លោកវរសេនីយ៍ទោ មូល សារ៉ាត់ ត្រូវបានប្រកាសតែងតាំង ជាអធិការស្រុកបាទីថ្មី, ស្នងការខេត្ដតាកែវ ណែនាំឲ្យខិតខំប្រឹងប្រែងដឹកនាំអង្គភាព

13-03-2026 17:40

(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាលស្រុកបាទី នៅរសៀលថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងអធិការស្រុកបាទីថ្មី លោក​ ភួន ឈីម អភិបាលស្រុកបាទី បានលើកទឹកចិត្ត និងជំរុញលោកអធិការ ទើបទទួលការតែងតាំងថ្មី ត្រូវបន្ដការងារដឹកនាំក្នុងអង្គភាពឱ្យបានល្អប្រសើរ សំដៅធ្វើយ៉ាងណាដើម្បីធានារក្សាសន្ដិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អថែមទៀត។

នៅក្នុងឱកាសនេះ​ដែរ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានការណែនាំលោកអធិការថ្មី ត្រូវខិតខំប្រឹងប្រែងដឹកនាំអង្គភាព ទាំងការប្រតិបត្ដិការការងារនៅក្នុងអង្គ​ភាព និងការរិះកវិធីកែលម្អរ និងកសាងអង្គភាពបន្ថែមទៀត​ ត្រូវយកចិត្តទុកដាក់បំពេញការងាររបស់មន្រ្ដីជំនាញ​ ប៉ុស្ដិ៍នគបាលរដ្ឋ​បាល និងការជំរុញលើការអនុវត្ដគោលនយោបាយភូមិ ឃុំ ​មានសុវត្ថិភាព និងប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវចេះរួមសាមគ្គីភាព ក្នុងអង្គភាពឲ្យបានល្អប្រសើរ៕