ពិធីបុណ្យឆ្លង និងសម្ពោធនូវសមិទ្ធផលនានា នៅវត្តសុវណ្ណជ្រៃមាស, លោក លន់ សុផាត ផ្តល់អនុសាសន៍មួយចំនួន ដើម្បីរួមចំណែកដល់ការរីកចម្រើន នៃវិស័យព្រះពុទ្ធសាសនា
14-03-2026 13:30
(កំពង់ចាម)៖ លោក លន់ សុផាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ បានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យឆ្លង និងសម្ពោធនូវសមិទ្ធផលនានា នៅវត្តសុវណ្ណជ្រៃមាស (ហៅវត្តជ្រែក) ភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
ជាមួយនឹងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធផលនានា នាពេលនេះ លោក លន់ សុផាត សូមចែករំលែកនូវទស្សនាទាន និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីរួមចំណែកដល់ការរីកចម្រើន នៃវិស័យព្រះពុទ្ធសាសនា ដូចខាងក្រោម៖
ទី១៖ ជូនចំពោះ សមាណនិស្សិតនិងនិស្សិត សូមប្រើប្រាស់ចំណេះដឹងដែលទទួលបានចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ, បន្តចែករំលែកចំណេះដឹង អប់រំ ដល់យុវជនបន្តវេន ជំនាន់ក្រោយ, បន្តគោរពប្រណិបត៌ខ្ជាប់ខ្ជាប់ ធម៌វិន័យ ស្របតាមគោលការណ៍ព្រះពុទ្ធសាសនា, ពិនិត្យលទ្ធភាពបន្តការសិក្សាបន្ថែម ស្របតាមគោលការណ៍ក្រសួងអប់រំ «រៀនពេញមួយជីវិត»
ទី២៖ ជូនចំពោះ វត្តសុវណ្ណជ្រៃមាស សូមបន្តបេសកម្មជ្រោមជ្រែងវិស័យអប់រំ ដើម្បីចូលរួមចំណែកកសាងធនធានមនុស្ស ចំពោះសង្គមជាតិ ក្នុងន័យនេះ ខ្ញុំព្រះករុណាខ្ញុំ សូមស្នើសុំ ព្រះសង្ឃសូមបន្តអប់រំ ទេសនាឱ្យបានច្រើនពីបញ្ហាសង្គម (គ្រឿងញៀន, ក្មេងទំនើង…) ដើម្បីលើកកម្ពស់ សីលធ៌ម សុជីវធ៌ម និងគុណធ៌ម។
ទី៣៖ ជូនចំពោះគណៈអភិបាលស្រុក សូមបន្តយកចិត្តទុកដាក់ចំពោះ ទីវត្តអារាមក្នុងមូលដ្ឋានស្រុកខ្លួន, ខិតខំកៀគរ ថវិកា បច្ច័យ ជួយកសាង ឧបដ្ឋានសាលា សាលាធម្មសភា បណ្ណាល័យដែលជាឃ្លាំងចំណេះដឹងសម្រាប់អភិវឌ្ឍធនធានបន្តវេន, បន្តយកចិត្តទុកដាក់ សន្តិសុខ សុវត្ថិភាព គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព, ដោះស្រាយ អន្តរាគមន៍ទាន់ពេល គ្រោះអាសន្ននានា ក្នុងមូលដ្ឋាន
ទី៤៖ ជូនចំពោះ ប្រធានក្រុមការងារគណបក្សឃុំ សូមបន្តជួយអភិវឌ្ឍក្នុងវិស័យពុទ្ធចក្រ, ព្យាយាមដោះស្រាយសំណូមពរចាំបាច់នានា តាមទីវត្តអារាម ក្នុងមូលដ្ឋានខ្លួន, កៀគរ អ្នកវិនិយោគ សម្រាប់អភិវឌ្ឍក្នុងមូលដ្ឋានឃុំ, ស្វះស្វែងរកសក្តានុពល ទាំងទេសចរណ៍ ឧស្សហកម្ម ព្រមទាំងវិស័យនានា) ក្នុងមូលដ្ឋាននីមួយៗ
ទី៥៖ សូមរំលឹកជារួមជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមជឿទុកចិត្តរាជរដ្ឋាភិបាល ក្នុងយន្តការដោះស្រាយបញ្ហាអធិបតេយ្យភាពទឹកដី, កុំជឿការញុះញង់ ពីពួកអមិត្ត បង្កសកម្មភាព អសកម្មនានា, រាជរដ្ឋាភិបាលកម្ពុជា ពោលគឺគណបក្សប្រជានជន «មិនទុកពលរដ្ឋម្នាក់ណាចោលឡើយ»។
ក្នុងឱកាសនោះ លោក លន់ សុផាត ក៏បាននាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភសម្រាប់ការចំណាយ និងអំណោយកម្មវិធីទូទៅ ១៤,៧៥៣០,០០០រៀល និងប្រគេនថវិកាសាងសងកុដ្ឋហោត្រៃ ចំនួន៤០,០០០,០០០រៀល និងថវិកាកសាងខ្លោងទ្វា ៦០,០០០,០០០រៀល សរុបជារួម១១៤,៧៥៣,០០០រៀល៕























