អភិបាលខេត្តព្រះវិហារ នាំអំណោយចែកជូនពលរដ្ឋភៀសសឹក ៣៥០គ្រួសារ ក្នុងបរិវេណមណ្ឌលភៀសសឹកវត្តកំពង់សង្កែ

12-03-2026 20:42

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុកឆែប មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣៥០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងបរិវេណមណ្ឌលភៀសសឹកវត្តកំពង់សង្កែ ស្ថិតក្នុងភូមិសង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។

លោកអភិបាលខេត្ត បានថ្លែងលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងផ្គត់ផ្គង់សម្ភារៈចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដើម្បីធានាឱ្យបាននូវការរស់នៅប្រកបដោយសុវត្ថិភាព និងមានភាពប្រសើរឡើងជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏បានថ្លែងបញ្ជាក់ផងដែរថា អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុកឆែប កំពុងរៀបចំគម្រោងបង្កើតកម្មវិធី «សង្ក្រានភៀសសឹក» នៅវត្តកំពង់សង្កែ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្ត សប្បាយរីករាយ និងរក្សាប្រពៃណីវប្បធម៌ជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងការថែរក្សាបូរណភាពទឹកដី

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព អនាម័យ និងបន្តរក្សាសាមគ្គីភាពឱ្យបានរឹងមាំ ព្រមទាំងសហការជាមួយអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អនៅក្នុងទីកន្លែងស្នាក់នៅបណ្តោះអាសន្ន។

សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង ៣៥០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ចំនួន២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕