បុរស២នាក់ ត្រូវខ្សែភ្លេីងឆក់ស្លាប់ភ្លាមៗនៅកន្លែង ក្រោយលេីកមេក្រូប៉ះខ្សែភ្លើងស្របតាមផ្លូវ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

13-03-2026 14:49

(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារឆក់ខ្សែភ្លើង ពេលកំពុងរៀបចំលើកមេក្រូចាក់កំដររោងការ ចៃដន្យប៉ះ និងខ្សែភ្លើងស្របតាមផ្លូវ ដែលករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថាបុរស២នាក់ដែលស្លាប់ដោយឆក់ខ្សែភ្លើងមានឈ្មោះ ទី១៖ ធន សុខឡេង ភេទប្រុស អាយុ២៦ឆ្នាំ និងទី២៖ ឈ្មោះ វីន វុធ ភេទប្រុស អាយុ២៧ឆ្នាំ ជនរងគ្រោះទាំង២រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

លោកអធិការស្រុកត្រពាំងប្រាសាទ បានថ្លែងដោយដកស្រង់សំដីសាក្សីជាច្រើននិយាយារៀបរាប់ដូចៗគ្នាថា មុនពេលកើតហេតុម៉ោងប្រហែល៨.៣០នាទីព្រឹក គេឃើញបុរសរងគ្រោះទាំង២នាក់ បើកគោយន្តដឹកធុងបាសមកកន្លែងរោងការ។ភ្លាមនោះជនរងគ្រោះទាំង២នាក់ បានរៀបចំតម្លើងមេក្រូដើម្បីចាក់កំដររោង ដោយចងមេក្រូនឹងបង្គោលដែក ហើយលើកឡើងលើ ចៃដន្យប៉ះខ្សែភ្លើងស្របតាមផ្លូវបណ្តាលឱ្យឆក់មានស្នូរផ្ទុះ ធ្វើឱ្យជនរងគ្រោះដួលអោបគ្នាលើដីស្លាប់ភ្លាមៗ។

ក្រោយហេតុការណ៍កើតឡើងកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញនគរបាលស្រុក កងរាជអាវុធហត្ថស្រុក ចុះទៅពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ ហើយសួរនាំសាក្សីជាច្រើនដែលបានឃើញហេតុការណ៍ជាក់ស្តែង សាក្សីបាននិយាយដូចៗគ្នាថា ជនរងគ្រោះទាំង២ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន នឹងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕