លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ ចិនដើរលឿនជាងអាមេរិក ក្នុងការប្រើប្រាស់រថយន្ត EV ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង (Video inside)
13-03-2026 15:56
(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសចិនកំពុងដើរលឿនជាងសហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្ដូរទិសដៅមកប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ខណៈដែលប្រេងត្រូវបានចាត់ទុកថា ជាមូលហេតុសំខាន់មួយនៃជម្លោះ និងសង្គ្រាមនៅលើពិភពលោក។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងកិច្ចពិភាក្សានោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានចាប់ផ្តើមកាន់តែច្បាស់លាស់ចាប់តាំងពីឆ្នាំ២០១៩ ក្នុងសម័យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ លោកបានពន្យល់ថា ជម្លោះសេដ្ឋកិច្ចនេះ គឺជាការប្រកួតប្រជែងយ៉ាងខ្លាំងរវាងសេដ្ឋកិច្ចរបស់មហាអំណាចទាំងពីរ។
លោកបានបន្តថា នៅពេលនោះ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានកំណើនប្រមាណ ១.៥ភាគរយក្នុងមួយឆ្នាំ ខណៈសេដ្ឋកិច្ចចិនមានកំណើនប្រមាណពី ៧.៥ ទៅ ៨.៥ភាគរយក្នុងមួយឆ្នាំ។ ក្នុងពេលដែលទំហំសេដ្ឋកិច្ចចិនមានប្រមាណ ១៤ទ្រីលានដុល្លារ សេដ្ឋកិច្ចអាមេរិកមានប្រមាណ ២៤ទ្រីលានដុល្លារ។ ទោះជាយ៉ាងណា មានការព្យាករណ៍ថា នៅឆ្នាំ២០៥០ ទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ អាចនឹងមានទំហំប្រហាក់ប្រហែលគ្នា។
លោកបណ្ឌិតបានពន្យល់បន្ថែមថា ក្នុងការវិវត្តន៍សេដ្ឋកិច្ច និងឧស្សាហកម្ម ប្រទេសទាំងពីរមានទិសដៅអភិវឌ្ឍន៍ខុសគ្នា ដោយសហរដ្ឋអាមេរិកផ្តោតខ្លាំងលើឧស្សាហកម្មបច្ចេកវិទ្យា និងផលិតអាវុធទំនើបៗ ខណៈប្រទេសចិនផ្តោតលើការផលិតឧបករណ៍ប្រើប្រាស់ និងបច្ចេកវិទ្យាសម្រាប់ជីវភាពរស់នៅ។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា បើក្រឡេកមើលវិស័យយានយន្ត ប្រទេសចិនកំពុងនាំមុខគេក្នុងការផលិតយានយន្តទំនើបៗ ជាពិសេសរថយន្តអគ្គិសនី (EV) ដែលជាវិធានការសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ លោកថា ប្រេងគឺជាធនធានកម្រមួយ ដែលប្រទេសមួយចំនួនមាន ខណៈប្រទេសមួយចំនួនទៀតមិនមាន ដូច្នេះការប្រកួតប្រជែង និងការដណ្ដើមគ្នាលើតំបន់សម្បូរប្រេង តែងតែជាមូលហេតុនាំឱ្យកើតជម្លោះ និងសង្គ្រាមនៅលើពិភពលោក។
ដោយសារតែហេតុនេះហើយ ប្រទេសចិនកំពុងព្យាយាមបម្លែងរចនាសម្ព័ន្ធថាមពល និងវិស័យដឹកជញ្ជូនរបស់ខ្លួន ដោយលើកទឹកចិត្តការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង និងបន្ថយហានិភ័យពីការប្រកួតប្រជែងធនធានថាមពលនៅលើពិភពលោក៕























