ស្របពេលសម្ពាធទីផ្សារសកលពីសង្គ្រាមនៅមជ្ឈឹមបូព៌ា រដ្ឋមន្ត្រីកសិកម្ម ស្នើអ្នកផ្គត់ផ្គង់ជីកសិកម្ម សម្រួលតម្លៃជូនកសិករ
13-03-2026 10:20
(ភ្នំពេញ)៖ ស្របពេលទីផ្សារសកលកំពុងរងសម្ពាធពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មមានការកើនឡើង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានស្នើឱ្យក្រុមហ៊ុននាំចូល និងផ្គត់ផ្គង់ជីកសិកម្ម ពិចារណាសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យ ដើម្បីឱ្យកសិករអាចទទួលយកបាន សម្រាប់ការប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក ដើម្បីពិនិត្យវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃជីកសិកម្ម ក្នុងបរិបទសម្ពាធទីផ្សារសកល ដែលបណ្តាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈឹមបូព៌ា។
តាមការពិនិត្យរបស់អង្គប្រជុំ បានបញ្ជាក់ថា កម្ពុជាមិនមានបញ្ហាខ្វះខាតជី និងថ្នាំកសិកម្មសម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្មនោះទេ។ ទោះជាយ៉ាងណា ស្ថានភាពទីផ្សារសកលដែលកំពុងរងសម្ពាធពីជម្លោះនៅតំបន់មជ្ឈឹមបូព៌ា បានធ្វើឱ្យតម្លៃផលិតផលទាំងនេះមានការកើនឡើង។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យអ្នកផ្គត់ផ្គង់ជីកសិកម្ម ចូលរួមសហការសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យ ដើម្បីជួយបន្ធូរបន្ទុកចំណាយរបស់កសិករ និងគាំទ្រដល់ការបន្តផលិតកម្មកសិកម្មនៅរដូវបង្កបង្កើនផលខាងមុខ៕














