បុគ្គលិកកន្លែងផ្តល់កម្ចីខុសច្បាប់ ស្នើសុំអាជ្ញាធរជួយអន្តរាគមន៍ បន្ទាប់ពីថៅកែមិនព្រមឱ្យលាឈប់ពីការងារ

13-03-2026 20:07

(ភ្នំពេញ)៖ បុគ្គលិកបម្រើការងារនៅហាងបញ្ចាំឈ្មោះ S.R នៅសាខាកំបូលចំនួន៥នាក់ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ឱ្យពួកគេបានឈប់ពីការងារ បន្ទាប់ពី​ថៅកែរារាំងមិនឱ្យឈប់ការងារ ដោយតម្រូវឱ្យពួកគេដើរប្រមូលដែលហាងបញ្ចាំនេះ លួច​ផ្តល់កម្ចីដោយខុសច្បាប់ឱ្យអស់ជាមុនសិន។

បុគ្គលិកទាំង៥នាក់ ដែលបានសុំលាឈប់ពីការងារតែថៅកែរារាំងមិនឱ្យឈប់នេះ រួម​មាន៖ ១) ឈ្មោះ ឈិត កុសល មានតួនាទីជានាយកសាខា, ២) ឈ្មោះ ជា វីន មាន​តួនាទី​ជាមន្ត្រីឥណទាន, ៣) ឈ្មោះ កប សុធា មានតួនាទីជាមន្ត្រីឥណទាន, ៤) ឈ្មោះ ងឹម ឆៃលី មានតួនាទីជាមន្ត្រីឥណទាន និងទី៥) ឈ្មោះ ចាន់ ពន្លឺ មានតួនាទីជា​មន្ត្រី​ឥណទាន។

បុគ្គលិកទាំង៥រូប បានដាក់ពាក្យលាឈប់ពីការងារកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦​កន្លង​ទៅនេះ ប៉ុន្តែគេមិនចុះហត្ថលេខាលើពាក្យលាឈប់នោះឡើយ ហើយបានបោះ​សម្តី​គំរាម​កំហែងផ្សេងៗលើពួកគេថែមទៀត។

លោក ឈិត កុសល បានប្រាប់ Fresh News នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ​២០​២៦​នេះ​ថា រូបលោក បានមកបំពេញនៅហាងបញ្ចាំ S.R កាលពីដើមឆ្នាំ២០២៥។ លោក ឈិត កុសល បានឱ្យដឹងថា ដ្បិតតែពួកគេធ្វើការងារនៅហាងបញ្ចាំ តែបានធ្វើការងារ​ផ្តល់​កម្ចីប្រាក់។

ក្នុងកិច្ចសន្យាផ្តល់កម្ចី បានរំលេចឈ្មោះម្ចាស់លុយផ្តល់កម្ចីមានឈ្មោះថា អ៉ឹម ច័ន្ទដារ៉ា ដែលជាម្ចាស់ទីតាំងហាងបញ្ចាំ S.R ផងដែរ។ លោក អ៉ឹម ច័ន្ទដារ៉ា ជាមន្ត្រីយោធា​ផង​ដែរ។

លោក ឈិត កុសល បានបញ្ជាក់ថា មូលហេតុដែលរូបគេ និងបុគ្គលិក៤នាក់ផ្សេង​ទៀត ស្នើសុំលាឈប់ពីការងារនេះ ព្រោះតែកន្លែងការងាររបស់ពួកគេជាកន្លែងផ្តល់កម្ចី​ខុស​ច្បាប់ធ្វើឱ្យពួកគេបារម្ភពីការប្រឈមចំពោះមុខច្បាប់នានា។ ជាពិសេសនៅពេល​ថ្មីៗនេះ កន្លែងការងាររបស់ពួកគេគ្រោងនឹងធ្វើកិច្ចសន្យាថ្មី ដែលតម្រូវឱ្យពួកគេទទួល​ខុស​ត្រូវចំពោះកម្ចីដែលខូច ពោលកម្ចីដែលអ្នកខ្ចីមិនសងត្រឡប់មកវិញ។

លោក ឈិត កុសល បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ឱ្យពួកគេ​បាន​ឈប់ពីការងារនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈិត កុសល ធ្លាប់បានទៅរាយការណ៍ជូន​នគរបាល​ខណ្ឌ​កំបូលផងដែរ តែនគរបាលខណ្ឌមិនទាន់មានដំណោះស្រាយជូនពួកគេ​នៅឡើយ​នោះទេ៕