ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងវិទ្យាស្ថាន API សហការរៀបចំវគ្គបណ្តុះបណ្តាលពីការអប់រំបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
13-03-2026 13:33
(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សហការជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការម្លប់បៃតង នាព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នវ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប ដោយមានការធ្វើបទបង្ហាញដោយវាគ្មិនលោកបណ្ឌិត សំ ចាន់ធី ទីប្រឹក្សាបច្ចេកទេសគម្រោង NAP លោក វ៉ា មឿង ទីប្រឹក្សាបច្ចេកទេស នៃអង្គការម្លប់បៃតង និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ តំណាងស្ថាប័ន សាកលវិទ្យាល័យ វិទ្យាស្ថាន និងអង្គការ ចំនួន១៧ នៅសាលវិមានឯករាជ្យ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការគាំពារបរិស្ថាន តាមរយៈការផ្សារភ្ជាប់ការអប់រំជាមួយការអភិរក្សបរិស្ថាន។ កម្មវិធីនេះជាវេទិកាសិក្សាដ៏មានសារៈសំខាន់ ដែលផ្តោតលើការបញ្ជ្រាបចំណេះដឹងស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ពីគ្រូបង្គោលទៅកាន់និស្សិត និងយុវជននៅក្នុងសហគមន៍។ ការបញ្ជ្រាបចំណេះដឹងនេះត្រូវបានអនុវត្តតាមរយៈវិធីសាស្ត្របច្ចេកវិទ្យា ដើម្បីជំរុញការយល់ដឹង ការចូលរួម និងការអនុវត្តជាក់ស្តែងក្នុងការការពារបរិស្ថាន និងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ។
ក្នុងដំណើរការបណ្តុះបណ្តាល លោកវាគ្មិន បានគូសរំលេចអំពីខ្លឹមសារសំខាន់ៗទាក់ទងនឹង ជីវចម្រុះ ការការពារបរិស្ថាន និងប្រព័ន្ធអាហារប្រកបដោយចីរភាព ព្រមទាំងការយល់ដឹងអំពីបញ្ហា និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ លើសពីនេះ វាគ្មិនក៏បានលើកបង្ហាញពីវិធីសាស្រ្ត សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ ដែលជាគោលការណ៍សំខាន់ក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។
លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ បានជួយឱ្យគ្រូបង្គោលទទួលបានចំណេះដឹង និងជំនាញសំខាន់ៗទាក់ទងនឹងការអប់រំបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ហើយអាចត្រៀមខ្លួនរួចរាល់ក្នុងការអនុវត្តសកម្មភាពនានា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពគ្រូបង្គោល និងបង្កើនការចូលរួមរបស់យុវជនក្នុងការការពារ និងថែរក្សារបរិស្ថាន៕




































