អភិបាលស្រុកស្ទោង ដាក់បទបញ្ជាទប់ស្កាត់បទល្មើសនានា ក្នុងការរុករានទន្ទ្រានព្រៃលិចទឹកនៅតំបន់បី និងបង្ក្រាបក្មេងទំនើងក្នុងមូលដ្ឋាន

13-03-2026 17:48

(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ប្រចាំខែមីនា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានលើកឡើងថា ការបង្ក្រាបបទល្មើស និងអំពើអនាធិបតេយ្យនានា ជាកិច្ចការរួមរបស់យើងទាំងអស់គ្នា។

លោកបន្ត​ថា កិច្ចការនេះ មិនមែនសម្រាប់តែកងកម្លាំងទាំងបី ឬមន្ត្រីរាជការនោះទេ ស្ថាប័នអង្គភាពមួយណានោះទេ ប្រជាពលរដ្ឋ ក៏ជាចំណែកមួយយ៉ាងសំខាន់បំផុត ក្នុងការសហការ ដើម្បីទប់ស្កាត់បទល្មើស និងអំពើអនាធិបតេយ្យ ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត សំដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅ ជូនពុកម៉ែបងប្អូនក្នុងមូលដ្ឋាន ឱ្យខាងតែបាន។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះ ប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាព អាជ្ញាធរជំនាញពាក់ព័ន្ធ ជាពិសេសកងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយអំពីលិខិតបទដ្ឋាន គតិយុទ្ធនានា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស នៅតាមសាលារៀនសំដៅធានាឱ្យបានជ្រាប ដើម្បីសហការ និងយល់ដឹងព្រមទាំងអនុវត្ត ចូលរួមរក្សាសន្តិសុខមូលដ្ឋានយើងជាមួយគ្នា។

លោក សាយ គឹមឡម បានដាក់បទបញ្ជាការទប់ស្កាត់បទល្មើសនានា ក្នុងការរុករានទន្ទ្រានព្រៃលិចទឹកនៅតំបន់បី ការបង្ក្រាបបទល្មើសនេសាទ បទល្មើសធនធានធម្មមច្ឆជាតិ ព្រៃឈើ ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង គ្រឿងញៀន ព្រមទាំងការធ្វើអនាម័យបរិស្ថាននៅតាមភូមិដ្ឋាន ជាពិសេសនៅតាមផ្លូវជាតិលេខ៦ ឱ្យបានស្រស់ស្អាត ប្រកបដោយសោភណ័ភាព និងចូលរួមសហការ ក្នុងការស្រង់ស្ថិតិ និងគ្រប់គ្រងជនបរទេសដែលបានកំពុងស្នាក់នៅ ឬប្រកបអាជីវកម្មនៅក្នុងស្រុកស្ទោង៕