អភិបាលខេត្តរតនគិរី បញ្ជាក់យ៉ាងច្បាស់ថា ខេត្តរតនគិរី គ្មានស្រមោល Scams Online នោះទេ (Video inside)
13-03-2026 22:36
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា ខេត្តរតនគិរី គ្មានស្រមោល Scams Online នោះទេ។
ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន អំពីការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scams Online ស្របតាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លោកអភិបាល បានគូសបញ្ជាក់យ៉ាងច្បាស់ថា ខេត្តរតនគិរី មិនមានទីតាំង Scams Online សូម្បីតែមួយ។
លោក ក៏តែងតែណែនាំដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ដែលមានផ្ទះ ឬអគារជួល ត្រូវធ្វើការរាយការណ៍ជាបន្ទាន់ប្រសិនជាមានជនបរទេសណាចូលមកជុំៗគ្នាច្រើន បង្ហាញសកម្មភាពគួរឱ្យសង្ស័យ ត្រូវប្រញាប់ជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។
ជាមួយគ្នានេះ លោក បានសង្កត់ធ្ងន់ថា «ខ្ញុំមិនចូលចិត្តល្បែងស៊ីសង ដូច្នេះខ្ញុំមិនឱ្យខេត្តរតនគិរីមានបទល្មើសឆបោកតាមអនឡាញនោះទេ សូម្បីតែមួយ»៕




