទស្សនៈ នៃទ្រឹស្តីប្រាកដនិយម (Realism) នៃទំនាក់ទំនងអន្តរជាតិ ព្រឹត្តិការណ៍ទាំងនេះអាចត្រូវបានយល់ថា ជាលទ្ធផលនៃការប្រកួតប្រជែងអំណាចរវាងរដ្ឋ ជាជាងការពាក់ព័ន្ធនឹងខែណាមួយជាក់លាក់។ ទ្រឹស្តីនេះបញ្ជាក់ថា រដ្ឋនីមួយៗតែងធ្វើសេចក្តីសម្រេចយុទ្ធសាស្ត្រដោយផ្អែកលើផលប្រយោជន៍សន្តិសុខ អំណាច និងការរក្សាតុល្យភាពអំណាចជាមួយគូប្រជែង។ ដូច្នេះ ពេល វេលានៃការចាប់ផ្តើមសកម្មភាពយោធា ឬនយោបាយធំៗ មិនមែនជា កត្តាចៃដន្យទេ ប៉ុន្តែជាផ្នែកមួយនៃការគណនាយុទ្ធសាស្ត្ររបស់រដ្ឋ។ នៅពេលដែលមេដឹកនាំយល់ថា «មានឱកាសយុទ្ធសាស្ត្រ» សមស្របពួកគេច្រើនជ្រើសរើសធ្វើសកម្មភាពនៅពេលដែលខ្លួនគិតថា អាចទទួលបានផលប្រយោជន៍ខ្ពស់បំផុត ឬអាចកាត់បន្ថយហានិភ័យបានច្រើនជាងមុន។

ឧទាហរណ៍ជាក់ស្តែងមួយគឺ ការវាយលុកអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ី ក្នុងឆ្នាំ២០២២ ដែលត្រូវបានអ្នកវិភាគជាច្រើនយល់ថា ជាលទ្ធផលនៃការគណនាយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ ក្នុងការទប់ស្កាត់ការ ពង្រីកអំណាចរបស់ NATO និងការកើនឡើងនៃឥទ្ធិពលរបស់បណ្តា ប្រទេសលិចនៅអឺរ៉ុបខាងកើត។

ស្រដៀងគ្នានេះដែរ ជម្លោះនៅមជ្ឈិមបូព៌ាដែលពាក់ព័ន្ធនឹងអឺរ៉ង់ ក៏ត្រូវបានយល់ថា ជាផ្នែកមួយនៃការប្រកួតប្រជែងអំណាចក្នុងតំបន់ដែលពាក់ព័ន្ធនឹងសន្តិសុខថាមពល អាវុធនុយក្លេអ៊ែរ និងតុល្យភាព អំណាចរវាងមហាអំណាច។ ជាមួយគ្នានេះ គេចាំបានថាមានព្រឹត្តិការណ៍សំខាន់ៗក្នុង ប្រវត្តិសាស្ត្រដែលកើតឡើងក្នុងខែកុម្ភៈ អាចលើកយកមកពិចារណា បានដូចខាងក្រោម៖

១. បដិវត្តន៍បារាំង (១៨៤៨)៖ បដិវត្តន៍បារាំង ឆ្នាំ១៨៤៨ បានផ្ទុះឡើងក្នុងខែកុម្ភៈ នៅទីក្រុងប៉ារីស ដោយសារការមិនពេញចិត្តរបស់ប្រជាជនចំពោះរបបរាជានិយមរបស់ព្រះបាទល្មើស-ភីលីព (Louis-Philippe) ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនិងការកំណត់សិទ្ធិនយោបាយ។ ការតវ៉ារបស់ប្រជាជននៅថ្ងៃទី២២-២៤ ខែកុម្ភៈ ១៨៤៨ បានបង្ខំឱ្យព្រះអង្គបោះបង់រាជ្យ ហើយនាំទៅកាន់ការបង្កើតសាធារណរដ្ឋបារាំងទី២ (Second French Republic)។ ព្រឹត្តិការណ៍នេះក៏បានជំរុញឱ្យ ដែលត្រូវបានហៅថា កើតមានចលនាបដិវត្តន៍នៅអឺរ៉ុបជាច្រើន «និទាឃរដូវនៃប្រជាជាតិ» (Springtime of Nations)។

២. បដិវត្តន៍រុស្ស៊ី (១៩១៧)៖ ការបះបោររបស់ប្រជាជន និងកងទ័ពនៅទីក្រុងប៉េត្រូក្រាដ (Petrograd) បាននាំឱ្យស្ដេចសារ (Tsar Nicholas II) បោះបង់អំណាចបញ្ចប់របបសារីយ៉ា និងបើកផ្លូវទៅកាន់បដិវត្តន៍បុលសេវិក។ ព្រឹត្តិការណ៍នេះ គឺជាចំណុចបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររុស្ស៊ី និងប្រវត្តិសាស្រ្តពិភពលោក ព្រោះវាបានបំផ្លាញរបបរាជានិយមចាស់ និងបើកផ្លូវទៅរកការកើតមានរដ្ឋសូវៀតនៅពេលក្រោយ។

៣. កិច្ចប្រជុំយ៉ាល់តា (Yalta, 1945)៖ មេដឹកនាំសម្ព័ន្ធមិត្តនៃរដ្ឋធំៗ ដូចជា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ហ្វ្រងគ្លីន ឌី. រូសដែលត៍ (Franklin D. Roosevelt), នាយករដ្ឋមន្ត្រីអង់គ្លេស វីនស្តុន ធឺឈីល (Winston Churchill) និងមេដឹកនាំសូវៀត យ៉ូសែប ស្តាលីន (Joseph Stalin) បានជួបប្រជុំគ្នានៅ Yalta ដើម្បីសម្រេចអនាគតអឺរ៉ុបក្រោយសង្គ្រាមលោកទី២។ កិច្ចប្រជុំនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ និងបាន រៀបចំរចនាសម្ព័ន្ធអំណាចពិភពលោកក្រោយសង្គ្រាម បង្ហាញពីការចាប់ផ្តើមនៃការប្រកួតប្រជែងរវាងមហាអំណាច។

៤. បដិវត្តន៍អឺរ៉ង់ (១៩៧៩)៖ របបរាជានិយមរបស់ សាហ៍ ម៉ូហាម៉ាត់ រ៉េហ្សា ប៉ាឡាវី (Shah Mohammad Reza Pahlavi) ត្រូវបានផ្តួល ហើយសាធារណរដ្ឋអ៊ីស្លាម ក៏ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់លោក អាយ៉ាតូឡា ខូម៉ៃនី (Ayatollah Khomeini)។ ព្រឹត្តិការណ៍នេះ បានផ្លាស់ប្តូរទិសដៅនយោបាយតំបន់មជ្ឈិមបូព៌ាយ៉ាងខ្លាំង ព្រោះវាមិនត្រឹមតែបញ្ចប់របប ដែលគាំទ្រដោយមហាអំណាចលិច ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតរបបនយោបាយថ្មីដែលមានឥទ្ធិ ពលយ៉ាងខ្លាំងលើតុល្យភាពអំណាចក្នុងតំបន់។

៥. រដ្ឋប្រហារភូមា (២០២១)៖ កងទ័ពភូមាបានផ្តួលរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិ នយោបាយយូរអង្វែង។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីភាពផុយស្រួយនៃការប្រែប្រួលប្រជាធិបតេយ្យ និងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពនយោបាយក្នុងអាស៊ីអាគ្នេយ៍។

៦. សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន (២០២២)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើអ៊ុយក្រែន ដែលក្លាយជាជម្លោះធំបំផុតនៅអឺរ៉ុបក្រោយសង្គ្រាមលោកទី២។ ព្រឹត្តិការណ៍ នេះបានធ្វើឱ្យសណ្តាប់ធ្នាប់សន្តិសុខអឺរ៉ុបរងការរញ្ជួយយ៉ាងខ្លាំង និងបានជំរុញឱ្យការប្រកួតប្រជែងរវាងរុស្ស៊ី និងបណ្តាប្រទេសលិចកាន់តែតានតឹងឡើង។

៧. សង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ (២០២៦)៖ ប្រតិបត្តិការ យោធារួមគ្នាបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយការវាយប្រហារលើគោលដៅជាច្រើនក្នុងអីរ៉ង់ ហើយបានបង្កឱ្យមានការបាញ់ឆ្លើយតបដោយមីស៊ីល និងជ្រួនពីអឺរ៉ង់ទៅលើមូលដ្ឋានអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។ បើពិនិត្យតាមទស្សនៈភូមិសាស្ត្រ នយោបាយ ព្រឹត្តិការណ៍នេះបានបង្ហាញពីការកើនឡើងនៃការ ប្រកួតប្រជែងអំណាចនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធទាំងបញ្ហាសន្តិសុខ ថាមពល និងតុល្យភាពអំណាចក្នុងតំបន់។

សរុបសេចក្តីមក ព្រឹត្តិការណ៍ជាច្រើនដែលកើតឡើងក្នុងខែកុម្ភៈ មិនមែនមានន័យថា ខែនេះមានអំណាចពិសេសក្នុងប្រវត្តិសាស្ត្រទេ។ ផ្ទុយទៅវិញ វាបង្ហាញពីការប្រសព្វគ្នារវាងអាកាសធាតុ ភូមិសាស្ត្រ និងការគណនាយុទ្ធសាស្ត្ររបស់មេដឹកនាំ។ នៅក្នុងភូមិសាស្ត្រនយោបាយ ពេលវេលាគ្រាន់តែជាឧបករណ៍មួយក្នុងការគណនាយុទ្ធសាស្ត្រ ខណៈមូលហេតុសំខាន់នៅតែស្ថិតនៅលើអំណាច ផលប្រយោជន៍ និងសន្តិសុខរបស់រដ្ឋ។ ដូច្នេះ ប្រវត្តិសាស្ត្របង្ហាញថា ពេលវេលានៃព្រឹត្តិការណ៍មិន មែនជាកត្តាសំខាន់បំផុតនោះទេ ប៉ុន្តែការគណនាអំណាច និងផល ប្រយោជន៍ជាតិរបស់រដ្ឋធំៗ គឺជាកត្តាសំខាន់ដែលជំរុញឱ្យព្រឹត្តិការណ៍ នយោបាយ និងយោធាធំៗកើតឡើង៕