ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រអនាគតកុមារី នៅភូមិអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ

13-03-2026 16:41

(ស្ទឹងត្រែង)៖ អង្គការនារីដើម្បីសន្តិភាព នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំវេទិកាអប់រំសហគមន៍ របស់គម្រោង «ក្មេងស្រីដឹកនាំសកម្មភាព»។ កម្មវិធីនេះ ត្រូវបានរៀបចំធ្វើឡើង ក្រោមកិច្ចសហការជាមួយ អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ស្ថិតនៅក្រោមម្លប់ស្វាយ តាមដងទន្លេមេគង្គ។

វេទិកាអប់រំសហគមន៍ នៅក្រោមដើមស្វាយធំមួយដើម ក្បែរមាត់ទន្លេមេគង្គ មិនត្រឹមតែផ្ដល់ចំណេះដឹង ដល់អ្នកចូលរួមប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងផ្ដល់បរិយាកាស ដ៏មនោរម្យជាមួយធម្មជាតិ តាមដងទន្លេមេគង្គ។

គោលបំណងចម្បង នៃវេទិកាអប់រំសហគមន៍ គឺជាការបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពី «ទស្សនទានយេនឌ័រ» តាមរយៈការពិភាក្សា និងការរៀបចំជាទម្រង់សំណួរ-ចម្លើយ។ អ្នកចូលរួមបានស្វែងយល់កាន់តែច្បាស់អំពីភាពខុសគ្នារវាង «ភេទ» (លក្ខណៈជីវសាស្ត្រពីកំណើត) និង «យេនឌ័រ» (តួនាទី និងការរំពឹងទុករបស់សង្គម)។

លើសពីនេះ កម្មវិធីបានជួយឱ្យសហគមន៍រួមគ្នាពិចារណា និងលុបបំបាត់ផ្នត់គំនិតអវិជ្ជមាន ដែលធ្លាប់ជាសម្ពាធរឹតត្បិតសិទ្ធិសេរីភាព និងបង្កជាការរើសអើងចំពោះស្ត្រី និងកុមារីនាពេលកន្លងមក។

ទន្ទឹមនឹងការផ្លាស់ប្តូរឥរិយាបថសង្គម កម្មវិធីក៏បានសង្កត់ធ្ងន់លើចំណុចយុទ្ធសាស្ត្រចំនួនពីរ៖

១៖ ការគាំទ្រការសិក្សា និងវិជ្ជាជីវៈ៖ លើកទឹកចិត្តឱ្យមាតាបិតាក្លាយជា «ប្រព័ន្ធគាំទ្រដ៏រឹងមាំ» (Strong Support System) សម្រាប់កូនៗ ដោយផ្តល់ឱកាសឱ្យកូនៗទទួលបានការអប់រំជាន់ខ្ពស់ និងមានសេរីភាពពេញលេញក្នុងការជ្រើសរើសវិជ្ជាជីវៈតាមចំណង់ចំណូលចិត្ត ដើម្បីកសាងអនាគតដ៏រឹងមាំ

និង២៖ ការសន្ទនាដោយបើកចំហក្នុងគ្រួសារ ដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងអាណាព្យាបាល និងកូនៗ លើប្រធានបទ សិទ្ធិ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
ការបង្កើនភាពស្និទ្ធស្នាល និងការយល់ដឹងក្នុងគ្រួសារលើបញ្ហាទាំងនេះ គឺជាខែលការពារកុមារីពីហានិភ័យផ្សេងៗ និងជួយក្មេងស្រីឱ្យរស់នៅដោយភាពជឿជាក់។

កិច្ចសហការរវាងអង្គការនារីដើម្បីសន្តិភាព និងអគារមរតកសង្គមរាស្ត្រនិយម នាថ្ងៃនេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះគ្រាប់ពូជ នៃសមភាពយេនឌ័រ និងការផ្តល់តម្លៃដល់មនុស្សគ្រប់រូប ក្នុងស្រុកបុរីអូរស្វាយសែនជ័យ។

នៅពេលដែលផ្នត់គំនិតសង្គម ត្រូវបានបើកចំហ កុមារី នឹងមានឱកាសកាន់តែច្រើន ក្នុងការបង្ហាញសមត្ថភាពក្លាយជាអ្នកដឹកនាំ និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិទាំងមូល៕