គម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការដាំដុះបន្លែនៅផ្ទះសំណាញ់ ផ្តួចផ្តើមដោយបណ្ឌិត កៅ ថាច កំពុងជួយលើកស្ទួយជីវភាព ប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

13-03-2026 16:14

(បាត់ដំបង)៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើម របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

គម្រោងមានគោលដៅពង្រីកវិសាលភាពទៅតំបន់នានា ទូទាំងប្រទេស ដែលមានសក្តានុពល ក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ គម្រោងនេះ បានចាប់ផ្តើមសាងសង់ផ្ទះសំណាញ់ នាដើមឆ្នាំ២០២៥ និងបានចាប់ផ្ដើមដាំដុះបន្លែបានពេញលេញ នៅអំឡុងឆមាសទី១ ឆ្នាំ២០២៥។

បច្ចុប្បន្ននេះ គម្រោងទទួលបានកសិករក្រីក្រចូលរួមចំនួន ១៣ គ្រួសារ និងមានផ្ទះសំណាញ់សរុបចំនួន ៥២ខ្នង សម្រាប់ដាំដុះបន្លែសុវត្ថិភាព ស្របតាមបច្ចេកទេស និងការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះ ក្នុងវិស័យកសិកម្ម។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ គម្រោងកាត់បន្ថយភាពក្រីក្រ នៅស្រុកភ្នំព្រឹក បានប្រមូលផលបន្លែចំនួន៧មុខ រួមមាន៖ ផ្កាខាត់ណាខៀវ, ផ្កាខាត់ណាលឿង, ខាត់ណាដើមកំប៉ោង, ស្ពៃតឿ, ស្ពៃក្រញាញ់, ស្ពៃក្តោប និងប៉េងប៉ោះឈើរី ដែលទទួលបានទិន្នផលសរុបចំនួន ៣ ៥៤២ គីឡូក្រាម និងចំណូលសរុបចំនួន ៥ ៣៩៦ ៣២០ រៀល៕