CATA រៀបចំវេទិកា សៀមរាបឆ្នាំ២០២៦ នឹងទៅអនាគត ក្រោមប្រធានបទ «ការបង្កើតរូបភាពថ្មីនៃច្រកទ្វារទេសចរណ៍» ដើម្បីប្រមូលផ្ដុំភាគីពាក់ព័ន្ធក្នុងវិស័ទេសចរណ៏ រួបរួមគ្នាលើចក្នុវិស័យរួមមួយ
14-03-2026 13:53
(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកា សៀមរាបឆ្នាំ២០២៦ នឹងទៅអនាគត ក្រោមប្រធានបទ «ការបង្កើតរូបភាពថ្មីនៃច្រកទ្វារទេសចរណ៍» ដើម្បីប្រមូលផ្ដុំភាគីពាក់ព័ន្ធក្នុងវិស័ទេសចរណ៏ រួបរួមគ្នាលើចក្នុវិស័យរួមមួយ សម្រាប់ការអភិវឌ្ឍទេសចរណ៍របស់ខេត្តសៀមរាប លើសពីតំបន់អង្គរ។
វេទិកានេះ ផ្តោតលើការតភ្ជាប់ ការពិពិធកម្មផលិតផល នវានុវត្តន៍ឌីជីថល និងទេសចរណ៍ប្រកបដោយចីរភាពស្របតាមគោលនយោបាយជាតិ និងអាទិភាពអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ ក្នុងវេទិកានេះដែរ ក៏បានប្រកាសថ្នាក់ដឹកនាំសមាគម ដែលបានជាប់ឆ្នោតថ្មី នេះជាទំព័រថ្មីមួយសម្រាប់សមាគម និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ CATA ក្នុងការពង្រឹងឯកភាពកិច្ចសហការ និងតំណាងប្រកបដោយប្រសិទ្ធភាព នៃឧស្សាហកម្មទេសចរណ៍សៀមរាប។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានលើកឡើងថា នៅក្នុងឆ្នាំកន្លងទៅ សមាគម និងប្រតិបត្តិករទេសចរទាំងអស់ គឺមានការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទាំងមូលមានភាពធន់។ ជាពិសេស គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលឈរបាននៅលំដាប់មួយដែលទាក់ទាញបំផុត។ ប្រតិបត្តិករទេសចរណ៍ទាំងអស់ បានខិតខំប្រឹងប្រែងច្នៃប្រឌិតឲ្យកាន់តែល្អៗទៅ នៅពេលអនាគត យើងនឹងបង្កើនភាពទាក់ទាញកាន់តែច្រើន។
លោកស្រីបានបន្តថា ខេត្តសៀមរាប គឹជាប៉ូលទេសចរណ៍ដ៏សំខាន់ និងជាផលិតផល ដែលមិនមានអ្នកណាមាននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក គឺយើងមានអ្វីៗគ្រប់បែបយ៉ាងហើយ គ្រាន់តែកន្លងមកអត់បានប្រើប្រាស់ឲ្យអស់។ ក្នុងនោះ រួមមាន៖ វប្បធម៌ អេកូទេសចរណ៍ និងមានភាពជាខ្មែរដែលជាប្រពៃណី ដែលភ្ញៀវទេសចរចង់ឃើញ មិនមែនត្រឹមតែប្រាសាទ អ្វីដែលទាក់ទាញបំផុត គឺជាវប្បធម៌របស់យើង។ លោកស្រីបន្តថា យើងបានប្រឹងប្រែងទាំងថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិ ដោយបានបន្ថែមនូវយន្តការ ដើម្បីជួយទៅដល់វិស័យទេសចរណ៍។
លោកស្រី ឆាយ ស៊ីវលីន ក៏បានថ្លែងអំណរអរគុណចំពោះប្រធានសមាគមចាស់ ដែលបានខិតខំប្រឹងប្រែងទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីជួយទៅដល់សមាគម ក៏ដូចជាវិស័យទេសចរណ៍នៅក្នុងខេត្ត។ ដោយឡែកចំពោះប្រធានសមាគមថ្មី ត្រូវបន្ថែមសមិទ្ធផលថ្មីៗកាន់តែច្រើន ដើម្បីឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប កាន់តែមានភាពទាក់ទាញផងដែរ។
លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប មិនត្រឹមតែជាទឹកដីនៃបេតិកភណ្ឌវប្បធម៌ ដ៏ល្បីល្បាញរបស់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាច្រកទ្វារដ៏សំខាន់មួយ ក្នុងការតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក។
លោកបន្តថា ក្នុងបរិបទនៃការអភិវឌ្ឍថ្មីៗ និងការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងវិស័យទេសចរណ៍ជាសកល ការកសាងរូបភាពថ្មី និងការបង្កើតភាពទាក់ទាញថ្មី សម្រាប់គោលដៅទេសចរណ៍ គឺជាកត្តាសំខាន់បំផុត ក្នុងការធានាការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានបន្តថា វេទិកានេះ បានបង្កើតឱកាសដ៏មានតម្លៃសម្រាប់ស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងដៃគូពាក់ព័ន្ធទាំងអស់ បានជួបពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកគំនិតច្នៃប្រឌិត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែងលើឆាកតំបន់ និងអន្តរជាតិ។
លោកបន្ថែមថា ខេត្តសៀមរាប ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ពិភពលោក។ ទោះជាយ៉ាងណា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងវិស័យទេសចរណ៍ពិភពលោក ការអភិវឌ្ឍវិស័យនេះ តម្រូវឱ្យយើងត្រូវមានទស្សនវិស័យថ្មីៗ។
ជាមួយនេះ លោកជឿជាក់ថា តាមរយៈការពិភាក្សា និងការសហការយ៉ាងជិតស្និទ្ធរបស់ភាគីពាក់ព័ន្ធ វេទិកានេះ នឹងបង្កើតបាននូវគំនិតច្នៃប្រឌិត និងដំណោះស្រាយថ្មីៗដែលអាចក្លាយជាមូលដ្ឋាន សម្រាប់រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យកាន់តែសម្បូរបែប ទាក់ទាញ និងមាននិរន្តរភាពលើសពីតំបន់អង្គរ៕





















