លោកបណ្ឌិត ខែក វីរៈ៖ សង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់៖ តើអ្នកណាចំណេញយុទ្ធសាស្ត្រ?

13-03-2026 17:40

(ភ្នំពេញ)៖ លោកបណ្ឌិត ខែក វីរៈ អ្នកតាមដាននយោបាយអន្តរជាតិ បានលើកឡើងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ជម្លោះបងធំ អ-៣ (អាមេរិក អ៊ីស្រា និងអ៊ីរ៉ង់) ហាក់កំពុងអង្រួនពិភពលោកឱ្យស្ថិតក្នុងភាពក្រឡាប់ចក្រ ច្របូកច្របល់ រន្ធត់ តក់ស្លុត និងភិតភ័យជាខ្លាំង។ មហាជនពេញពិភពលោកកំពុង ពិភាក្សា ជជែក វែកញែក និងតាមដានយ៉ាងយកចិត្តដាក់ ព្រមទាំងគិតពីអនាគតនៃសន្តិសុខអន្តរជាតិ សន្តិសុខតំបន់ សន្តិសុខថាមពល ស្ថានភាពសេដ្ឋកិច្ចសកល និងសណ្តាប់ធ្នាប់ពិភពលោកក្រោយពេលសង្គ្រាមដ៏សាហាវមួយនេះបិតបញ្ចប់។

យើងហៅវាថាជាសង្គ្រាមសាហាវ ព្រោះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានប្រកាសបើកប្រតិបត្តិការយោធារួមគ្នា ប្រឆាំងលើគោលដៅយុទ្ធសាស្ត្រនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយប្រតិបត្តិការយោធានេះបានប្រប្រាស់នូវអាវុធបច្ចេកវិទ្យាទំនើបៗចុងក្រោយ និងគ្រោះថ្នាក់ខ្លាំងណាស់។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត។

ក្នុងនាមជាអ្នកតាមដាននយោបាយអន្តរជាតិ បានមើលឃើញថា ប្រតិបត្តិការសង្គ្រាមដ៏ភ្ញាក់ផ្អើលនេះ បានបង្កការជជែកយ៉ាងខ្លាំងអំពីសុពលភាពតាមច្បាប់អន្តរជាតិ ក៏ដូចជា នីតិវិធីផ្ទៃក្នុងសហរដ្ឋអាមេរិក។ ក្នុងបរិបទនេះ សំណួរដែលមានសារៈសំខាន់មិនមែនត្រឹមតែថា តើភាគីណាឈ្នះនៅលើសមរភូមិនោះទេ ប៉ុន្តែយើងអាចច្បិចសួរថា តើអ្នកណាចំណេញក្នុងទិដ្ឋភាពយុទ្ធសាស្ត្រ និងរចនាសម្ព័ន្ធអំណាចរយៈពេលវែង?

ដូចនេះលោកបណ្ឌិត ខែក វីរៈ នឹងវិភាគលើទិដ្ឋភាពនានារួមមាន៖ ១. ការចំណេញ–ខាត របស់ភាគីជម្លោះ, ២. ផលប៉ះពាល់តំបន់ និងសកល, និងទី៣. ឱកាស-ហានិភ័យយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី ចិន និងអឺរ៉ុប។

១. ការចំណេញ-ខាតនៃគូភាគីជម្លោះ (អ៊ីរ៉ង់-អ៊ីស្រាអែល-អាមេរិក)
សង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ក្នុងឆ្នាំ២០២៦ បានក្លាយជាវិបត្តិសន្តិសុខដែលបង្កការរញ្ជួយដល់សន្តិសុខតំបន់មជ្ឈិមបូព៌ា និងឆ្លងដល់ស្ថេរភាពអន្តរជាតិ ដែលនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខថាមពល សេដ្ឋកិច្ចសកល និងទិសដៅនៃសណ្តាប់ធ្នាប់ពិភពលោក។ ជាការពិតណាស់ ពាក្យថា សង្គ្រាម គឺគារបាត់បង់ជីវិតទាំងយោធានិងជនស៊ីវិល ខូចខាតផ្ទះសំបែង សេដ្ឋកិច្ចសង្គម រួមទាំងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ។ បើយើងពិនិត្យតាម ទីតាំងសមរភូមិ (battlefield geography) និង រចនាសម្ព័ន្ធអំណាច (power structure) កម្រិត «ខាត–ចំណេញ» របស់ភាគីទាំងបីគឺហាក់មិនស្មើគ្នាឡើយ។ អ៊ីរ៉ង់ និងអ៊ីស្រាអែល ទំនងជាមានផលប៉ះពាល់ឬខូចខាតជាក់ស្តែងច្រើន ខណៈដែលសហរដ្ឋអាមេរិក ដែលជាមហាអំណាចសមុទ្រ (sea power) ដែលមានមូលដ្ឋានកងទ័ពនៅក្រៅប្រទេសច្រើន ទំនងជាខាតផ្នែកថវិកា សមត្ថភាពយោធា និងហានិភ័យលើមូលដ្ឋានតំបន់ ច្រើនជាងផលប៉ះពាល់ឬការខាតបង់ផ្ទាល់លើជនស៊ីវិលក្នុងទឹកដីខ្លួន។

សភាពនេះស្របនឹងការយល់ឃើញក្នុងភូមិសាស្ត្រនយោបាយរបស់លោកស្ពៃកមែន ឬទ្រឹស្តីរីមលែន (Spykman/Rimland) ដែលបានលើកឡើងថា អំណាចសមុទ្រតែងពង្រីក «របងសន្តិសុខ» តាមបណ្តោយរីមលែន (តំបន់ជាយនៃលំហសមុទ្រនិងច្រកយុទ្ធសាស្ត្រ) ដើម្បីទប់ស្កាត់ និងគ្រប់គ្រងច្រកយុទ្ធសាស្ត្រពិភពលោក។ អាមេរិកតែងបានពង្រីករបងផ្ទះនៅឆ្ងាយពីទឹកដីខ្លួន។ ពិតណាស់ថា បើយើងនិយាយទំហំខូចខាតជាក់លាក់ គឺហាក់មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ដ្បិតស្ថានភាពបាញ់ប្រហារគ្នានៅកំពុងក្តៅគគុកនៅឡើយ។ យើងអាចត្រឹមមើលឃើញជារូបភាពជាការខូចខាតលើទិដ្ឋភាពជាម៉ាក្រូមិនមែនជាមីក្រូទេ យើងក៏មើលពីជ្រុងយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសន្តិសុខជារួមផងដែរ។

១.១ ប្រទេសអ៊ីរ៉ង់ ហាក់ខាតបង់ផ្ទាល់លើសមត្ថភាពរដ្ឋ តែចំណេញជាទំងន់ភូមិសាស្ត្រថាមពល
បើយើងមើលទៅលើស្ថានការណ៍ដែលកំពុងកើតឡើងនេះគឺ អ៊ីរ៉ង់ខូចខាតលើសមត្ថភាពរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធដែលប៉ះពាល់ដល់ការបញ្ជារយោធា ការផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចជាតិ។ ដូចបានបញ្ជាក់ខាងលើនៅពេលនេះបើនិយាយពីផលប៉ះពាល់រួមលើប្រទេសអ៊ីរ៉ង់ គឺយើងហាក់នៅមិនទាន់អាចនិយាយបានទាំងស្រុងទេ ព្រោះសង្គ្រាមកំពុងបន្តក្តៅគគុកនៅឡើយ ហើយការវាយតម្លៃនូវផលប៉ះពាល់លម្អិត (micro-level damage/casualty figures) មិនទាន់អាចកំណត់បានច្បាស់ទេនៅគិត្រឹមថ្ងៃទី៣ មីនា ២០២៦នេះ។

ដូច្នេះយើងអាចត្រឹមវិភាគកម្រិតម៉ាក្រូ ដែលថាអ៊ីរ៉ង់ អាចប្រឈមនឹងការស្តារប្រទេសឡើងវិញក្នុងពេលយូរ ប្រសិនបើគោលដៅសំខាន់ៗដែលត្រូវវាយប្រហារដោយរាប់ទាំងមូលដ្ឋានយោធា យោទ្ធោបករណ៍បច្ចេកទេស (air-defense/radar) និងបណ្តាញថាមពល/ដឹកជញ្ជូនជាដើម។ ឯ «ខាត» លំដាប់ទីពីរ គឺមុខមាត់នយោបាយ និងឥទ្ធិពលតំបន់ (regional influence) ដែលអាចស្ថិតក្នុងភាពអស្ថិរភាព ប្រសិនបើប្រភពហិរញ្ញវត្ថុធ្លាក់ចុះ និងការគ្រប់គ្រងសង្គមក្នុងស្រុកកាន់តែតានតឹង។

ទោះបីជាយ៉ាងនណានេះក្តី សង្គ្រាមជាមួយអ៊ីរ៉ង់មិនមែនជារឿងសាមញ្ញ ហើយអ៊ីរ៉ង់ ក៏មិនមែនជាសមីកាដែលអាមេរិក និងអ៊ីស្រាអែល ងាយដោះស្រាយនោះឡើយ។ ក្រៅពីសព្វាវុធអាវុធ ដែលមានទំងន់យុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់គឺ ច្រកសមុទ្រហម៉ូស Strait of Hormuz ដែលជាច្រកដឹកជញ្ជូនថាមពលសកល។ តាមទិន្នន័យរដ្ឋាភិបាលអាមេរិក (U.S. EIA) បានឱ្យដឹងថា លំហូរប្រេងឆ្លងកាត់ Hormuz ក្នុងឆ្នាំ២០២៤ មានមធ្យមប្រហែល ២០លានបារ៉ែល/ថ្ងៃ ឬ ប្រមាណជា ២០% នៃការប្រើប្រាស់ប្រេងសកល។

ការណ៍នេះអ៊ីរ៉ង់ អាចនឹងកៀបសង្កត់ច្រកសមុទ្រហម៉ូស ដើម្បីដាក់គំនាបទៅសហគមន៍អន្តរជាតិ និងអាមេរិក ដើម្បីបន្ធូរបន្ថយការប្រយុទ្ធ ព្រោះថាបើទីនេះជាប់គាំងយូរ វានឹងអាចធ្វើឱ្យតម្លៃប្រេងហក់ឡើង និងធ្វើឱ្យសេដ្ឋកិច្ចសកលរងសម្ពាធភ្លាមៗ។ ទំងន់បន្ថែមទៀត គឺផ្លូវសមុទ្រភាគត្បូងក្បែរយេម៉ែន (Bab el-Mandeb/Red Sea corridor) ទីនេះក៏ជាអាវុធយុទ្ធសាស្ត្រសម្រាប់អ៊ីរ៉ង់ផងដែរ ព្រោះថាកន្លងមក ការរំខានផ្លូវនាវានៅសមុទ្រក្រហម-Bab el-Mandeb (២០២៣–២០២៤) ត្រូវបានភ្ជាប់ជាចម្បងទៅនឹងក្រុមឧទ្ទាម Houthis/Ansar Allah នៅយេម៉ែនដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក។

ពួកហូទីស បានបង្កការរំខានលើផ្លូវសមុទ្រក្រហម (Red Sea) និងព្រែកជីកស៊ុយអេ ( Suez Canal) អាចធ្វើឱ្យបណ្តាញពាណិជ្ជកម្មសកលរំខានយ៉ាងខ្លាំង។ ជាក់ស្តែងបើយោងតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរាយការណ៍ថា នៅពាក់កណ្តាលឆ្នាំ២០២៤ សមត្ថភាពកប៉ាល់ឆ្លងកាត់ឈូងសមុទ្រអាតែន (Gulf of Aden) បានធ្លាក់ចុះខ្លាំង ហើយការឆ្លងកាត់ព្រែកជីកស៊ុយអេ (transiting Suez Canal) ក៏ធ្លាក់ចុះយ៉ាងច្រើនផងដែរ ដោយសារការរំខានពីពួកហ៊ូទីសនេះ។ ជាមួយគ្នានេះ IMF ក៏បញ្ជាក់ថា ក្នុងខែដើមឆ្នាំ២០២៤ ការជួញដូរឆ្លងកាត់ Suez Canal ធ្លាក់ចុះយ៉ាងខ្លាំងប្រៀបនឹងឆ្នាំមុន។

នេះមានន័យថា អ៊ីរ៉ង់ ឬបណ្តាញពាក់ព័ន្ធ អាចប្រើឥទ្ធិពលដោយការរំខានឬ leverage-by-disruption ជាឧបករណ៍សម្ពាធយុទ្ធសាស្ត្រ ទោះបីជាវាមានហានិភ័យខ្ពស់នៃការឆ្លើយតបយោធា និងសម្ពាធអន្តរជាតិក៏ដោយ។ ត្រង់នេះគេមើលឃើញថា អាវុធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់មានលទ្ធភាពបង្កការរំខាននៅច្រកសមុទ្រនៅជាប់យេមេន ដែលជាផ្លូវដឹកទំនិញពីសមុទ្រក្រហមឆ្ពោះទៅព្រែកជីកស៊ូអេ។ ទន្ទឹមនឹងនេះ បើការប្រយុទ្ធអូសបន្លាយយូរនៅតំបន់មជ្ឈិមបូព៌ា ក៏ទំនងជាអាចមានការផ្តល់បច្ចេកវិទ្យាអាវុធពីរុស្ស៊ីនិងចិន ហូរចូលលមកអ៊ីរ៉ង់ ក៏អាចថាបានព្រោះថាប្រទេសទាំងនេះ មានកិច្ចព្រមព្រៀងគ្នារៀងខ្លួនក្នុង «ភាពជាដៃគូយុទ្ធសាស្ត្រ/កិច្ចសហប្រតិបត្តការ» ។

ឧទាហរណ៍៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល២៥ឆ្នាំ រវាងអ៊ីរ៉ង់-ចិន ត្រូវបានរាយការណ៍ថាជាក្របខណ្ឌសហប្រតិបត្តការ និងការភ្ជាប់ទៅគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road )ជាដើម។

១.២. អ៊ីស្រាអែល ខាតផ្ទាល់លើសន្តិសុខក្នុងស្រុក ចំណេញលើគោលដៅយុទ្ធសាស្ត្រយូរអង្វែង
បើយើងគណនាពីផលខាតគឺ អ៊ីស្រាអែល ក៏ទំនងជាមានទំហំប៉ះពាល់ ខូចខាតមិនខុសពីអ៊ីរ៉ង់ប៉ុន្មានដែរ តែនៅត្រង់ថា អ៊ីស្រាអែល ជាគូភាគីដែនដីផ្ទាល់ក្នុងសមរភូមិបាញ់ទៅបាញ់មក ជាមួយអ៊ីរ៉ង់និងក្រុមបណ្ណាញ Proxy អ៊ីរ៉ង់។ ថ្វីបើអ៊ីស្រាអែលមានទំហំដែនដីតូច តែសមត្ថភាពនិងបច្ចេកវិទ្យាសព្វាវុធគឺអ៊ីស្រាអែលមិនតូចឡើយ។

សម្រាប់អ៊ីស្រាអែល «ការខាតបង់» សំខាន់ គឺហានិភ័យសន្តិសុខក្នុងស្រុក និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច ព្រោះជារដ្ឋទំហំដែនដីតូចដែលប្រជាជន និងមជ្ឈមណ្ឌលសេដ្ឋកិច្ចស្ថិតក្នុងចម្ងាយអាចរងការវាយប្រហារបាន។ ប៉ុន្តែអ៊ីស្រាអែល មានសមត្ថភាពបច្ចេកវិទ្យា និងសមត្ថភាពការពារអាកាស/មីស៊ីលដែលជាទំងន់ (qualitative edge) និងជាទូទៅមានការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងទិដ្ឋភាព ថវិកា សព្វាវុធ និងសមត្ថភាពសន្តិសុខ។

ត្រង់នេះយើងអាចនិយាយតាមបែបប្រៀបធៀបបានថា អ៊ីស្រាអែលប្រៀបបានជាខ្លានៅក្នុងព្រៃដែលមានរិទ្ធិអំណាចខ្លាំង អ៊ីស្រាអែលមិនមែនជាខ្លារស់នៅក្នុងភូមិហើយខ្លាចអំណាចអ្នកភូមិ អ្នកស្រុកឡើយ។ សង្គ្រាមនេះចប់ អ៊ីស្រាអែលអាចប្រើពេលវេលាជាច្រើនឆ្នាំសម្រាប់ស្តារប្រទេសឡើងវិញ ក៏ប៉ុន្តែជន្ទាល់របស់អ៊ីស្រាអែល គឺអាមេរិក។ ភស្តុតាងដែលយើងអាចយោងបានដើម្បីឱ្យការវិភាគមានទំងន់គឺ កញ្ចប់ជំនួយសន្តិសុខអាមេរិក-អ៊ីស្រាអែល យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខា ឆ្នាំ២០១៦ កំណត់ជំនួយសន្តិសុខសរុប ៣៨ពាន់លានដុល្លារសម្រាប់១០ឆ្នាំគឺ ឆ្នាំ២០១៩-២០២៨ (ប្រហែល $៣.៨ពាន់លាន/ឆ្នាំ)។

- ចំណេញយុទ្ធសាស្ត្រយូរអង្វែង៖ អ៊ីស្រាអែលអាចមើលថា ការបន្ថយសមត្ថភាពរដ្ឋដែលត្រូវបានចាត់ទុកថា ជាគំរាមកំហែងយុទ្ធសាស្ត្រដ៏ធំ (strategic threat) អាចធ្វើឱ្យបរិយាកាស ទប់ទល់ (deterrence) និងតុល្យភាពអំណាចតំបន់ប្រែប្រួល ក្រោមហេតុផលថា អ៊ីរ៉ង់នេះគឺជាសត្រូវដ៏ធំបំផុតរបស់អ៊ីស្រាអែលរាប់ឆ្នាំមកហើយ។ បើសិនជាតាមរយៈសង្គ្រាមលើកនេះ ធ្វើឱ្យអ៊ីរ៉ង់ខ្សោយ អនុភាពធ្លាក់ចុះនោះ ហានិភ័យរបស់អ៊ីស្រាអែលហាក់មិនសូវមានខ្លាំងប៉ុន្មានដែរ។ នោះហើយគឺជាប្រយោជន៍យុទ្ធសាស្ត្រយូរសម្រាប់ពេលអនាគតរបស់អ៊ីស្រាអែល។ បើតាមប្រវត្តិសាស្ត្រនៅក្នុងពិភពអារ៉ាប់នេះ មានតែអ៊ីរ៉ង់ទេ ដែលអ៊ីស្រាអែលចង់វាយបំបាក់ ព្រោះកន្លងមកពោលគឺនៅក្នុងសម័យសង្គ្រាមត្រជាក់ អ៊ីស្រាអែលធ្លាប់វាយបំបាក់អស់ហើយដូចកាលពីសម័យសង្គ្រាមយីមគីប៉ូ (Yom Kippur War) ឆ្នាំ១៩៧៣ ជាឧទាហរណ៍ស្រាប់។ ពិតណាស់ប្រវត្តិសាស្ត្របានបង្ហាញថា អ៊ីស្រាអែលធ្លាប់ឆ្លងកាត់សង្គ្រាមធំ ហើយអ៊ីស្រាអែលក៏អាចស្តារប្រព័ន្ធសន្តិសុខខ្លួនឡើងវិញបានផងដែរ។

១.៣. អាមេរិក ផលប៉ះពាល់ចំពោះមុខ លើទិដ្ឋភាពទិដ្ឋភាពសង្គម-សេដ្ឋកិច្ច និងនយោបាយផ្ទៃក្នុង
អាមេរិក មានផលប៉ះពាល់ចំពោះមុខ លើទិដ្ឋភាពទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ក៏ដូចជានយោបាយផ្ទៃក្នុង ប៉ុន្តែអាមេរិកទទួលបានមកវិញនូវផលប្រយោជន៍ជាយុទ្ធសស្ត្ររយៈពេលយូរអង្វែង ឬ ប្រយោជរយៈពេលវែង។ សម្រាប់អាមេរិក «ការខាតបង់» ជាក់ស្តែងជាងគេគឺថវិកាយោធា (operational costs) ហានិភ័យលើមូលដ្ឋាន និងកងទ័ពនៅតំបន់ ព្រមទាំងការប្រឈមមតិសាធារណៈ និងការជជែកលើភាពស្របច្បាប់/នីតិវិធី (legality and procedure) ក្នុងស្រុក។ ម្យ៉ាងដោយសារអាមេរិក មិនមែនជាសមរភូមិផ្ទាល់លើដែនដីខ្លួន ដូចនេះការបាត់បង់ស៊ីវិលក្នុងទឹកដីខ្លួនក៏ទំនងជាមិនមានឬមានតិចជាងភាគីនៅតំបន់ ប៉ុន្តែ «ការខាត» ផ្នែកនយោបាយអាចក្លាយជាចំណុចសំខាន់ ប្រសិនបើសង្គ្រាមអូសបន្លាយ ឬបង្កឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងថ្លៃទំនិញប្រចាំថ្ងៃរបស់ពលរដ្ឋអាម៉េរិករងសម្ពាធនោះ។

* ដោយឡែកផលចំណេញវិញ អាមេរិកមានភាពចំណេញច្រើនយ៉ាងរួមមាន៖
១. បើសិនជាអ៊ីរ៉ង់ ត្រូវបានវាយបំបែករបបគ្រប់គ្រង នោះកៅអីសម្រាប់អាម៉េរិកនៅតំបន់មជ្ឈិមបូព៌ាគឺកាន់តែត្រជាក់ព្រោះគ្នាអ្នកណាយកបន្លាឬរបស់អ្វីនាំឱ្យអាមេរិក មុតគូថតទៅទៀតទេ ហើយក្តីកង្វល់របស់សម្ព័ន្ធមិត្តខ្លួនក៏ទំនងជាមិនសូវមានដែរ។

២. អាមេរិក ទំនងជាអាចបង្កើនឥទ្ធិពលលើស្ថាបត្យកម្មសន្តិសុខថាមពល តាមរយៈវត្តមានយោធា កិច្ចសហការជាមួយដៃគូ និងការពារច្រកសមុទ្រសំខាន់ៗ ដូចជា Hormuz ដូចដែលមានភស្តុតាងខាងលើបញ្ជាក់ថា ការរំខានតិចតួចនៅច្រកនេះ ក៏មានផលប៉ះពាល់ដល់សេដ្ឋកិច្ចសកលផងដែរ។

៣. អាមេរិក ប្រហែលជាអាចមានឥទ្ធិពលក្តោបក្តាប់សន្តិសុខតំបន់ទាំងមូល និងប្រហែលមានតែអាមេរិកតែម្នាក់គត់ដែលអាចរក្សា ការពារសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ាបាន។

៤. អាមេរិក ប្រហែលជាអាចមានឥទ្ធិកាច់ចង្កូតសេដ្ឋកិច្ចពិភពលោក ព្រោះបើសង្គ្រាមនេះនាំឱ្យអ៊ីរ៉ង់ខ្សោយ អាមេរិកទំនងជាអាចគ្រប់គ្រងតំបន់ផលិតប្រេង ហើយអាចបម្លែងវាដើម្បីបម្រើឧស្សាហ៍កម្មខ្លួន និងប្រើប្រាស់ប្រេងនិងថាមពលជាទំងន់នយោបាយសម្រាប់ពេលអានាគត។

៥. អាមេរិក បង្ហាញប្រាប់ពិភពលោកថា អាមេរិកជាអ្នករៀបចំសណ្តាប់ធ្នាប់ និងការពារពិភពលោកកុំអោយរញ៉េរញៃទៀត ខ្លួននឹងក្លាយជាមហាអំណាចកំពូល។

៦. នៅចំពោះមុខយើងហាក់មើលឃើញថា អាមេរិកវាយអ៊ីរ៉ង់ តែធាតុផ្សំមួយទៀត អ្នកដែលប៉ះពាល់ដោយប្រយោលនោះគឺចិន និងរុស្ស៊ី។ ចិន ជាប្រទេសដែលពង្រីកឥទ្ធិពលតាមរយៈអ៊ីរ៉ង់ ហើយចិនបាននាំប្រេងនិងឧស្ម័នច្រើនណាស់ពីអ៊ីរ៉ង់ដើម្បីបំពេញឧស្សាហ៍កម្មខ្លួន។
តាមទិន្នន័យ U.S. Energy Information Administration ជារៀងរាល់ឆ្នាំចិននាំចូលប្រេងប្រហែលពី ៤០-៥០% ពីមជ្ឈិមបូព៌ា។ បើទោះបីអ៊ីរ៉ង់ជាប់ទណ្ឌកម្មអាម៉េរិក ក៏តាមទិន្នន័យក្រុមតាមដានកប៉ាល់ដែលត្រូវបានរាយការណ៍ដោយ Reuters បានឱ្យដឹងថា ចិនបាននាំចូលប្រេងពីអ៊ីរ៉ង់ប្រមាណ ១ទៅ១.៥លានបារែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៣–២០២៤។ ប្រេងនេះត្រូវបានលក់ក្នុងតម្លៃបញ្ចុះបើប្រៀបធៀបទៅនឹងទីផ្សារពិភពលោក។ ស្ថានភាពនេះបើសិនជាអត់មានប្រេងពីអ៊ីរ៉ង់ ចិនក៏ប្រហែលជាពិបាកលូកចូលជ្រៅក្នុងតំបន់ ព្រោះប្រទេសមជ្ឈិមបូព៌ាភាគច្រើនជាមិត្តអាមេរិកស្រាប់។ ទោះជាយ៉ាងណាក្តី ប្រេងអ៊ីរ៉ង់មានតួនាទីជាផ្នែកមួយក្នុងការពង្រីកវត្តមានសេដ្ឋកិច្ចចិនក្នុងតំបន់ ប៉ុន្តែចិននៅតែមានទំនាក់ទំនងថាមពលជាមួយប្រទេសផលិតប្រេងផ្សេងទៀតដូចជា Saudi Arabia និង Iraq ជាជន្ទល់ផងដែរ។
រីឯរុស្ស៊ី ក៏មានឥទ្ធិពលមួយចំណែកធំតាមរយៈច្រកដែនដីអ៊ីរ៉ង់នេះដែរ ករណីបើអ៊ីរ៉ង់ខ្សោយ រុស្ស៊ីបាត់បង់ដៃគូយុទ្ធសាស្ត្រតំបន់ និងទំនងជាពិបាកឈរជើងបានយូរលើទិដ្ឋភាពខ្លះ ព្រោះពេលបច្ចុប្បន្ននេះ រុស្ស៊ី ពឹងផ្អែកលើអ៊ីរ៉ង់សម្រាប់កិច្ចសហប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកឬដ្រូន (បរិបទសង្គ្រាមអ៊ុយក្រែន)។ រុស្ស៊ីមានវត្តកងទព័នៅលើទឹកដីស៊ីរីដើម្បីជាច្រកការពារមូលដ្ឋានកងទ័ពខ្លួននៅលំហសមុទ្រមេឌីទែរ៉ាណេ តែសកម្មភាពរុស្ស៊ី ក៏ត្រូវរិតត្បិតក្រោយមានវិបត្តអ៊ុយក្រែន។

៧. អាមេរិក ហាក់បង្កើនទីផ្សារសព្វាវុធតាមរយៈសង្គ្រាមនេះ ដោយយកអាវុធថ្មី-ចាស់មកសាកល្បង។ ពិតហើយបរិយាកាសជម្លោះច្រើនតែត្រូវបានគេប្រើជាមូលដ្ឋានសាកល្បងប្រតិបត្តិការសម្រាប់បច្ចេកវិទ្យាយោធា ដែលកំពុងលេចចេញដើម្បីសាកល្បងលើប្រសិទ្ធភាពនិងការប្រយុទ្ធជាក់ស្តែង ទប់ទល់នឹងបច្ចេកវិទ្យាអាវុធ។ ពិសេសករណីនេះអាវុធរបស់ចិននិងច្ចេកវិទ្យាអាវុធរុស្ស៊ីដែលបានសហការជាមួយអ៊ីរ៉ង់។

៨. អាមេរិក ឈ្នះសមរភូមិចិត្តសាស្ត្ររបស់ពលរដ្ឋអាមេរិក ដែលលោកប្រធានាធិបតីត្រាំត្រៀមបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងពេលខាងមុខ ហើយបង្វែរចំណាប់អារម្មណ៍ពលរដ្ឋខ្លួនកុំឱ្យផ្តោតលើការចាញ់ក្តីរបស់លោកនៅតុលាកាកំពូលលើសំណុរឿងពន្ធគយ។ តាមប្រវត្តិសាស្ត្រកន្លងមក នៅសង្គមនយោបាយអាម៉េរិកបានប្រើគន្លងនេះផងដែរ ដើម្បីបង្វែការចាប់អារម្មណ៍និងទាញប្រជាប្រិយភាព ដូចជា លោកប្រធានាធិបតី George W. Bush ប្រើយុទ្ធសាស្ត្ររបៀបនេះ ក្រោយព្រឹត្តិការណ៍ភេវរកម្មថ្ងៃទី១១ កញ្ញា និងលោកប្រធានាធិបតី រីហ្គែន (Reagan) ក្នុងឆ្នាំ១៩៨៦ លើករណីវាយប្រហារប្រទេសលីប៊ី។

២. ផលប៉ះពាល់លើតំបន់និងសាកល
សង្គ្រាមរវាងបងធំទាំងបីនេះ បានបង្កឱ្យសកលនិងតំបន់មជ្ឈិមបូព៌ារងផលប៉ះពាល់យ៉ាងខ្លាំងទាំងលើទិដ្ឋភាពសន្តិសុខថាមពល សេដ្ឋកិច្ចសកល សណ្តាប់ធ្នាប់អន្តរជាតិ សន្តិសុខស្បៀង និងភូមិសាស្ត្រនយោបាយ។ ដំបូងយើងមើលទៅលើផលប៉ះពាល់តំបន់មជ្ឈិមបូព៌ា។

សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ មិនមែនជាជម្លោះត្រីភាគីធម្មតាទេ ប៉ុន្តែជាវិបត្តិសន្តិសុខដែលអាចបង្កការរញ្ជួយជាប្រព័ន្ធ ទៅលើតំបន់មជ្ឈិមបូព៌ា និងប្រព័ន្ធអន្តរជាតិទាំងមូល។ តាមទស្សនៈ ទ្រឹស្តីភាពស្មុគស្មាញនៃសន្តិសុខតំបន់ ឬ Regional Security Complex Theory របស់លោក បារី ប៊ូហ្សាន (Barry Buzan) និងលោក អូលេ វ៉ែវើរ (Ole Wæver)សន្តិសុខរដ្ឋមួយនៅមជ្ឈិមបូព៌ា មិនអាចបំបែកចេញពីសន្តិសុខរដ្ឋជិតខាងបានឡើយ ដោយសារមានភាពជាប់ពាក់ព័ន្ធនយោបាយ មនោគមវិជ្ជា និងយុទ្ធសាស្ត្រថាមពល។ ដូច្នេះការប៉ះទង្គិចរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលមានការចូលរួមរបស់អាមេរិក អាចបង្កឥទ្ធិពលរាលដាលដល់លីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែនផងដែរ តាមរយៈបណ្តាញឥទ្ធិពល (proxy networks) ដែលអ៊ីរ៉ង់បានបង្កើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

អ៊ីរ៉ង់ត្រូវបានគេយល់ថា មានឥទ្ធិពលលើក្រុម Hezbollah នៅលីបង់ ក្រុមប្រយុទ្ធនៅអ៊ីរ៉ាក់និងស៊ីរី និងក្រុម Houthi នៅយេម៉ែន។ ប្រសិនបើការវាយប្រហារបន្តពង្រីក ការឆ្លើយតបតាមបណ្តាញទាំងនេះអាចធ្វើឱ្យតំបន់ទាំងមូលបាត់បង់ស្ថេរភាព។ បទពិសោធប្រវត្តិសាស្ត្របង្ហាញថា ការដួលរលំរដ្ឋនៅអ៊ីរ៉ាក់ក្រោយឆ្នាំ២០០៣ និងសង្គ្រាមស៊ីរីក្រោយឆ្នាំ២០១១ បានបង្កលក្ខខណ្ឌអស្ថិរភាព ដែលអនុញ្ញាតឱ្យក្រុមភេវករ ISIS លេចឡើង និងពង្រីកឥទ្ធិពលលើតំបន់។ ដូច្នេះប្រសិនបើអ៊ីរ៉ង់ ដែលជាអំណាចតំបន់មួយ ឬបងធំក្នុងតំបន់ ដែលមានរចនាសម្ព័ន្ធរដ្ឋរឹងមាំ ដួលរលំនោះច្បាស់ជាប្រឈមនឹងភាពអស្ថិរភាពខ្លាំង វាអាចបង្កលក្ខខណ្ឌសម្រាប់ចលនាជ្រុលនិយម ឬបណ្តាញប្រយុទ្ធថ្មីៗកើតឡើងវិញ។

លើវិស័យថាមពល មជ្ឈិមបូព៌ាជាតំបន់ផលិតប្រេងប្រហែលមួយភាគបីនៃផលិតកម្មប្រេងពិភពលោក ហើយប្រហែល២០% នៃប្រេងសកលឆ្លងកាត់ច្រកសមុទ្រ Strait of Hormuz។ ការរំខានតិចតួចនៅទីនេះអាចធ្វើឱ្យតម្លៃប្រេងហក់ឡើងភ្លាមៗ និងបានបង្កសម្ពាធអតិផរណាសកល។ បន្ថែមពីនេះ ច្រកសមុទ្រក្រហមនិងព្រែកជីកស៊ុយអេ គឺជាផ្លូវដឹកជញ្ជូនសំខាន់សម្រាប់ពាណិជ្ជកម្មអឺរ៉ុប-អាស៊ី ដែលមានប្រហែល១២-១៥% នៃពាណិជ្ជកម្មសកលឆ្លងកាត់ព្រែកជីកស៊ុយអេ។ ដូច្នេះការរំខាននៅតំបន់នេះក្នុងឆ្នាំ២០២៤ បានបង្ហាញថា ការកាត់បន្ថយចរាចរណ៍ដឹកជញ្ជូនអាចបង្កសម្ពាធដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលបានយ៉ាងឆាប់រហ័ស។

ផលប៉ះពាល់មនុស្សធម៌ក៏អាចធ្ងន់ធ្ងរផងដែរ។ វិបត្តិស៊ីរីបានបង្កជនភៀសខ្លួនច្រើនជាង ៦លាននាក់ភៀសខ្លួនទៅនៅក្រៅប្រទេស និងរាប់លាននាក់ទៀតនៅក្នុងប្រទេស។ បទពិសោធនេះបង្ហាញថា សង្គ្រាមអូសបន្លាយអាចបង្កលំហូរជនភៀសខ្លួនទៅអឺរ៉ុប និងតំបន់ជិតខាងបង្កសម្ពាធសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រសិនបើវិបត្តិថ្មីកើតឡើងក្នុងបរិបទអ៊ីរ៉ង់ ដែលមានប្រជាជនជាង ៩០លាននាក់ ផលប៉ះពាល់អាចធំជាងមុនយ៉ាងខ្លាំង។ ប្រសិនបើជម្លោះពង្រីកទៅកម្រិតតំបន់ នោះជនភៀសខ្លួនអាចហូរចេញទៅទិសអឺរ៉ុបនិងតំបន់ជិតខាង បង្កសម្ពាធសង្គម សេដ្ឋកិច្ច និងនយោបាយ។ បន្ថែមពីនេះ កង្វះថាមពល អគ្គិសនី ទឹកស្អាត និងសេវាសុខាភិបាលអាចបង្កវិបត្តិសុខភាពសាធារណៈក្នុងតំបន់ដែលស្ថាប័នរដ្ឋកំពុងរងសម្ពាធ។

លើកម្រិតប្រព័ន្ធអន្តរជាតិ ប្រតិកម្មរបស់អំណាចផ្សេងៗក៏មានសារៈសំខាន់។ ប្រទេសផលិតប្រេងធំៗក្នុងសហគមន៍អូប៉ិចផ្លឹស (OPEC+) ដូចជាអារ៉ាប៊ីសោអ៊ូឌីត និងអារ៉ាប់រួម អាចកែសម្រួលផលិតកម្ម ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃ ឬរក្សាតុល្យភាពទីផ្សារ។ អឺរ៉ុប ដែលកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ីក្រោយវិបត្តិអ៊ុយក្រែន ក៏អាចប្រឈមនឹងភាពអស្ថិរភាពថាមពលជាថ្មី។ ឯចិន ដែលនាំចូលប្រេងមួយភាគធំពីមជ្ឈិមបូព៌ា ក៏អាចប្រឈមនឹងហានិភ័យសន្តិសុខថាមពល ប្រសិនបើច្រក Hormuz ឬ Suez ត្រូវរំខាន។ ដូច្នេះជម្លោះតំបន់នេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចធំៗទាំងអាស៊ី អឺរ៉ុប និងអាមេរិក។

ចុងក្រោយ បរិបទនេះអាចបង្កការចោទសួរលើសណ្តាប់ធ្នាប់អន្តរជាតិ។ ក្នុងប្រព័ន្ធអន្តរជាតិអនាធិបតេយ្យ ការពង្រឹងសន្តិសុខរបស់រដ្ឋមួយអាចបង្កអារម្មណ៍អសន្តិសុខដល់រដ្ឋផ្សេងទៀត និងនាំទៅរកវដ្តសន្តិសុខ (security spiral) ដែលជំរុញការធ្វើទំនើបកម្មយោធា និងការបង្កើតសម្ព័ន្ធភាពថ្មីៗ។ ប្រសិនបើវដ្តនេះមិនត្រូវបានគ្រប់គ្រងដោយយន្តការទូត និងស្ថាប័នអន្តរជាតិ វាអាចបម្លែងជម្លោះតំបន់មួយទៅជាវិបត្តិសកលដែលប៉ះពាល់ដល់តុល្យភាពអំណាច និងស្ថេរភាពសេដ្ឋកិច្ចពិភពលោក។ បរិបទនេះអាចជំរុញឱ្យរដ្ឋក្នុងតំបន់បង្កើនការធ្វើទំនើបកម្មយោធា និងសម្ព័ន្ធភាពសន្តិសុខថ្មីៗ ដែលអាចបំប្លែងតុល្យភាពអំណាចតំបន់ និងបង្កភាពប៉ះទង្គិចជាបន្តបន្ទាប់។ សណ្តាប់ធ្នាប់អន្តរជាតិដើរថយក្រោយ និងច្បាប់អន្តរជាតិត្រូវបានគេហែកចោល ប្រទេសនីមួយៗវិលទៅរកការធ្វើទំនើបកម្មដូចមុនសម័យសង្គ្រាមលោកលើកទី១និងទី២ បង្កើននូវសកម្មភាពទ្វេរគ្រោះសន្តិសុខ។

សរុបមក សង្គ្រាមនេះអាចបង្កផលប៉ះពាល់ជា៣យ៉ាងរួមមាន៖ ១. អស្ថិរភាពតំបន់តាមបណ្តាញ proxy, ២. វិបត្តិថាមពល និងពាណិជ្ជកម្មសកល, និង៣. ការរញ្ជួយសណ្តាប់ធ្នាប់អន្តរជាតិ។ ការណ៍នេះបង្ហាញថា ជម្លោះមួយនៅមជ្ឈិមបូព៌ា មិនស្ថិតក្នុងសមរភូមិតែប៉ុណ្ណោះទេ ប៉ុន្តែអាចបម្លែងទៅជាវិបត្តិប្រព័ន្ធ (systemic crisis) ប្រសិនបើការគ្រប់គ្រងវិបត្តិមិនមានប្រសិទ្ធភាព។

៣. ឱកាស និងហានិភ័យយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី ចិន និងអឺរ៉ុប
ពាក្យខ្មែរពោលថា លាភនៅក្នុងគ្រោះ អត្ថន័យនេះ បើយើងយកវាមកឆ្លូងបញ្ចាំងយើងនឹងឃើញថា អ្នកនៅពីខាងក្រៅឆាក អាចនឹងទទួលបាននូវអត្ថប្រយោជក៏អាចថាបាន។ ក្នុងទស្សនៈភូមិសាស្ត្រនយោបាយបែបប្រាកដនិយម (Realism) សង្គ្រាមមួយមិនត្រឹមតែបង្កការខាតបង់សម្រាប់ភាគីចូលរួមផ្ទាល់ទេ ប៉ុន្តែវាក៏អាចបង្កើតជាឧកាសយុទ្ធសាស្ត្រ ឬ strategic opportunity window សម្រាប់អំណាចទីបីផងដែរ។ ក្នុងប្រព័ន្ធអន្តរជាតិអនាធិបតេយ្យ ដែលរដ្ឋធំៗប្រកួតប្រជែងអំណាច ជម្លោះក្នុងតំបន់មួយអាចផ្លាស់ប្តូរតុល្យភាពអំណាច និងបង្កឱកាសសម្រាប់ការបង្កើនឥទ្ធិពលយុទ្ធសាស្ត្ររបស់ភាគីមិនចូលសង្គ្រាមដោយផ្ទាល់។

* សម្រាប់រុស្ស៊ី ជម្លោះនៅមជ្ឈិមបូព៌ាអាចផ្តល់អត្ថប្រយោជន៍យុទ្ធសាស្ត្រដោយប្រយោលចំនួន៣
១. វិស័យថាមពល៖ ប្រសិនបើតម្លៃប្រេងសកលហក់ឡើងដោយសារការរំខានច្រក Hormuz ឬសមុទ្រក្រហម វាអាចបង្កើនប្រាក់ចំណូលរដ្ឋរុស្ស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចេញថាមពល។ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ប្រាក់ចំណូលថាមពលគឺជាចំណុចសំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងសមត្ថភាពយោធារបស់មូស្គូ។

២. ជម្លោះនេះអាចបង្កជា «ការរំខានជាយុទ្ធសាស្ត្រ» ឬ strategic distraction សម្រាប់សហរដ្ឋអាមេរិក៖ ប្រសិនបើវ៉ាស៊ីនតោនត្រូវបែងចែកធនធានយោធា និងការយកចិត្តទុកដាក់ទៅមជ្ឈិមបូព៌ា សម្ពាធលើរុស្ស៊ីក្នុងសមរភូមិអ៊ុយក្រែនអាចបន្ថយខ្លះ។ ក្នុងទ្រឹស្តីតុល្យភាពអំណាចឬ balance-of-power នេះជាគំរូដែលអំណាចមួយទទួលបានផលប្រយោជន៍ពីការបែកចែកការផ្តោតអារម្មណ៍របស់គូប្រជែង។

៣. រុស្ស៊ីអាចពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកវិទ្យាជាមួយអ៊ីរ៉ង់ក្នុងកម្រិតជាក់ស្តែង ដូចដែលបានឃើញក្នុងបរិបទសង្គ្រាមអ៊ុយក្រែន។ ទោះយ៉ាងណា ឱកាសនេះក៏មានហានិភ័យផងដែរ ព្រោះការចូលរួមជ្រៅពេកអាចបង្កសម្ពាធទណ្ឌកម្មបន្ថែម និងបង្កឱ្យរុស្ស៊ីប្រឈមនឹងការប៉ះទង្គិចអន្ដរជាតិធំជាងមុន។

* ចិន ការគណនាប្រយោជន៍ក្រោមគោលការណ៍ប្រុងប្រយ័ត្ន
ចិន ហាក់មានការគណនាយុទ្ធសាស្ត្រដែលប្រយ័ត្នជាង។ ចិននាំចូលប្រេងប្រមាណពាក់កណ្តាលពីមជ្ឈិមបូព៌ា ដូច្នេះស្ថេរភាពតំបន់គឺជាប្រយោជន៍ស្នូលសម្រាប់សន្តិសុខថាមពលរបស់ក្រុងប៉េកាំង។ បើជម្លោះអូសបន្លាយមិនមែនជាផលប្រយោជន៍រយៈពេលវែងសម្រាប់ចិនទេ ព្រោះវាបង្កហានិភ័យលើខ្សែសង្វាក់ផ្គត់ផ្គង់ និងគម្រោង Belt and Road Initiative។ ទោះជាយ៉ាងណា ក្នុងទស្សនៈពួកប្រាកដនិយម (Realist) ចិនអាចទទួលបានឱកាសពីការដែលអាមេរិកផ្តោតអារម្មណ៍លើមជ្ឈិមបូព៌ា។ ប្រសិនបើវ៉ាស៊ីនតោនត្រូវបែងចែកសមត្ថភាពយោធា និងធនធានការទូត ចិនអាចពង្រឹងឥទ្ធិពលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមិនបង្កសង្គ្រាមដោយផ្ទាល់។ ប៉ុន្តែការវាយតៃវ៉ាន់ក្នុងពេលតែមួយនឹងជម្លោះមជ្ឈិមបូព៌ា គឺមានហានិភ័យខ្ពស់ ប្រៀបដូចជាការដុតភ្នក់ភ្លើងនៅក្នុងមុងខ្លួនឯង ព្រោះវាអាចបង្កការប្រឆាំងពីសម្ព័ន្ធភាពអាមេរិក-ជប៉ុន-អូស្ត្រាលី។ ដូច្នេះជម្រើសដែលមានហេតុផលសម្រាប់ចិនគឺការរក្សាស្ថានភាព (strategic patience) ខណៈពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងការទូតជាជាងការចូលរួមយោធាដោយផ្ទាល់។

* អឺរ៉ុប ស្ថេរភាពថាមពល និងសម្ពាធមនុស្សធម៌
សម្រាប់អឺរ៉ុប ជម្លោះនេះមានទម្ងន់ហានិភ័យខ្ពស់ជាងឱកាស។ ក្រោយវិបត្តិអ៊ុយក្រែន អឺរ៉ុបបានព្យាយាមបញ្ច្រៀសការពឹងផ្អែកលើថាមពលរុស្ស៊ី និងពង្រីកការនាំចូលពីមជ្ឈិមបូព៌ា។ ប្រសិនបើច្រក Hormuz ឬ Suez ត្រូវរំខាន វាអាចបង្កសម្ពាធតម្លៃថាមពល និងអតិផរណាឡើងវិញ។ បន្ថែមពីនេះ អឺរ៉ុបមានបទពិសោធន៍វិបត្តិជនភៀសខ្លួនឆ្នាំ២០១៥ ដែលបង្កភាពតានតឹងនយោបាយក្នុងសហភាពអឺរ៉ុប។ ប្រសិនបើជម្លោះថ្មីបង្កលំហូរជនភៀសខ្លួន អឺរ៉ុបអាចប្រឈមសម្ពាធសង្គម និងការកើនឡើងនៃនយោបាយជ្រុលនិយម។ ទោះជាយ៉ាងណា អឺរ៉ុបក៏អាចប្រើវិបត្តិនេះជាឱកាសដើម្បីពង្រឹងគំនិត «ស្វ័យភាពយុទ្ធសាស្ត្រ» ឬ strategic autonomy និងបង្កើនវត្តមានការទូត និងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែសមត្ថភាពយោធា និងភាពសាមគ្គីក្នុង EU នៅតែជាកត្តាកំណត់។

សរុបមកក្នុងទ្រឹស្តីតុល្យភាពអំណាច ជម្លោះរវាងអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ អាចបង្កឱកាសសម្រាប់រុស្ស៊ី និងចិន ក្នុងកម្រិតប្រយោលតាមរយៈការបែកចែកការផ្តោតអារម្មណ៍ និងការរំខានប្រព័ន្ធថាមពល។ ប៉ុន្តែឱកាសទាំងនេះមិនមែនគ្មានហានិភ័យទេ។ ជម្លោះអូសបន្លាយអាចបង្កអស្ថិរភាពប្រព័ន្ធសកលដែលប៉ះពាល់ដល់គ្រប់អំណាចធំៗ។ ដូច្នេះក្នុងទស្សនៈពួកប្រាកដនិយម ជម្លោះនេះមិនបង្ក «អ្នកឈ្នះច្បាស់លាស់» ទេ ប៉ុន្តែបង្កការផ្លាស់ប្តូរគណនាយុទ្ធសាស្ត្ររបស់អំណាចធំៗ និងបំប្លែងតុល្យភាពអំណាចក្នុងប្រព័ន្ធអន្តរជាតិ។

សេចក្តីសន្និដ្ឋាន៖
សង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ នាដើមឆ្នាំ២០២៦ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែក ឬជាការឆ្លើយតបចំពោះហេតុការណ៍បន្ទាន់តែមួយប៉ុណ្ណោះទេ ប៉ុន្តែជាលទ្ធផលនៃការប្រទាក់ក្រឡាគ្នារវាងកត្តាភូមិសាស្ត្រ ប្រវត្តិសាស្ត្រ សន្តិសុខតំបន់ ការគណនានយោបាយក្នុងស្រុក និងការផ្លាស់ប្តូររចនាសម្ព័ន្ធអំណាចសកល។ ក្នុងសមីការនេះ អ៊ីរ៉ង់មានអត្ថន័យភូមិសាស្ត្រយុទ្ធសាស្ត្រខ្ពស់ដោយសារទីតាំងភ្ជាប់អាស៊ីកណ្ដាល-មជ្ឈិមបូព៌ា និងសមត្ថភាពបង្ក «អានុភាពតាមរយៈការរំខាន» leverage-by-disruption លើច្រកសមុទ្រសំខាន់ៗ (ជាពិសេស Strait of Hormuz និងច្រកពាក់ព័ន្ធសមុទ្រក្រហម) ដែលភ្ជាប់ផ្ទាល់ទៅសន្តិសុខថាមពល និងសេដ្ឋកិច្ចសកល។ ដូច្នេះសង្គ្រាមនេះ គឺជាការប៉ះទង្គិចលើ «ចំណុចបិទខ្ទប់យុទ្ធសាស្ត្រ» strategic chokepoints ដែលប៉ះពាល់លើសកលភ្លាមៗ មិនមែនត្រឹមតែជម្លោះក្នុងលម្ហតំបន់ទេ។

ជុំវិញទិដ្ឋភាពប្រវត្តិសាស្ត្រ និងសន្តិសុខ ទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ បានធ្វើដំណើរឆ្លកាត់នូវវដ្តវែងឆ្ងាយពោលគឺពីសម្ព័ន្ធភាពសម័យសង្គ្រាមត្រជាក់ ទៅការប្រឆាំងក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ និងការប្រកួតប្រជែងតាមបណ្តាញឥទ្ធិពល (proxy networks) នៅក្នុងតំបន់។ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទោះតាមទម្រង់ចរចា (JCPOA) ឬតាមទម្រង់សម្ពាធ (Maximum Pressure) ក៏បានបន្តក្លាយជាចំណុចប្រសព្វនៃភាពសង្ស័យ និងការគណនាយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ នៅក្នុងបរិបទប្រព័ន្ធអន្តរជាតិអនាធិបតេយ្យ បាតុភូតនេះអាចពន្យល់បានតាមទ្រឹស្តីទ្វេរគ្រោះសន្តិសុខ (Security Dilemma) ដែលសកម្មភាព «ការពារខ្លួន» របស់ភាគីមួយត្រូវបានយល់ថា «ការគំរាមកំហែង» ដោយភាគីមួយទៀត ហើយនាំឱ្យមានវដ្តប្រកួតប្រជែងសមត្ថភាពយោធា និងការឆ្លើយតបមិនចេះចប់។

បើយកមកវាយតម្លៃលើ «ខាត-ចំណេញ» នោះភាពខុសគ្នានៃភូមិសាស្ត្រសមរភូមិ (battlefield geography) និងរចនាសម្ព័ន្ធអំណាច បានធ្វើឱ្យភាគីទាំងបីមិនទទួលផលដូចគ្នា។ អ៊ីរ៉ង់ និងអ៊ីស្រាអែល ជាភាគីដែលរងខូចខាតផ្ទាល់លើដែនដី ស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងស្ថេរភាពក្នុងស្រុកមានន័យថា «កម្រិតខាត» ជាក់ស្តែង និងមានអន្តរកាលវែងក្នុងការស្តារឡើងវិញ។ ខណៈសហរដ្ឋអាមេរិក ជាអំណាចសមុទ្រ និងមានបណ្តាញមូលដ្ឋានយោធាក្រៅប្រទេស ទំនងជាខាតផ្នែកថវិកា ហានិភ័យលើមូលដ្ឋាន និងភាពតានតឹងក្នុងនយោបាយក្នុងស្រុក ជាងខាតផ្ទាល់លើស៊ីវិលនៅទឹកដីខ្លួន។

ទោះយ៉ាងណា «ចំណេញ» របស់អាមេរិក និងអ៊ីស្រាអែល (ប្រសិនបើអាចបន្ថយសមត្ថភាពអ៊ីរ៉ង់ ឬបំបែកបណ្តាញឥទ្ធិពលតំបន់) គឺជាចំណេញយុទ្ធសាស្ត្រយូរអង្វែងលើតុល្យភាពអំណាច និងការរារាំង (deterrence) នៅមជ្ឈិមបូព៌ា ប៉ុន្តែវាក៏បានភ្ជាប់ជាមួយនឹង «ថ្លៃដើម» ធ្ងន់ធ្ងរនៅលើទិដ្ឋភាពសន្តិសុខថាមពល និងភាពស្របច្បាប់ (legitimacy) ក្នុងក្របខណ្ឌច្បាប់អន្តរជាតិ និងការយល់ឃើញសាធារណៈជន។ លើកលែងតែភាគីនៅសមរភូមិ សង្គ្រាមនេះក៏បើក «ឱកាស» ឱ្យអ្នកនៅពីក្រៅឆាក ជាពិសេសរុស្ស៊ី ចិន និងអឺរ៉ុប តាមរបៀបខុសៗគ្នា។

រុស្ស៊ីអាចពង្រីកឥទ្ធិពលតាមការច្របាច់ទីផ្សារថាមពល និងការបង្កើនទម្ងន់ការទូត នៅពេលអឺរ៉ុបត្រូវប្រឈមសម្ពាធថាមពល និងសន្តិសុខ។ ចិនអាចជ្រើសយុទ្ធសាស្ត្រ «គាំទ្រដោយមិនបង្ហាញមុខ» (support without direct entanglement) ដើម្បីរក្សាផ្លូវពាណិជ្ជកម្ម និងប្រយោជន៍ថាមពល ខណៈព្យាយាមមិនឱ្យសង្គ្រាមរីករាលដាលទៅជាវិបត្តិដែលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួន។ ចំពោះអឺរ៉ុប សង្គ្រាមនេះជាវិបត្តិផ្ទាល់ទាំងថាមពល និងជនភៀសខ្លួន ប៉ុន្តែអឺរ៉ុប ក៏អាចប្រើឱកាសការទូត និងមនុស្សធម៌ដើម្បីបង្កើនវត្តមាន និងភាពពាក់ព័ន្ធនៅក្នុងស្ថាបត្យកម្មសន្តិសុខតំបន់ ទោះមានកម្រិត ដោយសារសមត្ថភាពយោធា និងការពឹងផ្អែកលើអាម៉េរិកនៅតាមច្រកសន្តិសុខសំខាន់ៗ។

នៅចំណុចចុងក្រោយ សង្គ្រាមនេះកំពុងឆ្លុះបញ្ចាំងបរិបទធំជាងតំបន់ សណ្តាប់ធ្នាប់សកលកំពុងផ្លាស់ប្តូរទៅលំនាំដែលការប្រកួតប្រជែងអំណាចកាន់តែច្បាស់ ការប្រើកម្លាំងកាន់តែទូលំទូលាយ និង «ច្បាប់-ស្ថាប័ន» ត្រូវប្រឈមការសាកល្បជាញឹកញាប់។ នៅក្នុងអន្តរកាលបែបនេះ រដ្ឋធំៗនឹងបន្តសាកល្បងដែនកំណត់នៃឥទ្ធិពល និងកំណត់ឡើងវិញនូវតុល្យភាពអំណាចតំបន់ ដោយប្រើទាំងសម្ព័ន្ធភាព បណ្តាញខ្ចីដៃ ការគ្រប់គ្រងច្រកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចថាមពលជាឧបករណ៍នយោបាយ។ ដូច្នេះ សំណួរសំខាន់មិនមែនត្រឹមតែ «អ្នកណាចំណេញ» ទេ ប៉ុន្តែថា តើពិភពលោកកំពុងចូលទៅកាន់ស្ថេរភាពថ្មីមួយ ឬកំពុងឈានចូលវដ្តប្រកួតប្រជែងដែលអាចបង្កវិបត្តិធំជាងនេះ ជាពិសេសនៅពេល chokepoints ថាមពល និងផ្លូវពាណិជ្ជកម្មសកល ត្រូវបានយកមកធ្វើជាឧបករណ៍សម្ពាធយុទ្ធសាស្ត្រ។ សម្រាប់សហគមន៍អន្តរជាតិ ចម្លើយមួយដែលអាចមើលឃើញច្បាស់គឺ នៅក្នុងយុគសម័យអន្តរកាល ការគ្រប់គ្រងហានិភ័យ (risk management) និងការកសាងយន្តការបន្ធូរភាពតានតឹង (de-escalation mechanisms) នឹងក្លាយជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីជៀសវាងសង្គ្រាមតំបន់ក្លាយទៅជាវិបត្តិសកល៕