រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែង នៅជាប់ផ្លូវល្បឿនលឿន ក្នុងខេត្តកំពង់ស្ពឺ មិនអនុវត្តក្រមបរិស្ថាន បង្ហូរសំណល់រាវមិនសំអាតបង្កផលប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយខ្លាំង
13-03-2026 21:57
(កំពង់ស្ពឺ)៖ រោងចក្រកែច្លៃផ្លែស្វាយមួយកន្លែងស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដំណើរការច្រវាក់ផលិតកម្មដោយមិនអនុវត្តក្រមបរិស្ថាន មិនបានស្នើសុំច្បាប់នានាពីក្រសួងបរិស្ថាន ហើយបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយខ្លាំង។ ប្រជាពលរដ្ឋរស់នៅក្បែររោងចក្រ ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវល្បឿនលឿនឆ្លងកាត់ទីតាំងនេះ ធំក្លិនស្អុយខ្លាំងទ្រាំមិនបាននោះឡើយ។
កិច្ចការពារបរិស្ថាន និងការទប់ស្កាត់ការបង្ហូរកាកសំណល់រាវចេញពីទីតាំងរោងចក្រ សហគ្រាសនានា ជាកិច្ចការដែលក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់បំផុត។ ការបង្ហូរការសំណល់រាវចេញពីរោងចក្រ ដោយមិនបានសំអាតឱ្យបានត្រឹមត្រូវប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ រុក្ខជាតិ និងសត្វផងដែរ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិសា្ថន បានចុះទៅដល់ទីតាំងរោងចក្ររបស់ក្រោមហ៊ុន Khun Da Sambath Co., Ltd.។ យោងតាមព័ត៌មានពីក្រុមអធិការកិច្ចក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមហ៊ុន Khun Da Sambath Co., Ltd. ជាក្រុមហ៊ុនកែច្នៃ និងចិតស្វាយ ជាផលិតផលពាក់កណ្តាលសម្រេច ដើម្បីបញ្ជូនទៅក្រុមហ៊ុនផ្សេងទៀតសម្រាប់ធ្វើជាផលិតផលសម្រេច។
ក្រុមហ៊ុន បានបើកដំណើរការនៅឆ្នាំ២០២២ ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ ៥០០០ម៉ែត្រការ៉េ មានកម្មករធ្វើការសរុបចំនួន ៣៦០នាក់។ ក្រុមហ៊ុនមិនមានច្បាប់អនុញ្ញាតពីមន្ទីរ ឬក្រសួងបរិស្ថាន ហើយក៏មិនមានលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ គ្រោះថ្នាក់ ត្រួតពិនិត្យការបំពុលខ្យល់ និងបញ្ជាក់គុណខ្យល់នោះដែរ។
តាមរយៈការចុះពិនិត្យដោយល្អិតល្អន់ ក្រុមអធិការកិច្ចក្រសួងបរិស្ថាន បានពិនិត្យឃើញទីតាំងដីចំណីផ្លូវខាងត្បូងផ្លូវល្បឿនលឿនឃើញមានសំណល់ទឹកស្វាយស្អុយមានពណ៌ខ្មៅនៅដក់ជាប់ផ្លូវល្បឿនលឿន (ជាសំណល់ចាស់) ដែលក្រុមហ៊ុនបានសុំយកសំណល់រាវមកចាក់ក្នុងស្រះដីឯកជនដោយបានធ្វើឱ្យខូចទឹកស្រះនោះ និងមានក្លិនស្អុយ។
បច្ចុប្បន្នេះ ក្រុមហ៊ុនបានបង្ហូរសំណល់រាវមិនទាន់សម្អាតចូលក្នុងស្រះចំនួនពីរខាងក្រៅរបង រួចបង្ហូរបន្តចូលតាមរងចំការដូងមានទំហំដីសរុបប្រមាណ៧ហិកតា ដែលធ្វើឱ្យមានក្លិនស្អុយសាយភាយពេញតំបន់។
ក្រុមអធិការកិច្ច បានរកឃើញទៀតថា ការគ្រប់គ្រងសំណល់រឹងពីច្រវាក់ផលិតកម្មត្រូវបានដាក់ចូលផ្ទាល់ទៅក្នុងរថយន្តសម្រាប់ដឹកចេញជាប្រចាំថ្ងៃ និងមិនមានទីតាំងសម្រាប់ទុកដាក់សំណល់ត្រឹមត្រូវ ដោយក្រុមហ៊ុនបានចុះកិច្ចសន្យាដឹកជញ្ជូនសំណល់ជាមួយក្រុមហ៊ុនដឹកសំណល់ជាមួយក្រុមហ៊ុន វែង សេង ហ្គ្រីន។
បើតាមក្រុមអធិការ ច្រវាក់ផលិតកម្មនៅក្នុងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថានប៉ះពាល់ដល់ការរស់នៅ និងសុខភាពសាធារណៈ ដែលជាការល្មើសទៅនឹងមាត្រា១៦១ ១៧៣ ៦៦៨ ៨៤៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។
នៅចំពោះមុខមន្ត្រីអធិការកិច្ច ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចំងាយប្រហែល ៧០០ម៉ែត្រ បានត្អូញត្អែរពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយនេះ ព្រមទាំងបញ្ហាទឹកស្អុយហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ជាពិសេសនៅរដូវវស្សា។
បន្ទាប់ពីបានពិនិត្យឃើញថា ក្រុមហ៊ុនបានដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួន ដោយគ្មានច្បាប់ពាក់ព័ន្ធបរិស្ថាន មិនអនុលោមតាមក្រមបរិស្ថាននោះ ក្រុមអធិការកិច្ច បានចាត់វិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖
១) ក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់
២) ក្រុមហ៊ុននឹងទទួលរងនូវពិន័យអន្តរកាល
៣) ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញ នៅទីតាំងដែលទទួលរងការបំពុល
៤) ក្រុមហ៊ុនត្រូវធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវ សម្អាតឱ្យបានស្អាតមុនបង្ហូរចេញ
៥) ក្រុមហ៊ុនត្រូវស្នើសុំច្បាប់ និងលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន
៦) ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាននៅក្នុងទីតាំងក្រុមហ៊ុនឱ្យបានល្អប្រសើរ ដូចជាការរៀបចំទីតាំងទុកដាក់សំណល់រឹងពីផលិតកម្មឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ឱ្យដាច់ដោយឡែក៕



















