លោកបណ្ឌិត គិន ភា៖ អំណាចយោធា និងសេដ្ឋកិច្ច កំពុងដើរតួជំនួសច្បាប់ (Video inside)
13-03-2026 11:10
(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរយ៉ាងស្មុគស្មាញ ខណៈនិន្នាការមួយកំពុងបង្ហាញថា អំណាចយោធា និងអំណាចសេដ្ឋកិច្ច កំពុងក្លាយជាកត្តាដែលមានឥទ្ធិពលលើច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិវត្ដថ្មី» នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
ថ្លែងលើវេទិកា លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា៖
«ព្រឹត្តិការណ៍នៅវ៉េណេស៊ុយអេឡា បានបង្ហាញថា ពិភពលោកកំពុងវិលត្រឡប់ទៅរកនិន្នាការប្រព័ន្ធឯកតោភាគីនិយម ដែលអាចក្លាយជាគ្រោះថ្នាក់ដល់រដ្ឋអធិបតេយ្យរបស់ប្រទេសផ្សេងៗ។ នេះមានន័យថា អំណាចយោធា និងអំណាចសេដ្ឋកិច្ច កំពុងមានឥទ្ធិពលលើច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់»។
លោកបណ្ឌិតបានបន្តថា បច្ចុប្បន្ន សមីការអំណាចពហុប៉ូល (Multipolar Power) នៅលើពិភពលោក កំពុងមានភាពច្របូកច្របល់ និងមិនទាន់មានស្ថិរភាពច្បាស់លាស់ ដោយសារការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច។
ក្នុងឱកាសនោះផងដែរ លោកបានលើកឡើងពីការផ្ដួចផ្ដើមបង្កើត ក្រុមប្រឹក្សាសន្តិភាព មួយដោយលោក ដូណាល់ ត្រាំ ដែលមួយចំនួនបានប្រៀបធៀបវាទៅនឹង សង្គមប្រជាជាតិ (League of Nations) នៅក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការប្រៀបធៀបនេះ មិនអាចស្មើគ្នាទាំងស្រុងនោះទេ។
លោកបានពន្យល់ថា ការបង្កើតក្រុមប្រឹក្សាបែបនេះ អាចក្លាយជាសម្ពាធមួយសម្រាប់ប្រទេសតូចៗ ក្នុងការសម្រេចចិត្តថា តើគួរចូលរួម ឬមិនចូលរួម ព្រោះការសម្រេចចិត្តនីមួយៗ អាចមានផលប៉ះពាល់ដល់ទំនាក់ទំនងការទូត និងផលប្រយោជន៍ជាតិ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីករណីប្រទេសកម្ពុជា ដែលត្រូវពិចារណាយ៉ាងម៉ត់ចត់លើទំនាក់ទំនងអន្តរជាតិ ជាពិសេសទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
សូមជម្រាបថា កិច្ចពិភាក្សាតុមូលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីបម្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី បន្ទាប់ពីមានភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច ដែលកំពុងមានឥទ្ធិពលលើប្រព័ន្ធអន្តរជាតិ និងប្រទេសតូចៗជាច្រើន៕























