ថ្ងៃទី២ នៃការដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ សម្រាប់បងប្អូនប្រជាពលរដ្ឋជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ

14-03-2026 12:15

(ភ្នំពេញ)៖ សូមជម្រាបជូនបងប្អូនដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ មេត្តាជ្រាបថា ការដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដែលធ្វើឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី១៣ ខែមីនា រហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ (ថ្ងៃទី២) មានបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ បាននឹងកំពុងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ បន្ទាប់ពី​ក្រសួងរៀបចំដែនដី ប្រកាសទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ដែលបានបង់ប្រាក់គ្រប់១០០%។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ដ. ន.ស.) បានប្រកាសកាលពីថ្ងៃទី១១ ខែមីនានេះ ដល់អតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ឱ្យដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ ចំនួន១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើសុំជាច្រើនលើកកន្លងមក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១៧៖០០នាទី នៅសាលសន្និបាត ២០២១ ជាន់ទី២ នៃទីស្តីការក្រសួង។

អតិថិជនត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១. កិច្ចសន្យាលក់ទិញដីឡូត៍និង/ ឬផ្ទះ ( ច្បាប់ដើម)
២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ ( ច្បាប់ដើម)
៣. ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ។​

ក្រសួងបានបញ្ជាក់បន្ថែមថា បើអតិថិជនខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិតាមកាលបរិច្ឆេទ ខាងលើនេះទេ ក្រសួងមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ឡើង។ ខាងក្រោមនេះ គឺជាសកម្មភាពអតិថិជន នៅគម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានមកទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ដែលបានបង់ប្រាក់គ្រប់១០០% នៅទីស្ដីការក្រសួងដែនដី។​

សូមគោរពអញ្ជើញបងប្អូនជាអតិថិជនមកដាក់ពាក្យស្នើសុំកុំបីខកខាន..!៕