លោកបណ្ឌិត ជា មុនីឫទ្ធិ៖ នយោបាយការទូតរបស់ចិន «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ»
13-03-2026 17:49
(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញទស្សនៈរបស់លោកមកកាន់បណ្ដាញព័ត៌មាន Fresh News ជុំវិញសំណួរថាតើហេតុអ្វីបានជាចិន ហាក់ស្ងប់ស្ងាត់ក្នុងការជួយសម្ព័ន្ធមិត្ត នៅពេលសម្ព័ន្ធមិត្តរងការឈ្លានពាន ឬសង្រ្គាម?
ក្នុងនាមជាអ្នកស្រាវជ្រាវពីចិន លោកបណ្ឌិតបានឲ្យដឹងថា តាំងពីបុរាណកាលរៀងមក ប្រទេសចិនត្រូវបានគេសង្កេតឃើញថា តែងអភិវឌ្ឍនយោបាយការបរទេស ដោយផ្តោតលើការសាងសង់ «ស្ពានមេត្រីភាព» ជាមួយបណ្តាប្រទេសទាំងអស់ ដោយគ្មានការចូលរួមក្នុងសម្ព័ន្ធភាពយោធាណាមួយឡើយ។ ទស្សនវិជ្ជានយោបាយនេះផ្អែកលើគោលការណ៍ថា ការរស់នៅរួមគ្នារបស់ប្រទេសនានានៅក្នុងពិភពលោកគួរត្រូវបានគោរពគ្នាទៅវិញទៅមក រួមគ្នាថែរក្សាសន្តិភាព និងអនុលោម តាមខ្លឹមសារច្បាប់អន្តរជាតិដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ពោលគឺមិនមែនដោយការបង្ខិតបង្ខំរំលោភបំពាន ឬដោយកម្លាំងយោធានោះឡើយ។
លោកបណ្ឌិត បានបន្តថា ក្នុងទស្សនវិជ្ជាចិន «ការទូតនិងច្បាប់អន្តរជាតិ» គឺជាមធ្យោបាយសំខាន់បំផុតសម្រាប់ដោះស្រាយវិវាទ។ ប្រទេសចិនតែងលើកទឹកចិត្តឱ្យមានការចរចា ការពិភាក្សា ការពិគ្រោះយោបល់ និងការស្វែងរកដំណោះស្រាយតាមផ្លូវសន្តិភាព។ វិធីសាស្រ្តនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ ដែលមានភាពស៊ីវិល័យ ដែលប្រទេសនានាអាចពឹងផ្អែកលើច្បាប់ និងស្ថាប័នអន្តរជាតិដែលជាជម្រើសតែមួយគត់ ដោយមិនអាចប្រើកម្លាំងយោធាមកជំនួសបានឡើយ។ ចិនបានប្រកាសជាប់ជានិច្ចតាំងពី បុរាណកាលមកថា «មិនថាប្រទេសចិនក្លាយជាប្រទេសខ្លាំងប៉ុណ្ណាទេ ក៏ចិនមិនមានចេតនាណាមួយក្នុងការធ្វើអនុត្តរភាពទៅលើប្រទេសដទៃណាមួយឡើយ»។
តាមប្រវត្តិសាស្ត្ររបស់ខ្លួន ប្រទេសចិនតែងអះអាងថា ខ្លួនមិនមានគោលបំណងស្វែងរកអនុត្តរភាពលើ ប្រទេសណាមួយឡើយ។ ផ្ទុយទៅវិញប្រទេសចិន បានលើកឡើងជាប់ជានិច្ចពីគោលការណ៍គោរព អធិបតេយ្យភាព និងសិទ្ធិរបស់ប្រជាជននៃប្រទេសនីមួយៗ ហើយដែលចិនបានសាទរជាមួយបណ្តា ប្រទេសទាំងឡាយដែលបានគោរពដល់ «គោលការណ៍ចិនតែមួយ» ។ ចាប់តាំងពីឆ្នាំ១៩៥៥មក គោលការណ៍ «មិនលូកដៃចូលកិច្ចការផ្ទៃក្នុង» ត្រូវបានចិនចាត់ទុកថាជាមូលដ្ឋានសំខាន់ក្នុងទំនាក់ទំនងការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ទៀតថា ក្នុងការដំណោះស្រាយបញ្ហាអន្តរជាតិ ប្រទេសចិនក៏តែងប្រើវិធីសាស្រ្តដែលផ្តោតលើការវិភាគយ៉ាងជ្រាលជ្រៅ និងពិនិត្យគ្រប់ជ្រុងជ្រោយ។ វាអាចប្រៀបធៀបបាននឹងទស្សនវិជ្ជានៃការព្យាបាលបែបបុរាណចិន ដែលជឿថាការព្យាបាលមានប្រសិទ្ធភាពត្រូវតែរកឱ្យឃើញមូលហេតុពិតប្រាកដនៃជំងឺជាមុនសិន បន្ទាប់មកទើបផ្តល់វិធីសាស្រ្តព្យាបាលដែលសមស្រប ដើម្បីជៀសវាងហានិភ័យដល់សុខភាពរបស់អ្នកជំងឺ។ ដូចគ្នានេះដែរ ក្នុងវិស័យនយោបាយអន្តរជាតិ ចិនព្យាយាមស្វែងរកដើមហេតុនៃវិវាទ មុននឹងផ្តល់ដំណោះ ស្រាយដែលអាចធានាបាននូវស្ថិរភាពយូរអង្វែង។
ជាមួយគ្នានេះ ចិនក៏បានលើកឡើងនូវទស្សនៈថា ពិភពលោកគួរត្រូវបានចាត់ទុកថាជា «ភូមិដ៏ធំមួយ» ដែលប្រទេសទាំងអស់អាចរស់នៅជាមួយគ្នាដោយសន្តិភាព និងការគោរពគ្នាទៅវិញទៅមក។ ទស្សនៈនេះ ត្រូវបានបង្ហាញតាមប្រាជ្ញាចិនតាំងពីឆ្នាំ២០១៣មក ស្តីពី «កិច្ចកសាងសហគមន៍ដែលមានវាសនារួមគ្នា សម្រាប់មនុស្សជាតិ» ដែលលើកទឹកចិត្តឱ្យប្រទេសនានាសហការរួមគ្នាដោះស្រាយបញ្ហាសកលដូចមាន ចែងនៅក្នុងខ្លឹមសារនៃ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» និង «គំនិតផ្តួចផ្តើមសកលទាំង៤» ជាដើម។
ជារួមទស្សនវិជ្ជានយោបាយការបរទេសរបស់ប្រទេសចិន ផ្អែកលើគោលការណ៍សន្តិភាព ការគោរព អធិបតេយ្យភាព និងកិច្ចសហការប្រតិបត្តិការអន្តរជាតិឈរលើការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ។ តាមរយៈការបង្កើតស្ពានមេត្រីភាព និងការប្រើប្រាស់ការទូតជាមធ្យោបាយសំខាន់ ប្រទេសចិនមានបំណងរួមចំណែកក្នុងការកសាងពិភពលោកមួយដែលមានលក្ខណៈពហុប៉ូល ពោរពេញដោយស្ថិរភាព សន្តិភាព សហការ និងរួមគ្នាអភិវឌ្ឍ៕








