Fresh Exclusive: វិបត្តិប្រេងពិភពលោក៖ នៅពេលសង្គ្រាមរបស់អ្នកមាន បំផ្លាញសេដ្ឋកិច្ចអ្នកក្រីក្រ (Video inside)

13-03-2026 17:16

(ភ្នំពេញ)៖ តម្លៃសាំង កំពុងឡើងស្រឺតៗស្ទើររៀងរាល់ថ្ងៃ ខណៈវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្វើឱ្យទីផ្សារថាមពលពិភពលោករងភាពចលាចល។ ទោះបីជាសម្ព័ន្ធអាមេរិក និងអ៊ីស្រាអែល មានគោលបំណងចង់បង្កើតស្ថិរភាពថាមពល តាមរយៈធ្វើសកម្មភាពយោធាលើអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះទីផ្សារប្រេង មិនទាន់បង្ហាញសញ្ញាវិជ្ជមានណាមួយឡើយ។ ផ្ទុយទៅវិញ វិបត្តិប្រេងកំពុងបង្កសម្ពាធសេដ្ឋកិច្ចលើប្រទេសជាច្រើននៅអាស៊ី ជាពិសេសប្រទេសដែលពឹងផ្អែកលើការនាំប្រេងចូល។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយ ពន្យល់អំពីបញ្ហានេះ៖

នៅពេលដែលនាង ស្រីអាំ ម្ចាស់ម៉ូតូ Scoopy ស្លាកលេខ ភ្នំពេញ 1CZ-6011 ឈរបញ្ចូលសាំងនៅស្ថានីយ៍ប្រេងមួយក្នុងរាជធានីភ្នំពេញ នាងមើលទៅលើស្លាកផ្ទាំងបង្ហាញតម្លៃសាំងដោយក្រសែភ្នែកបង្ហាញក្តីបារម្ភ។ សម្រាប់នាង ដែលធ្វើការនៅក្រុមហ៊ុនឯកជនមួយក្នុងទីក្រុងនេះ ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរចម្បងទៅធ្វើការរៀងរាល់ថ្ងៃ។ ប៉ុន្តែការកើនឡើងនៃតម្លៃប្រេងសាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យនាងចាប់ផ្តើមគិតយ៉ាងខ្លាំងអំពីអនាគតជីវភាពប្រចាំថ្ងៃរបស់ខ្លួន។

នាងបានបន្លឺសំឡេងតិចៗថា៖ «ខ្ញុំបារម្ភខ្លាចប្រេងសាំងឡើងកាន់តែខ្ពស់ៗទៅ ដែលពេលនោះ ប្រាក់ខែដែលខ្ញុំទទួលបាន នឹងគ្រាន់តែចំណាយលើថ្លៃសាំងតែប៉ុណ្ណោះ»

ស្រីអាំបានបន្ថែមសំណួរមួយ ដែលប្រហែលជាមនុស្សជាច្រើននៅប្រទេសកំពុងអភិវឌ្ឍន៍ក៏កំពុងគិតដូចគ្នា៖ «ហេតុអ្វីបានជាសង្គ្រាមរវាងប្រទេសអ្នកមាន ផ្តល់បន្ទុកធ្ងន់លើសេដ្ឋកិច្ចប្រទេសក្រីក្រ ដូចជាកម្ពុជា?» សំណួររបស់នាង មិនមែនជាការព្រួយបារម្ភផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីការពិតមួយនៃសេដ្ឋកិច្ចពិភពលោកសម័យថ្មី។

នៅពេលដែលសង្គ្រាមកំពុងផ្ទុះឡើងនៅមជ្ឈិមបូព៌ា ជាពិសេសការប្រឈមមុខគ្នារវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ទីផ្សារថាមពលពិភពលោកក៏កំពុងរងភាពចលាចលយ៉ាងខ្លាំង។ ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយសម្រាប់ពិភពលោក កំពុងក្លាយជាចំណុចក្តៅនៃវិបត្តិ។ ជាមួយនឹងការវាយប្រហារលើនាវាដឹកប្រេង ការគំរាមបិទច្រកសមុទ្រ និងការកើនឡើងនៃហានិភ័យសន្តិសុខក្នុងតំបន់នេះ តម្លៃប្រេងនៅទីផ្សារអន្តរជាតិបានចាប់ផ្តើមឡើងខ្ពស់។ សម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំប្រេងចូល ដូចជាកម្ពុជា ការកើនឡើងនោះ អាចបម្លែងវិបត្តិយោធាដែលកើតឡើងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ឲ្យក្លាយជាបញ្ហាជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងស្រុក។

* Hormuz៖ ច្រកតូចក៏ពិតមៃន ប៉ុន្តែអាចរំញោចសេដ្ឋកិច្ចពិភពលោក

ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រដ៏សំខាន់បំផុតមួយសម្រាប់ថាមពលពិភពលោក។ ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងសកល ត្រូវឆ្លងកាត់ច្រកតូចចង្អៀតនេះរៀងរាល់ថ្ងៃ។ ដោយសារតែទីតាំងភូមិសាស្ត្រដ៏យុទ្ធសាស្ត្ររបស់វា Hormuz ត្រូវបានគេចាត់ទុកថា ជា «សរសៃឈាមថាមពល» របស់សេដ្ឋកិច្ចពិភពលោក។ នៅក្នុងសង្គ្រាមបច្ចុប្បន្ន អ៊ីរ៉ង់បានប្រើអត្ថប្រយោជន៍ភូមិសាស្ត្រនេះ ជាឧបករណ៍សម្ពាធយុទ្ធសាស្ត្រ។ ការវាយប្រហារលើនាវាដឹកប្រេង ការដាក់មីនសមុទ្រ និងការប្រើប្រាស់ដ្រូន និងមីស៊ីល បានបង្កើនហានិភ័យសន្តិសុខនៅក្នុងតំបន់ និងធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើនស្ទាក់ស្ទើរក្នុងការបញ្ជូននាវាឆ្លងកាត់ច្រកសមុទ្រនេះ។

យ៉ាងហោចណាស់នាវាចំនួន ១៦គ្រឿង ត្រូវបានវាយប្រហារ ឬរងការគំរាមកំហែងនៅក្នុង និងជុំវិញច្រកសមុទ្រនេះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមពីរសប្តាហ៍មុនមក។ ស្ថានភាពនេះបានបង្កភាពភ័យខ្លាចនៅក្នុងទីផ្សារថាមពលពិភពលោក និងជំរុញឲ្យតម្លៃប្រេងនៅទីផ្សារអន្តរជាតិហក់ឡើងកាន់តែខ្ពស់។

* ភាពអាចគណនាយុទ្ធសាស្ត្រខុសរបស់អាមេរិក

វិបត្តិនេះក៏បានបង្ហាញពីអ្វីដែលអ្នកវិភាគមួយចំនួនហៅថា ការគណនាយុទ្ធសាស្ត្រខុស (strategic miscalculation) របស់សហរដ្ឋអាមេរិកផងដែរ។ ទូរទស្សន៍ស៊ីអិនអិន បានរាយ ការណ៍ថា មុនពេលមានការវាយប្រហារយោធា មន្ត្រីសន្តិសុខជាតិអាមេរិកមួយចំនួនមិនបានរំពឹងថា អ៊ីរ៉ង់នឹងទៅដល់ជំហានបិទច្រកសមុទ្រ Hormuz ឬ ប្រើច្រកសមុទ្រនេះជាឧបករណ៍សម្ពាធលើទីផ្សារថាមពលពិភពលោកនោះទេ។

ការវាយតម្លៃនោះផ្អែកលើការសន្មតមួយថា ប្រសិនបើច្រកសមុទ្រនេះត្រូវបានបិទ អ៊ីរ៉ង់ខ្លួនឯងនឹងរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ជាងគេ ព្រោះប្រេងនាំចេញរបស់ខ្លួនក៏ត្រូវឆ្លងកាត់ច្រកនេះដែរ។ ដោយសារតែការគិតបែបនេះ មន្ត្រីមួយចំនួនបានជឿថា ទីក្រុងតេអេរ៉ង់នឹងមិនស៊ូប្រើយុទ្ធសាស្ត្រ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួនឯងយ៉ាងធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែការពិតនៅលើដីបានបង្ហាញអ្វីផ្សេង។ ជាមួយនឹងទីតាំងភូមិសាស្ត្រដ៏សំខាន់របស់ខ្លួន អ៊ីរ៉ង់អាចប្រើ ការគំរាមកំហែងបិទច្រក Hormuz ជាឧបករណ៍យុទ្ធសាស្ត្រដើម្បីបង្កសម្ពាធលើទីផ្សារថាមពលពិភពលោក និងលើប្រទេសដែលពឹងផ្អែកលើការនាំប្រេងចូល។

ការបង្ហាញច្បាស់បំផុតនៃយុទ្ធសាស្ត្រនេះ បានកើតឡើងបួនថ្ងៃបន្ទាប់ពីការតែងតាំង លោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ក្នុងឋានៈជា Ayatollah។ នៅក្នុងសារលើកដំបូងរបស់លោក មេដឹកនាំថ្មីបានកោតសរសើរ «រណសិរ្សតស៊ូ» របស់អ៊ីរ៉ង់ និងអំពាវនាវឱ្យប្រទេសជិតខាងបិទមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។ ក្នុងពេលជាមួយគ្នានោះ លោកក៏បានសង្កត់ធ្ងន់ថា ច្រកសមុទ្រ Hormuz គួរត្រូវបានរក្សាទុកជាឧបករណ៍សម្ពាធសំខាន់មួយលើពាណិជ្ជកម្មថាមពលពិភពលោក។ សារនេះបង្ហាញយ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់មើលឃើញច្រកសមុទ្រនេះ មិនត្រឹមតែជាផ្លូវដឹកជញ្ជូនប្រេងទេ ប៉ុន្តែជាឧបករណ៍យុទ្ធសាស្ត្រដ៏មានអនុភាពក្នុងការប្រឈមមុខជាមួយអំណាចធំៗ។
សម្រាប់អ្នកវិភាគជាច្រើន ស្ថានភាពនេះបង្ហាញថា នៅក្នុងសង្គ្រាមសម័យថ្មី ភូមិសាស្ត្រ និងថាមពល អាចក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មានអនុភាព មិនតិចជាងកម្លាំងយោធាទេ។

* ជម្រើសដែលអាមេរិកកំពុងប្រើ

ក្នុងការឆ្លើយតបនឹងវិបត្តិនេះ សហរដ្ឋអាមេរិក កំពុងពិចារណាជម្រើសជាច្រើន ដើម្បីបន្ថយសម្ពាធលើទីផ្សារថាមពល និងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក។ ជម្រើសសំខាន់ៗដែលកំពុងត្រូវបានលើកមកពិចារណារួមមាន៖ ការលើកទណ្ឌកម្មលើប្រេងរុស្ស៊ីជាបណ្តោះអាសន្ន ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់លើទីផ្សារ ការពិចារណាលើកលែង ច្បាប់ Jones Act ដែលកំណត់ថា ការដឹកជញ្ជូនទំនិញរវាងកំពង់ផែក្នុងសហរដ្ឋអាមេរិក ត្រូវតែប្រើនាវាអាមេរិក និងការកាត់បន្ថយបទបញ្ជាមួយចំនួនលើការផលិតប្រេង ដើម្បីជំរុញឲ្យផលិតកម្មក្នុងស្រុកកើនឡើង។

ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកក៏កំពុងពិចារណាបញ្ចេញប្រេងប្រហែល ១៧២លានបារ៉ែល ពីស្តុកប្រេងបម្រុងយុទ្ធសាស្ត្រ (Strategic Petroleum Reserve) ផងដែរ។ វិធានការនេះមិនមែនមានគោលបំណងសម្រាប់ទីផ្សារអាមេរិកតែប៉ុណ្ណោះទេ។ ដោយសារតែសហរដ្ឋអាមេរិកជាអ្នកលេងធំបំផុតមួយក្នុងទីផ្សារថាមពលពិភពលោក ការបញ្ចេញប្រេងចូលទីផ្សារបន្ថែមអាចជួយបង្កើនការផ្គត់ផ្គង់ជាសកល និងជួយទប់ការឡើងថ្លៃប្រេងមិនឲ្យឡើងខ្ពស់ជាងនេះ។

ការគ្រោងប្រើប្រាស់ស្តុកប្រេងនេះក្នុងរយៈពេលប្រហែល ១២០ថ្ងៃ ក៏បង្ហាញផងដែរថា វ៉ាស៊ីនតោនមើលវិបត្តិនេះមិនមែនជាបញ្ហារយៈពេលខ្លីនោះទេ ប៉ុន្តែជាសម្ពាធយូរខែ ដែលត្រូវការបង្អួចស្ថិរភាពថាមពល ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក និងជួយសម្ព័ន្ធមិត្ត កុំឱ្យប៉ះពាល់ខ្លាំងនូវការរងរលកថ្លៃថាមពល។ ក្រៅពីវិធានការសេដ្ឋកិច្ចទាំងនេះ អាមេរិកក៏កំពុងពិចារណាជម្រើសយោធាមួយផងដែរ គឺការប្រើកងទ័ពជើងទឹកអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់តំបន់គ្រោះថ្នាក់។ ប៉ុន្តែជម្រើសនេះនៅតែពិបាកអនុវត្តក្នុងពេលបច្ចុប្បន្ន ដោយសារហានិភ័យសន្តិសុខនៅតំបន់ច្រកសមុទ្រ Hormuz នៅតែខ្ពស់ខ្លាំង ពិសេសពីការគំរាមកំហែងដោយ ដ្រូន មីស៊ីល និងមីនសមុទ្រ របស់អ៊ីរ៉ង់។ និយាយម្យ៉ាងទៀត សហរដ្ឋអាមេរិកកំពុងប្រើទាំង ឧបករណ៍សេដ្ឋកិច្ច និងឧបករណ៍យោធា ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ប៉ុន្តែគ្រប់ជម្រើសទាំងនេះសុទ្ធតែមានដែនកំណត់ ហើយមិនអាចផ្តល់លទ្ធផលភ្លាមៗក្នុងការស្ដារស្ថិរភាពទីផ្សារថាមពលពិភពលោកបានទេ។

* ប្រទេសសេដ្ឋកិច្ចក្រីក្រ គឺអ្នកដែលបង់ថ្លៃពិតប្រាកដ

ប៉ុន្តែបញ្ហាសំខាន់បំផុតនៃវិបត្តិនេះ មិនមែនស្ថិតនៅក្នុងសមរភូមិ ឬក្នុងការប្រឈមមុខរវាងប្រទេសអំណាចធំៗនោះទេ។ វាស្ថិតនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅប្រទេសជាច្រើន ដែលមិនជាប់ទំនាក់ទំនងជាមួយសង្គ្រាមដោយផ្ទាល់ឡើយ។

សម្រាប់ប្រទេសនៅអាស៊ី ដែលពឹងផ្អែកលើការនាំប្រេងចូល ដូចជាបង់ក្លាដេស្ហ, ប៉ាគីស្ថាន, សិរីលង្កា, ហ្វីលីពីន, ឡាវ និង កម្ពុជា ជាដើម ការកើនឡើងនៃតម្លៃប្រេងអាចបង្កឲ្យមានផលប៉ះពាល់ជាបន្តបន្ទាប់លើសេដ្ឋកិច្ច និងជីវភាពប្រជាជន។ ក្នុងស្ថានភាពបែបនេះ ថ្លៃដឹកជញ្ជូននឹងកើនឡើង បន្ទាប់មកថ្លៃម្ហូបអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃក៏អាចឡើងតាមដែរ។ ជាមួយគ្នានេះ សម្ពាធលើអត្រាអតិផរណា នឹងកើនឡើង ខណៈសមត្ថភាពទិញរបស់ប្រជាជនធម្មតាអាចធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ផលប៉ះពាល់ទាំងនេះអាចបង្កើតជាសំណុំបញ្ហាសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលប៉ះពាល់ទៅដល់គ្រួសារ ក្រុមហ៊ុន និងសេដ្ឋកិច្ចជាតិទាំងមូល។

ប្រសិនបើតម្លៃប្រេងនៅទីផ្សារពិភពលោកឡើងដល់ប្រហែល ២០០ដុល្លារក្នុងមួយបារ៉ែល អ្នកវិភាគជាច្រើនព្យាករណ៍ថា តម្លៃសាំងនៅប្រទេសអាស៊ីដែលពឹងផ្អែកលើការនាំប្រេងចូល អាចឡើងដល់ប្រហែល ៨,០០០ទៅ១០,០០០រៀលក្នុងមួយលីត្រ។ សម្រាប់ប្រជាជនធម្មតា នេះមិនមែនជាលេខស្ថិតិនៅក្នុងទីផ្សារថាមពលប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាជីវភាពដែលអាចប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃ និងស្ថិរភាពសេដ្ឋកិច្ចគ្រួសារទាំងមូល។ នៅក្នុងន័យនេះ វិបត្តិថាមពលដែលកើតឡើងពីសង្គ្រាមរវាងអំណាចធំៗ កំពុងបង្ហាញការពិតមួយនៃសេដ្ឋកិច្ចពិភពលោកសម័យថ្មី៖ នៅពេលប្រទេសអ្នកមាន ចូលរួមសង្គ្រាម ប្រទេសដែលមានសេដ្ឋកិច្ចខ្សោយជាងគេ គឺជាអ្នកដែលត្រូវបង់ថ្លៃដ៏ពិតប្រាកដ។

សេចក្ដីសន្និដ្ឋានរួម៖ នៅចុងថ្ងៃដដែលនោះ «ស្រីអាំ» បានបញ្ចប់ការបញ្ចូលសាំង ហើយបើកម៉ូតូ Scoopy របស់នាង ចេញពីស្ថានីយ៍ប្រេង ដើម្បីត្រលប់ទៅផ្ទះ ដូចជាមនុស្សធម្មតាជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែសំណួរដែលនាងបានសួរ នៅតែវិលវល់ស្ថិតនៅក្នុងខ្យល់ ដូចជាសំណួរមួយសម្រាប់ពិភពលោកទាំងមូលដែរ៖ «ហេតុអ្វីបានជាសង្គ្រាមរបស់ប្រទេសអ្នកមាន ត្រូវឲ្យប្រទេសក្រីក្រ ជាអ្នកបង់ថ្លៃ? តើនេះឬជាយុត្តិធម៌របស់ពិភពលោក?»

នៅក្នុងពិភពលោក ដែលភ្ជាប់គ្នាដោយថាមពល ពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ សង្គ្រាមមួយ ដែលកើតឡើងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែវាអាចបម្លែងទៅជាសម្ពាធសេដ្ឋកិច្ចលើជីវភាពប្រជាជននៅទីក្រុងមួយផ្សេងទៀតបានយ៉ាងឆាប់រហ័ស។ នៅក្នុងស្ថានភាពបែបនេះ ប្រហែលជាសំណួរដ៏សំខាន់មិនមែនថា អ្នកណាឈ្នះសង្គ្រាម នោះទេ ប៉ុន្តែថា តើអ្នកណាជាអ្នកបង់ថ្លៃពិតប្រាកដ?