លោកបណ្ឌិត យង់ ពៅ ជំរុញឲ្យមានការផ្លាស់ប្ដូរគំនិតចង្រ្កៀងផ្ទះណាភ្លឺផ្ទះនោះ ប៉ុន្តែបើឆេះផ្ទះគេ ក៏អាចឆេះផ្ទះយើងដែរ (Video inside)

13-03-2026 22:41

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានជម្រុញឲ្យមានការផ្លាស់នូវគំនិតមួយចំនួនជុំវិញទស្សនៈថា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ដែលមានពាក្យនេះមានន័យមិនចង់ឲ្យខ្វាយខ្វល់លើបញ្ហារបស់អ្នកដទៃ បើនិយាយពីនយោបាយគឺមិនខ្វាយខ្វល់លើបញ្ហាដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោកជាដើមនោះ។

សម្រាប់លោកបណ្ឌិត នៅក្នុងន័យនយោបាយ ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះពិតមែន ប៉ុន្តែបើសិនជាចង្កៀងនោះធ្វើឲ្យឆេះផ្ទះរបស់អ្នកដទៃ ក៏អាចធ្វើឲ្យឆេះរាលដាលដល់ផ្ទះរបស់យើងបានដែរ បើទោះជាផ្ទះនោះមិននៅជិតផ្ទះរបស់យើងក៏ដោយ។ តួរយ៉ាងសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលកំពុងកើតមាននៅតំបន់មជ្ឈិមបូព៌ា បើទោះនៅឆ្ងាយពីប្រទេសរបស់មែន ប៉ុន្តែវិបត្តិបានមកដល់តំបន់អាស៊ី និងប្រទេសកម្ពុជាយើងទៅហើយ នោះគឺការឡើងថ្លៃប្រេងឥន្ធនៈ។

បន្ថែមពីនេះលោកបណ្ឌិត យង់ ពៅ បានជម្រុញឲ្យមានការផ្លាស់ប្ដូរទស្សនៈមួយទៀតគឺ «កុំផ្ដេកផ្ដួល ថាប្រទេសតូច បើទោះប្រទេសតូច ប៉ុន្តែត្រូវមានខួរក្បាលធំ» ក្នុងន័យបន្ថែមការគិត និងអភិវឌ្ឍន៍គំនិតឲ្យបានច្រើន។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិតុ្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦៕