បណ្ឌិត សុខ ទូច៖ ថៃបំផ្លាញប្រាសាទខ្មែរ ព្រោះមិនមែនជារបស់ដូនតាខ្លួន (Video inside)

13-03-2026 14:59

(ភ្នំពេញ)៖ លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដូនតារបស់ថៃកើតឡើង មិនទាន់កំណើតនៃការសាងសង់ប្រាសាទខ្មែរ ដែលត្រូវបានពួកគេបំផ្លាញនោះទេ។ លោកបានបន្តថា ថៃបានបំផ្លាញប្រាសាទជាច្រើននោះ ក៏ព្រោះតែប្រាសាទទាំងនេះ មិនមែនជារបស់ដូនតាខ្លួន។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

សង្គ្រាម​ដែល​ថៃ​ឈ្លានពានកម្ពុជា បានផ្ទុះឡើង​ពីរលើក​ក្នុង​ឆ្នាំ​២០២៥ ដោយ​លើក​ទី​១​ នៅ​ថ្ងៃ​ទី​២៤ ដល់​២៨ ខែ​កក្កដា និង​លើក​ទី​២​ នៅ​ថ្ងៃ​ទី​៧ដល់​២៧ ខែ​ធ្នូ។ សង្គ្រាម​ដែល​បង្កឡើង​ដោយ​ទាហាន​ថៃ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ ដូចជា ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ជាដើម ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​កម្ពុជា​ផងដែរ។

លោកបណ្ឌិត សុខ ទូច បានថ្លែងថា ថៃហ៊ានបំផ្លាញប្រាសាទខ្មែរ គ្មានការសោកស្តាយ ប្រៀបបីដូចជាពួកញៀនគ្រឿងញៀន ដែលវង្វេងគ្មានដឹងអី។ លោកប្រដូចថា មានតែជាអ្នកញៀនគ្រឿងញៀនទេ ដែលហ៊ានបំផ្លាញទ្រព្យសម្បត្តិអ្នកផ្ទះ ខណៈខ្មែរយើងជាម្ចាស់ប្រាសាទ គឺអត់ហ៊ានប៉ះពាល់ប្រាសាទទាំងនោះឡើយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពួកថៃ (ប្រាសាទទាំងនេះ) មិនមែនរបស់ម៉ែវា មិនមែនដូនតាវា។ សុខោទ័យ កើតនៅសតវត្សរ៍ទី១៣។ តើប្រាសាទព្រះវិហារ ធ្វើនៅពេលណា? ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ធ្វើនៅពេលណា? មុនដូនតាវាកើតទៀត។ មិនមែនជារបស់វាទេ។ អីចឹង កូនខ្មែរ ត្រូវចងចាំទាំងអស់គ្នា»

គួរបញ្ជាក់ផងដែរថា ក្នុងសង្គ្រាម​ឈ្លានពាន​កម្ពុជា​ ទាហាន​សៀម​បាន​ប្រើ​យន្តហោះ​ចម្បាំង F16 បាញ់​ស្រោច​យ៉ាង​សន្ធោសន្ធៅ​ក្នុង​ចេតនា​កម្ទេច​ទី​វត្ត​អារាម​សាសនា និង​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

លោក រ័ត្ន សណ្ដាប់ អ្នកជំនាញ​អារ្យធម៌​ខ្មែរ​ បាន​ចាត់​ទុក​ទង្វើ​របស់​កងទ័ព​ថៃ​ថា​ជា​ទ័ព​មាន​បាតដៃ​ប្រឡាក់​ឈាម​បេតិកភណ្ឌ​ពិភពលោក ដោយសារ​បាន​ឈ្លានពាន​យ៉ាង​ព្រៃផ្សៃ​មក​លើ​ទឹកដី​ប្រាសាទ​បុរាណ​ខ្មែរ ហើយ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​ ពីព្រោះការស្ដារឡើងវិញនូវគុណតម្លៃបេតិកភណ្ឌវប្បធម៌មនុស្សជាតិជាមូលដ្ឋាន គឺជាកាតព្វកិច្ចរបស់មនុស្សទាំងក្នុងសហគមន៍ តំបន់ និងលើពិភពលោក ដើម្បីថែរក្សាការពារ និងអភិរក្ស វប្បធម៌ សម្រាប់មនុស្សជាតិជំនាន់ក្រោយ៕