បណ្ឌិត កៅ ថាច អមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតនៅប្រទេសណូវែលសេឡង់
13-03-2026 19:58
(ទីក្រុង អូក្លិន - ណូវែលសេឡង់)៖ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦, បណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ រួមជាមួយសហការី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិតអាហាររូបករណ៍ដែលកំពុងសិក្សានៅប្រទេសណូវែលសេឡង់ សរុបប្រមាណជិត ២០០នាក់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានជម្រាបជូនអង្គពិធីអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាបញ្ហាប្រឈមនានាក្នុងបរិបទសកលលោក។
ជាកិច្ចសំខាន់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសភាពការណ៍តាមបណ្តោយព្រំដែន ដោយបានសង្កត់ធ្ងន់លើជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ចំពោះការរំលោភបំពាននានាដែលប៉ះពាល់ដល់ខឿនការពារជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ រក្សាសន្តិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមោទនភាពជាតិ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេស៕




















