រដ្ឋបាលខេត្តស្វាយរៀង ស្នើរដ្ឋបាលក្រុងស្រុក និងមន្រ្តីជំនាញត្រូវសហការគ្នាផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស

13-03-2026 13:17

(ស្វាយរៀង)៖ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង បានស្នើរដ្ឋបាលក្រុងស្រុក និងមន្រ្តីជំនាញត្រូវសហការគ្នាផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។

ការថ្លែងលើកឡើងបែបនេះរបស់លោកស្រី យក់ ស៊ីណាត ក្នុងឱកាសតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតក្រុមការងារដឹកនាំជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យសាលាខេត្ត នាយការិល័យជំនាញផ្នែកអត្តសញ្ញាណកម្ម អភិបាលរងក្រុង ស្រុក នាយក នាយករងរដ្ឋបាលក្រុង ស្រុក អធិការ អធិការរងក្រុង ស្រុក សរុប៤៩នាក់។

លោកស្រី យក់ ស៊ីណាត បានបន្តថា ការបង្កើតក្រុមការងារនេះ មានគោលចំបងពីរ គឺផ្តល់ឯកសារជូនប្រជាពលរដ្ឋទើបត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋទូទៅ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ខ្មែរដែលទើបគ្រប់អាយុ ១៥ឆ្នាំ និងពលរដ្ឋខ្មែរដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងពលរដ្ឋខ្មែរដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខូចខាត បាត់បង់ អស់ ឬជិតអស់សុពលភាព ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតសម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ៕