លោក សុខ ពុទ្ធិវុធ ជួបពិភាក្សាការងារជាមួយអ្នកជំនាញអភិវឌ្ឍន៍ឌីជីថល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី

13-03-2026 22:32

(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ Ms. Carolyn Florey អ្នកជំនាញអភិវឌ្ឍន៍ឌីជីថល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB) ដើម្បីពិភាក្សាលើគម្រោង “Building Resilience for Integrated Digital Governance and Efficiency in Cambodia (BRIDGE)” នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ Ms. Carolyn Florey បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្ដល់កិច្ចសហប្រតិបត្ដិការប្រកបដោយការយកចិត្ដទុកដាក់ពី ក.ប.ទ. តាមរយៈលោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្ដិការរវាងក្រសួង និង ADB ដោយក្នុងនោះ បានគូសបញ្ជាក់ថាគម្រោង BRIDGE នេះ នឹងត្រូវអនុម័តនៅឆ្នាំ២០២៧។

ជាការឆ្លើយតប លោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការរបស់ ADB ដែលបានគាំទ្រដល់គម្រោង BRIDGE ដែលជាផ្នែកមួយដើម្បីពង្រឹងមូលដ្ឋានគ្រឹះឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈទំនើបកម្ម CamDX ការបង្កើនសមត្ថភាពស្ថាប័ន ក្របខ័ណ្ឌបទប្បញ្ញត្តិ និងភាពធន់នៃសន្តិសុខតាមអ៊ីនធឺណិត។

បន្ថែមលើនេះ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនពីវឌ្ឍនភាពអភិបាលកិច្ចទិន្នន័យ ប្រតិបត្ដិការសន្តិសុខសាយប័រ ការរចនាសេវាឌីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាពទាំងស្ថាប័ននិងធនធានមុស្ស។

ជាការឆ្លើយតប Ms. Carolyn Florey តំណាង ADB បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន ជាពិសេសលើការគ្រប់គ្រងការផ្លាស់ប្តូរ ដែលជាគន្លឹះក្នុងការធានាឱ្យការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ និង Ms. Carolyn Florey តំណាង ADB ក៏បានផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងកិច្ចសហការបន្ត លើផ្នែកសំខាន់ៗរួមមានការកសាងធនធានមនុស្សឌីជីថល អភិបាលកិច្ចទិន្នន័យ ការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការអនុវត្តស្តង់ដារសន្តិសុខតាមអ៊ីនធឺណិតជាតិ៕