ចូលរួមកាត់បន្ថយការសាយភាយកាបូន តាមរយៈការធ្វើកំប៉ុស្ត៍ ពីសំណល់សរីរាង្គ អ្វីទៅជាកំប៉ុស្ត៍?

13-03-2026 07:40

(ភ្នំពេញ)៖ កំប៉ុស្ត៍គឺជា ជីសរីរាង្គ ដែលកើតឡើងក្រោមដំណើរការបំបែកធាតុតាមលក្ខណៈជីវសាស្រ្ត ក្រោមអំពើរបស់ពពួកមីក្រូសរីរាង្គ នៃសមាសធាតុសំណល់សរីរាង្គមានដូចជា៖ សំណល់អាហារ ស្លឹកឈើ មែកឈើ ស្មៅ សំណល់បន្លែ ផ្លែឈើ និងសំណល់លាមកសត្វផ្សេងៗ។ល។

ហេតុអ្វីចាំបាច់ធ្វើជីកំប៉ុស្ត៍?

ការធ្វើជីកំប៉ុស្ត មិនត្រឹមតែជាសកម្មភាពជួយលើកកម្ពស់គុណភាពដីសម្រាប់ដំណាំកសិកម្មប៉ុណ្ណោះទេ តែជាយន្តការដ៏ចម្បងក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយប្រសិទ្ធិភាព និងមាននិរន្តរភាព ដោយបានជួយកាត់បន្ថយបរិមាណសំណល់សរីរាង្គដែលមានក្នុងអត្រាប្រមាណជិត ៦០% នៃបរិមាណសំណល់បង្កើតសរុបនៅកម្ពុជា កាត់បន្ថយការសាយភាយឧស្ម័នទីលាន (មេតាន- CH4 ដែលជាប្រភេទឧស្ម័នផ្ទះកញ្ចក់មានគ្រោះថ្នាក់ខ្លាំងជាងឧស្ម័ន CO2 ២៨ដង) កាត់បន្ថយការបំពុលដល់គុណភាពបរិស្ថាន និងពន្យាអាយុកាលប្រើប្រាស់ទីលាន។

សំណល់សរីរាង្គ ទោះបីមិនមានស្តុកនូវសារធាតុគីមីពុលគ្រោះថ្នាក់ និងងាយបំបែកធាតុក្នុងធម្មជាតិ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់គុណភាពបរិស្ថាន ជីវចម្រុះ និងសុខភាពមនុស្សខ្លាំងដែរ តាមរយៈការបញ្ចេញនូវទឹកសម្អុយ ក្លិន និងឧស្ម័នមេតាន។

វិធីសាស្រ្តក្នុងការធ្វើកំប៉ុស្ត៍

ជាទូទៅការធ្វើកំប៉ុស្ត៍ គេនិយមធ្វើតាមវិធីសាស្រ្ត២ គឺ៖ ការធ្វើកំប៉ុស្ត៍ដោយមិនត្រូវការខ្យល់អុកស៊ីសែន Anaerobic Compost និងការធ្វើដោយបញ្ចូលខ្យល់អុកស៊ីសែន Aerobic Compost.។

Anaerobic Compost វិធីនេះគេច្រើនប្រើនៅក្នុងរោងចក្រធំៗ ដោយយកសំណល់សរីរាង្គជាពិសេសការយកសំណល់អាហារទៅកិនឱ្យម៉ដ្ឋ រួចដាក់ស្តុកក្នុងស៊ីនទែនបិទជិត ឱ្យដំណើរការបំបែកធាតុក្រោមសកម្មភាពនៃពពួកមីក្រូសរីរាង្គដែលមិនត្រូវការខ្យ់អុកស៊ីសែន បង្កើតបានជាឧស្ម័នមេតាន និងបូមយកមេតានទៅដុតបំផ្លាញចោល ឬ ប្រើប្រាស់ជាថាមពល នៅពេលដែលដំណើរការដកឧស្ម័នមេតានអស់ សំណល់រឹង ឬពាក់កណ្តាលរឹងបានក្លាយជាកំប៉ុស្ត៍ អាចប្រើប្រាស់ជាជីសម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទ។ វិធីនេះក៏ធ្លាប់អនុវត្តប្រើប្រាស់នៅកម្ពុជា ដោយយកលាមកគោទៅបង្កើតជាឡជីវឧស្ម័ន។

Aerobic Compost វិធីនេះប្រជាពលរដ្ឋខ្មែរ ធ្លាប់បានអនុវត្តយូរលង់ណាស់មកហើយ ដោយប្រមូលមកសំណល់កសិកម្មនិងលាមកសត្វមកដាក់គរទុកនៅរដូវប្រាំង ស្តុកទុកប្រើជាជីនៅរដូវវស្សា ប៉ុន្តែការអនុវត្តនេះមិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ក៏បង្កើតបានជាឧស្ម័នមេតានភាយចូលក្នុងខ្យល់បរិយាកាសច្រើនណាស់ដែរ។

ការធ្វើកំប៉ុស្ត៍ដោយបញ្ចូលខ្យល់អុកស៊ីសែន Aerobic Compost គឺចាំបាច់រៀបប្រព័ន្ធបញ្ចូលខ្យល់អុកស៊ីសែនឱ្យបានគ្រប់គ្រាន់ក្នុងគំនកំប៉ុស្ត៍ ដើម្បីឱ្យមានការបំប្លែងឧស្ម័នមេតាន ទៅជាឧស្ម័នកាបូនិកដើម្បីកាត់បន្ថយផលប៉ះពាល់ដល់គុណភាពខ្យល់បរិយាកាស។
CH4 + 2 O2 = CO2 + 2H2O

រយៈពេលនៃការធ្វើកំប៉ុស្ត៍ ត្រូវការរយៈពេល ៤៥ថ្ងៃ ទៅ១៨០ថ្ងៃ អាស្រ័យលើវត្ថុធាតុដើម ឬប្រភេទសំណល់ និងវិធីសាស្រ្ត។
ជាទូទៅក្នុងសំណល់សរីរាង្គ១តោន អាចផលិតជាជីកំប៉ុស្ត៍ ពី១៥០ គីឡូក្រាម ទៅ៣០០ គីឡូក្រាម។

អត្ថប្រយោជន៍នៃការធ្វើកំប៉ុស្ត ពីសំណល់សរីរាង្គ
ការធ្វើជីកំប៉ុស្តពីសំណល់សរីរាង្គ មិនអាចទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចទេ។

នៅតាមបណ្តាប្រទេសជាច្រើនសកម្មភាពធ្វើជីកំប៉ុស្ត៍ពីសំណល់សរីរាង្គ តម្រូវឱ្យមានការឧបត្ថម្ភធនពីរដ្ឋាភិបាល ប៉ុន្តែបានផ្តល់នូវគុណប្រយោជន៍ខ្ពស់លើវិស័យបរិស្ថានដូចជា៖

*កាត់បន្ថយការបំពុលបរិស្ថានដោយទឹកសម្អុយ
*កាត់បន្ថយការបំពុលបរិស្ថានដោយការសាយភាយឧស្ម័នទីលាន (មេតាន)
*ពន្យាអាយុកាលប្រើប្រាស់ទីលាន
*កាត់បន្ថយការប្រើប្រាស់ជីគីមីកសិកម្ម
*ពន្យាអាយកាលប្រើប្រាស់ទីលាន៕