បណ្ឌិត គិន ភា លើកឡើងពីទស្សនៈផ្ទាល់ខ្លួន ១២ចំណុច ដើម្បីធ្វើឱ្យកម្ពុជាខ្លាំង (Video inside)
13-03-2026 12:07
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនចំនួន ១២ចំណុច ដើម្បីធ្វើឱ្យកម្ពុជា កាន់តែរឹងមាំ និងមានភាពម្ចាស់ការលើជោគវាសនារបស់ខ្លួន។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា សង្គ្រាមរវាងកម្ពុជា និងថៃ ដែលភាគីថៃបានបើកការឈ្លានពានមកលើកម្ពុជាមុន គឺជាមេរៀនសំខាន់មួយសម្រាប់កម្ពុជា។ មេរៀននេះបង្ហាញថា ថៃនៅតែមានមហិច្ឆតាឈ្លានពានលើកម្ពុជា ហើយប្រសិនបើយើងនៅតែបន្តខ្សោយ ឬនៅតែបន្តក្រីក្រ ដោយយកហេតុផលថាទើបតែផុតពីសង្គ្រាម នោះហានិភ័យនៃការឈ្លានពានអាចបន្តកើតមានឡើងទៀត។
លោកបន្ថែមថា ដើម្បីឱ្យប្រទេសជាតិមានកម្លាំងខ្លាំង និងអាចការពារអធិបតេយ្យភាពរបស់ខ្លួនបាន កម្ពុជាត្រូវតែរៀនក្លាយជាម្ចាស់ការលើជោគវាសនារបស់ខ្លួន។ ប្រសិនបើយើងមិនខ្លាំងដោយខ្លួនឯងទេ នោះក៏គ្មានអ្នកណាមកជួយការពារទឹកដីឱ្យយើងដែរ។
ក្នុងន័យនេះ លោកបណ្ឌិត គិន ភា បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនសំខាន់ៗចំនួន ១២ចំណុច ដើម្បីធ្វើឱ្យកម្ពុជាកាន់តែខ្លាំង និងរឹងមាំ រួមមាន៖
១. ត្រូវទទួលស្គាល់ការពិតថា យើងខ្សោយឬក៏ក្រីក្រ ឬអត់ ហើយមិនគួរអួតអាងថាខ្លាំង ឬមានសម្បត្តិ ខណៈដែលការពិតមិនមែនដូច្នោះឡើយ។
២. ត្រូវទទួលយកការព្យាបាល និងដោះស្រាយបញ្ហាដែលមានស្រាប់។
៣. ត្រូវអនុវត្តការកែទម្រង់ឱ្យបានជាក់ស្តែង និងមានប្រសិទ្ធភាព។
៤. ត្រូវកំចាត់អំពើពុករលួយ និងបក្សពួកនិយម។
៥. ត្រូវធ្វើទំនើបកម្មវិស័យការពារជាតិ។
៦. ត្រូវពង្រឹងមូលធនមនុស្ស។
៧. ត្រូវពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។
៨. ត្រូវធ្វើពិពិធកម្មការទូត និងរៀបចំគោលនយោបាយការបរទេសឱ្យមានភាពឆ្លាតវៃ។
៩. ត្រូវពង្រឹងការទូតព័ត៌មាន និងប្រព័ន្ធព័ត៌មានក្នុងស្រុក។
១០. ត្រូវអភិវឌ្ឍតំបន់ព្រំដែន ឱ្យមានប្រជាជនរស់នៅ និងមានសកម្មភាពសេដ្ឋកិច្ច។
១១. ត្រូវបណ្តុះស្មារតីសាមគ្គី និងឯកភាពជាតិ។
១២. ត្រូវរំលឹក និងរៀនពីមេរៀនប្រវត្តិសាស្ត្រ៕























