អភិបាលខេត្តកំពង់ធំ ស្នើឲ្យសមាជិកសមាគមកែលម្អជីវភាពកសិករ ត្រូវតែផ្តល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមក ជាពិសេសភាពស្មោះត្រង់ជាមួយគ្នា
13-03-2026 17:25
(កំពង់ធំ)៖ ក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨ របស់សមាគមកែលម្អជីវភាពកសិករ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញ ចូលរួមពីសមាជិក របស់សមាគមប្រមាណជិត៣០០នាក់ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានស្នើឲ្យសមាជិកសមាគម កែលម្អជីវភាពកសិករត្រូវតែផ្តល់ទំនុកចិត្ត ឲ្យគ្នាទៅវិញទៅមក ជាពិសេសភាពស្មោះត្រង់ជាមួយគ្នា។
លោកបញ្ជាក់ថា ភាពស្មោះត្រង់ និងការព្យាយាមមានសារៈសំខាន់ណាស់ សម្រាប់យកជាគោលក្នុងការអនុវត្ត ប្រសិនបើកត្តាសំខាន់ទាំងពីរនេះ ដើរហើរនោះសមាគមនឹងទៅហើយ តែប្រសិនបើក្នុងករណីមិនទុកចិត្តគ្នា ហើយសមាជិកម្នាក់ៗ ប្រកដជាវិចបង្វិចរៀងៗខ្លួនហើយ។ លើសពីនេះ សម្រាប់រដ្ឋាភិបាលបន្តឃ្លាំមើល នឹងគាំទ្រគ្រប់ស្ថានភាព ប៉ុន្តែល្គឹកណាសមាគមខ្លួនឯងត្រូវរឹងមាំផងដែរ។
លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍកសិកម្ម ក្នុងការផ្តល់ជាហិរញ្ញប្រទានក្នុងការ ជួយកាត់បន្ថយភាពក្រីក្រ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ កសិករខ្នាតតូចតំបន់ទន្លេសាបនេះ និងបានថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តគម្រោងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារសម្របសម្រួលគម្រោងថ្នាក់ខេត្ត ក្រុមទីប្រឹក្សា ក្រុមការងារផ្តល់សេវា និងលោក លោកស្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគម្រោងទទួលបានលទ្ធ ផលដ៏ធំធេងកន្លងមកនេះ។
លោក នួន ផារ័ត្ន បានស្នើដល់លោក លោកស្រី ទីប្រឹក្សាគម្រោង អ្នកផ្តល់សេវា ក្រុមប្រឹក្សាភិបាលសមាគម និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ សង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ ក្នុងការជួយតម្រង់ទិសសមាគម និងជួយដោះស្រាយបញ្ហានានា ដែលកើតមានឡើងក្នុងសមាគម ដើម្បីរក្សានូវនិរន្តរភាព ភាពរីកចម្រើនដល់ក្រុមកែលម្អជីវភាព ។
លោកស្រី ម៉ន លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឲ្យដឹងថាសមាគមកែលម្អជីវភាពកសិករ សមាគមកែលម្អជីវភាពកសិករ ត្រូវបានបង្កើតឡើង ដោយក្រុមកែលម្អជីវភាពកសិករ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម ខ្នាតតូចតំបន់ទន្លេសាប ដែលមានខេត្តគោលដៅ ចំនួន៧ រួមមាន ខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ នឹងខេត្តព្រៃវែង និងមានស្រុកចំនួន ៣៨ស្រុក ២៧០ឃុំ និង មានក្រុមកែលម្អជីវភាពចំនួន ១៩០៦ក្រុម៕































