បណ្ឌិត មាស នី៖ ពិភពលោកពេលនេះកំពុងដើរទៅរកសង្គ្រាមលោក (Video inside)
13-03-2026 13:25
(ភ្នំពេញ)៖ ក្នុងឱកាសរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត មាស នី អ្នកតាមដានបញ្ហាសង្គម បានលើកឡើងថា បើមើលតាមដំណើរវិវត្តនៃពិភពលោកកាន់តែក្តៅទៅៗនេះ និងបើពិនិត្យមើលប្រវត្តិការវិវត្តសង្គ្រាមលោកលើកទី១ និងលើកទី២ ផងនោះ បច្ចុប្បន្នពិភពលោកកំពុងដើរទៅរកសង្គ្រាមលោក។
បណ្ឌិត មាស នី បានបញ្ជាក់ថា «អ្វីដែលកំពុងកើតឡើង គឺជាលំនាំដែលនាំទៅរកសង្គ្រាមលោកលើកទី១ មុនសង្គ្រាមលោកលើកទី១ ដែលនាំមកនូវសង្គ្រាមលោកលើកទី២ គឺវានៅតែផ្តោតលើការប្រកួតប្រជែងផ្នែកយោធា»។
លោកបានបន្តថា អាមេរិកបានចំណាយ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ ដើម្បីវាយអ៉ីរ៉ង់ ខណៈអ៉ីស្រាអែលចំណាយប្រមាណ ៧៥០លានដុល្លារក្នុងមួយថ្ងៃ។ អ្វីដែលគ្រោះថ្នាក់ គឺអាមេរិកចង់លើកទ័ពជើងគោក ចូលទៅវាយអ៉ីរ៉ង់ទៀតផង។
លោកបណ្ឌិត មាស នី បានលើកឡើងពីការធ្វើឃាតរាជទាយាទអូទ្រីស-ហុងគ្រី Archduke Franz Ferdinand នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ នៅ Sarajevo ដែលនាំឲ្យកើតជាបញ្ហានាំដល់សង្គ្រាមលោកលើកទី១ ព្រោះពិភពលោកលោកកាលនោះសម្បូរជនជាតិសូវិច។
ចំពោះសង្គ្រាមលោកលើកទី២ កើតឡើងដោយសារវិបត្តិសេដ្ឋកិច្ចអាល្លឺម៉ង់ ការឈ្លានពានរបស់ជប៉ុន និងមហិច្ឆតាយកទឹកដីរបស់ហ៊ីត្លែរ។ ជប៉ុនបានលុកលុយចិននៅឆ្នាំ១៩៣១ និងបន្តធ្វើសង្គ្រាមពេញលេញនៅឆ្នាំ១៩៣៧ ខណៈអាល្លឺម៉ង់បានឈ្លានពានប៉ូឡូញនៅឆ្នាំ១៩៣៩ បើកផ្លូវឱ្យមានសង្គ្រាមទ្រង់ទ្រាយពិភពលោក។
បើតាមលោក មាស នី ការណ៍ដែលអាមេរិក និងអ៉ីស្រាអែល វាយប្រហារអ៉ីរ៉ង់ដោយមិនបានប្រកាស ហើយធ្វើឃាតមេដឹកនាំកំពូលអ៉ីរ៉ង់ នាពេលថ្មីៗនេះ ប៉ះពាល់ដល់អ្នកកាន់សាសនាឥស្លាមទូទាំងពិភពលោកយ៉ាងខ្លាំង៕























