មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើសិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧
13-03-2026 22:30
(កំពត)៖ លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពត។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់មន្ត្រីឱ្យយល់ដឹង និងចេះប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ផ្តល់លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងសេវាផ្សេងៗតាមប្រព័ន្ធអនឡាញជូនប្រតិបត្តិករដែលធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាទូរគមនាគមន៍។
ក្នុងបរិបទនៃការរីកលូតលាស់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងតម្រូវការនៃសេវាបញ្ញើប្រៃសណីយ៍កំពុងកើនឡើងយ៉ាងឆាប់រហ័ស សិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការកសាងសមត្ថភាព ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា ព្រមទាំងការធ្វើឱ្យនីតិវិធីរដ្ឋបាលមានភាពងាយស្រួល ប្រសើរឡើង សំដៅគាំទ្រដល់ការសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន៕












