អ្នកនាំពាក្យ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ទទួលបានជោគជ័យ និងបានក្លាយជាគំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់

13-03-2026 21:20

(ភ្នំពែញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ការអនុវត្តយុទ្ធនាការ Say No to Fake News ក្នុងឆ្នាំ២០២៥ ទទួលបានជោគជ័យដោយមានពលរដ្ឋចូលរួមប្រមាណ ៩លាននាក់ ដើម្បីផ្សព្វផ្សាយទៅដល់មនុស្សរាប់លាននាក់ទៀត នៅក្នុងប្រទេសកម្ពុជា និងដល់ពិភពលោក អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Malinformation និង Disinformation ដើម្បីផ្តល់សុវត្ថិភាពឌីជីថលជូនពលរដ្ឋកម្ពុជា និងក្នុងក្របខណ្ឌប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់ និងជាសកល។

ប្រធានលេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន ត្រូវបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៥ ក្នុង២៥រាជធានី-ខេត្ត ដើម្បីលើកកម្ពស់សន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដោយផ្តោតលើការបង្កើនកម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសកម្មជាង ១៤លាននាក់ ស្មើនឹងប្រមាណ៧៨% នៃចំនួនពលរដ្ឋសរុប។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងកាត់បន្ថយផលវិបាកអវិជ្ជមាន និងការពារប្រជាពលរដ្ឋឱ្យជៀសផុតពីគ្រោះថ្នាក់ទាំងឡាយ ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ សំដៅធានាបាននូវសុវត្ថិភាពព័ត៌មាន និងជំនឿទុកចិត្តក្នុងសង្គមឌីជីថល។

ជាមួយគ្នានេះដែរ លោកបានថ្លែងថា តាមរយៈយុទ្ធនាការជាតិនេះ ប្រតិបត្តិករ និងតួអង្គទាំងអស់ដែលចូលរួមបានចាក់បញ្ចូលមាតិកាលើកម្ពស់អក្ខរកម្ម និងបែបអប់រំក្នុងទម្រង់ចម្រុះចំនួនជាង ១២ ០០០មាតិកា ទៅក្នុងបណ្តាញសង្គម ដោយទទួលបានអ្នកតាមដាន ដើម្បីចែករំលែកបន្តសរុបជាង ៨,៤លាន ក្នុងយុទ្ធនាការនេះ។ មិនតែប៉ុណ្ណោះ សារអប់រំក៏ត្រូវបានបញ្ជូនតាមរយៈប្រព័ន្ធសារចល័ត(SMS) បានទៅដល់ដៃអ្នកប្រើប្រាស់ទូរស័ព្ទ ២៣លាន ខ្សែ/គណនីនៅទូទាំងប្រទេស។ ការផ្សព្វផ្សាយតាមបែបឌីជីថលទាំងនេះ ត្រូវបានបន្ទរបន្ថែមដោយការចុះផ្សព្វផ្សាយដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដែលបានរៀបចំតាមទីប្រជុំជនរាជធានី-ខេត្ត ជាង ៥០០លើក និងការផ្សាយសារអប់រំលើផ្ទាំងប៉ាណូធំៗចំនួន ៦១ផ្ទាំង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

លោក ទេព អស្នារិទ្ធ បានលើកឡើងថា ក្នុងការអនុវត្តយុទ្ធនាការនេះ ក្រសួងព័ត៌មាន បានសហការជាមួយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងវិស័យឯកជន ក្នុងនោះមន្ទីរព័ត៌មានបានសម្របសម្រួលរៀបចំសកម្មភាពចុះផ្សព្វផ្សាយផ្ទាល់ដល់ពលរដ្ឋ និងតាមបណ្តាញសង្គម ព្រមទាំងមានការចូលរួមពីអាជ្ញាធរក្នុងរាជធានី-ខេត្តទាំងអស់ អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម សិស្ស និស្សិត អាជីវករ និងពលរដ្ឋទូទៅ។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានបង្ហាញពីគុណតម្លៃនៃយុទ្ធនាការនេះថាបានដើរតួនាទីយ៉ាងសំខាន់ជាខែលការពារពលរដ្ឋ ពិសេសជួយយុវជនកម្ពុជាដែលស្មើនឹង ៦៦% នៃចំនួនប្រជាជនសរុប ឱ្យជៀសផុតពីហានិភ័យនៃការឆបោក ការកេងចំណេញផ្នែកនយោបាយ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។

លោកបានថ្លែងទៀតថា យុទ្ធនាការបានចូលរួមផ្តល់ស្ថិរភាពសតិអារម្មណ៍ និងសាមគ្គីភាពជាតិក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយទប់ស្កាត់បាននូវការធ្លាក់ចូលក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយពីបរទេស និងសារព័ត៌មានក្រៅប្រទេសដែលបម្រើរបៀបវារៈនយោបាយឈ្លានពានទឹកដី រំលោភអធិបតេយ្យភាពកម្ពុជា។

ជាកិត្យានុភាពជាតិលើឆាកអន្តរជាតិ, លោក ទេព អស្នារិទ្ធ បានបង្ហាញបទពិសោធន៍ដែលក្រសួងព័ត៌មាន ទទួលបានពីការចូលរួមក្នុងវេទិកាអន្តរជាតិនានាកន្លងមក ពិសេសតាមរយៈវេទិកាក្នុងតំបន់ថា បណ្តាប្រទេសអាស៊ានបានទទួលស្គាល់ កម្ពុជាជាប្រទេសគំរូក្នុងតំបន់ លើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ ក្នុងវេទិការទាំងនោះ កម្ពុជាក៏បានចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រនៃការប្រយុទ្ធប្រឆាំង ទប់ស្កាត់ព័ត៌មានក្លែងក្លាយជូនដល់បណ្តាប្រទេសដែលបានដកពិសោធន៍ និងការរៀនសូត្រពីកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងប្រទេសខ្លួនផងដែរ។

បន្ថែមលើយុទ្ធនាការនេះទៀត ក្រសួងព័ត៌មានក៏បានសហការជាមួយក្រសួង ស្ថាប័នក្នុងការអនុវត្តយន្តការបន្សាបព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងបរិយាកាសល្អសម្រាប់ការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ បានគ្របដណ្តប់លើវិស័យសំខាន់ៗ រាប់បញ្ចូលទាំង ទេសចរណ៍ ពាណិជ្ជកម្ម ការងារ នវានុវត្តន៍ ទីផ្សារ សុខាភិបាល និងសន្តិសុខ ជាដើម ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងជំនឿទុកចិត្តពីសំណាក់សាធារណជន និងវិនិយោគិន។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «យុទ្ធនាការជាតិដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយនេះ បានក្លាយជានិមិត្តរូបនៃការធានាសុវត្ថិភាពព័ត៌មានជូនដល់ពលរដ្ឋ ទាំងអស់ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មសម្រាប់ការទទួលព័ត៌មាន»។