រោងចក្រស្វាយចំនួន២នៅស្រុកភ្នំស្រួច កែលំអប្រព័ន្ធគ្រប់គ្រងសំណល់​រាវបានប្រសើរក្រោយក្រសួងបរិស្ថានចុះណែនាំ (Video inside)

13-03-2026 15:51

(កំពង់ស្ពឺ)៖ រោងចក្រធ្វើដំណាប់ស្វាយចំនួនពីរនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺ​រោង​​​ចក្រ KRR Processing Food និងរោងចក្រគិរីរម្យ ហ៊្វូដ ប្រដាក់សិន បាន​កែលំអ​ប្រព័ន្ធគ្រប់គ្រងសំណល់រាវក្នុងរោងចក្ររបស់ខ្លួនបានល្អប្រសើរ និងមិនបង្ហូរ​ឱ្យ​​ប៉ះពាល់​ដល់ទឹកអូរធម្មជាតិទៀតនោះទេ បន្ទាប់ពីក្រសួងបរិស្ថាន​ បានចុះណែនាំ​ឱ្យ​កែលំអ​នា​ពេលកន្លងទៅ។

រោងចក្រទាំងពីរនេះ ធ្លាប់ត្រូវបានប្រជាពលរដ្ឋរាយការណ៍ពីការបង្ហូរកាកសំណល់​រាវ​​ចេញ​ពីរោងចក្រចូលទៅក្នុងទឹកអូរធ្វើឱ្យទឹកមានក្លិនស្អុយ និងបង្កើតការពុល​ក្នុង​​ទឹក។ ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មន្ត្រីជំនាញ​ក្រសួង​បរិ​ស្ថាន បានចុះ​ពិនិត្យ និងណែនាំឱ្យកែលំអឡើងវិញលើចំណុចខ្វះខាតលើការ​គ្រប់​គ្រង​​សំណល់​រាវ​នេះ ដើម្បីបញ្ចៀសការបង្កផលប៉ះពាល់ដល់បរិស្ថាន ដល់គុណ​ភាព​​​ទឹក និងការរស់​នៅ​របស់ប្រជាពលរដ្ឋនៅជុំវិញរោងចក្រ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារ​បរិ​ស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ជូ មុនីដារិន អគ្គនាយករងនៃ​អគ្គ​នា​យក​ដ្ឋាន​គាំពារ​បរិស្ថាន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីមន្ទីរបរិស្ថាន​ខេត្ត​កំពង់​ស្ពឺផងនោះ បានចុះពិនិត្យឡើងវិញនៅរោងចក្រទាំងពីរខាងលើនេះ ដើម្បីផ្ទៀតផ្ទាត់ថា តើរោង​ចក្រ​បានកែលំអលើប្រព័ន្ធគ្រប់គ្រងសំណល់រាវដូចអ្វី​ដែល​ក្រសួងបានណែនាំដែរឬទេ?

ក្នុងដំណើរចុះផ្ទៀតផ្ទាត់នេះ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យទឹក​អូរ​​ធម្ម​ជាតិ ដែលធ្លាប់រងការបំពុលនាពេលកន្លងទៅ ហើយក៏បានដើរពិនិត្យ​​អាង​​ប្រ​ព្រឹត្ត​កម្ម​ទឹក ព្រមទាំងកន្លែងរាំងខ្ទប់ទឹកមិនឱ្យហូរធ្លាយទៅកាន់ទឹក​អូរជា​ដើម។

ក្រោយពីការដើរពិនិត្យឡើងវិញដោយល្អិតល្អន់ហើយនោះ លោក ជូ មុនីដារិន បាន​មើល​ឃើញថា ក្រុមហ៊ុនទាំងពីរខាងលើនេះ បានចូលរួមកែលំអបានច្រើន​លើ​ការគ្រប់​គ្រងកាកសំណល់រាវក្នុងរោងចក្រទៅតាមអ្វីដែលក្រសួងបរិស្ថានធ្លាប់បានណែ​នាំ។

ទន្ទឹមការពិនិត្យឃើញថារោងចក្រទាំងពីរខាងលើ បានចូលរួមកែលំអបាន​ប្រសើរ​យ៉ាង​ណាក្តី តែមិនទាន់បំពេញតាមលក្ខខណ្ឌបច្ចេកទេសគ្រប់គ្រាន់តាមអ្វីដែល​ក្រសួង​បរិ​ស្ថាន​បានតម្រូវនៅឡើយនោះទេ។ ក្នុងដំណើរចុះពិនិត្យនេះ ក្រុមការ​ងារ​អធិការកិច្ចនៃ​អគ្គ​នាយកដ្ឋានគាំពារ​បរិស្ថាន ក្រសួងបរិស្ថាន ក៏បានណែនាំ​បន្ថែមដល់ថ្នាក់រោងចក្រ​ទាំងពីរឱ្យកែលំអបន្ថែមទៀត ដើម្បីធ្វើឱ្យការគ្រប់គ្រង​កាក​សំណល់រាវក្នុងរោងចក្រ​កាន់​តែ​ល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់​ក្នុងការបង្កផលប៉ះពាល់ដល់បរិស្ថាន និង​ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញ​រោងចក្រ ក៏ដូចជាអ្នកបម្រើការងារក្នុងរោងចក្រ​ផង​ដែរ។

បញ្ហាបរិស្ថាន ត្រូវបានប្រៀបប្រដូចទៅនឹងដង្ហើមជីវិតរបស់មនុស្សសត្វលើភព​ផែន​ដី។ បើបរិស្ថានល្អ ដង្ហើមជីវិតមនុស្សសត្វក៏ល្អ តែបើបរិស្ថាន ត្រូវបានបំផ្លាញ​វា​ប្រៀបបាន​នឹង​ការខ្ទប់ដង្ហើមជីវិតរបស់មនុស្សសត្វដូច្នោះដែរ។ ដូច្នេះការទទួល​ខុស​ត្រូវលើបញ្ហា​បរិស្ថាន ជាកាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួម រួម​ទាំង​ម្ចាស់អាជីវកម្មនានា​ផងដែរ។ អ្នកវិនិយោគទាំងឡាយក្រៅពីការអនុវត្តន៍តាម​ច្បាប់ដែលកំណត់ដោយរដ្ឋ​ហើយ​​នោះ ពួកគេត្រូវតែមានស្មារតីទទួលខុសត្រូវឱ្យ​បានខ្ពស់លើបរិស្ថាន និងសហ​គមន៍​នៅជុំវិញរោងចក្រ សហគ្រាស ដើម្បីធានា​ដល់ចីរភាព និងនរន្តរភាពនៃច្រវាក់​ផលិត​កម្ម។

គណៈគ្រប់គ្រងរោង​​​ចក្រ KRR Processing Food និងរោងចក្រគិរីរម្យ ហ៊្វូដ ប្រដាក់​សិន បានបង្ហាញការស្វាគមន៍ និងរីករាយចំពោះចំណាត់ការទាំងឡាយ​របស់ក្រសួង​បរិ​ស្ថាន​លើកិច្ចការបរិស្ថាន ហើយបានប្រកាសប្តេជ្ញាចិត្តអនុវត្តឱ្យ​បាន​ទៅតាមអ្វីដែល​ជា​ការ​ណែនាំរបស់ក្រសួងបរិស្ថានលើការគ្រប់គ្រងសំណល់​រាវនេះ។ ជាពិសេសបញ្ចៀស​ផលប៉ះពាល់ដល់ទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ក៏ដូចជា​ជីវៈ​ចម្រុះក្នុងទឹក។

ទន្ទឹមនឹងការស្វាគមន៍រាល់ការកែលំអរបស់ក្រសួងបរិស្ថានហើយនោះ លោក សំ អុន គណៈគ្រប់គ្រងក្រុមហ៊ុនគិរីរម្យ ហ៊្វូដ ប្រដាក់សិន ក៏បានបង្ហាញការប្តេជ្ញាចិត្តចូលរួមការ​ពារបិរស្ថាន និងបញ្ចៀសផលប៉ះពាល់ឱ្យបានខ្ពស់សម្រាប់ការរស់នៅរបស់ប្រជា​ពល​រដ្ឋ។

បើទោះបីមានរោងចក្រមួយចំនួនបានកែលំអលើការគ្រប់គ្រងកាកសំណល់រាវយ៉ាងណាក្តី ក៏នៅមានរោងចក្រស្វាយមួយចំនួនទៀតនៅក្នុងខេត្តកំពង់ស្ពឺនេះ មិនទាន់បានកែ​លំ​អលើកាកសំណល់រាវនៅក្នុងរោងចក្ររបស់ខ្លួននោះឡើយ។

បើតាមលោក ជូ មុនីដារិន បានឱ្យដឹងថា កាកសំណល់រាវនេះ បើគ្រប់គ្រងមិនបានល្អ​បង្ក​​ផល​ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស និងជីវៈចម្រុះនៅក្នុងទឹកផងដែរ។ លោក មុនីដារិន បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសនានា យកចិត្តទុកដាក់​លើ​​​ការ​គ្រប់គ្រងកាកសំណល់រាវនៅក្នុងរោងចក្រ សហគ្រាសរបស់ខ្លួន ហើយអនុលោម​ឱ្យបានខ្ជាប់ខ្ជួនតាមក្រមបរិស្ថាន និងលក្ខខណ្ឌបច្ចេកទេសនានារបស់ក្រសួងបរិស្ថាន៕