សមណសិស្សចំនួន១៩២អង្គ បានដាក់ពាក្យប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្តេច ជា ស៊ីម ឆ្នាំសិក្សា២០២៦-២០២៧

14-03-2026 14:20

(បន្ទាយមានជ័យ)៖ សមណសិស្សចំនួន១៩២អង្គ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានដាក់ពាក្យប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្តេច ជាស៊ីម ឆ្នាំសិក្សា ២០២៦-២០២៧ ដោយមានការចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តគណៈមហានិកាយ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក ចៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ព្រះសមណញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត លោក ឈុន ថ នាយកមជ្ឈមណ្ឌលពុទ្ធិកគរុកោសល្យ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សា និងជាប្រធានប្រតិភូក្រសួងធម្មការ និងសាសនា លោក-លោកស្រី លោកគ្រូឧទ្ទេសាចារ្យ លោកគ្រូធម្មាចារ្យនឹងស្ថាប័នពាក់ព័ន្ធផងដែរ។

ក្នុងពិធីប្រឡងនោះលោក ចៀវ ថាន បានថ្លែងថា សមណសិស្ស ដែលបានដាក់ពាក្យប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្តេច ជា ស៊ីម នេះសរុបចំនួន១៩២អង្គ បែងជា៨បន្ទប់ លេខ១ ដល់បន្ទប់លេខ៧ មានបេក្ខសមណៈក្នុង១បន្ទប់ ចំនួន២៥រូប និងបន្ទប់លេខ៨ មានបេក្ខសមណៈ ចំនួន១៧ រូប វិញ្ញាសាប្រឡង មានចំនួន ៤ មុខវិជ្ជា ពេលព្រឹក មាន០២ វិញ្ញាសា មាន ០២ មុខវិជ្ជា គឺចាប់ពីម៉ោង ៧.០០ នាទី ដល់ម៉ោង ៩.០០ នាទី ចាប់ពីម៉ោង ៩.៣០នាទី ដល់ម៉ោង ១១.០០នាទី វិញ្ញាសា ភាសាបាលី វិញ្ញាសា សរសេរតាមអាន ២-ពេលរសៀល មាន ០២ វិញ្ញាសា មានចំនួន ០២ មុខវិជ្ជា គឺចាប់ពីម៉ោង ១៣.៣០នាទី ដល់ម៉ោង ១៥.០០ នាទី វិញ្ញាសា ពុទ្ធវិន័យ ចាប់ពីម៉ោង ១៥.៣០ នាទី ដល់ម៉ោង ១៧.៣០ នាទីវិញ្ញាសា គណិតវិទ្យា។

លោក ចៀវ ថាន បានឲ្យដឹងបន្តទៀតថា សមណសិស្សចូលរៀនពុទ្ធកអនុទ្យាល័យ១កម្រិតទៀត ដើម្បីក្លាយខ្លួនជាអ្នកបន្តវេន ប្រកបដោយចំណេះដឹងផ្នែកព្រះពុទ្ធសាសនា។ ហើយការប្រឡងថ្ងៃនេះ ជាការវាស់ស្ទង់សមត្ថភាពចំណេះដឹងផ្នែក ពុទ្ធសាសនា របស់សមណសិស្ស ដើម្បីធានាឲ្យបាននូវគុណភាពអប់រំ ឲ្យ ស្របទៅនឹងច្បាប់អប់រំ មាត្រាទី ២៦ បានចែងថា «ដើម្បីធានាបានគុណភាពអប់រំ និងប្រសិទ្ធភាពអប់រំ ប្រកប ដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ត្រូវមានការប្រឡង» មានន័យថា ការប្រឡងថ្ងៃនេះ គឺជាការចម្រាញ់យកតែសមណសិស្ស ដែលមានសមត្ថភាព ចំណេះដឹងទាំងផ្លូវអាណាចក្រ និងពុទ្ធចក្រ ក្នុងកម្រិតបឋមសិក្សា ដើម្បីជម្រុញព្រះអង្គទាំងនោះ ឲ្យបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ បន្តទៀត។ លោកសង្ឃឹមថា បេក្ខសមណៈគ្រប់រូប ខិតខំប្រែង និងបញ្ចេញឲ្យអស់ពីសមត្ថភាព ដែលមាននៅក្នុងខ្លួន ដើម្បីទទួលការប្រឡងជាប់ឲ្យបានជោគជ័យ។

តាមរបាយការណ៍នៃការ រៀបចំការប្រឡងនេះ ក្រសួងធម្មការនិងសាសនា មន្ទីរ បានសហការជាមួយគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម សម្រាប់ការដាក់ពាក្យប្រឡងនេះ តាមគោលការណ៍ប្រឡងនេះសមណសិស្សទាំង១៩២ អង្គ ត្រូវគោរពវិន័យ គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡងឡើយ ពោលគឺគោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងធម្មការ បានដាក់ចេញ បានគ្រប់ជ្រុងជ្រូយទាំងអស់ អ្នកចេះ គឺជាប់ សមណសិស្សទាំងអស់ ណាផ្ទុយពីបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

លោក បៀវ ថាន សង្ឃឹមនិងជឿជាក់យ៉ាងមាំថា សមណសិស្សទាំងអស់ រក្សាបាននូវលទ្ធផលល្អ ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត។

ក្នុងនោះ លោក យឹមសំណាង បានធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយធនធានព្រះសង្ឃ ដែលស្របតាមគោលនយោបាយអប់រំរបស់ រាជរដ្ឋាភិបាល របស់ សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

លោក យឹម សំណាង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការលើកតំកើងសាលាបាលី ឲ្យរីកដុះដាលបន្ថែមដែលស្របជាមួយរដ្ឋធម្មនុញ្ញ បានបន្តលើកស្ទួយវិស័យពុទ្ធសិក្សានៅក្នុងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនត្រង់មាត្រា ៦៨ បានចែងថា រដ្ឋបានធ្វើការផ្សព្វផ្សាយសាលាបាលី និងពុទ្ធិសិក្សា ក្នុងន័យបានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងការអភិវឌ្ឍន៍ វិស័យពុទ្ធិសិក្សា។ មានវិស័យចាប់ពីកម្រិត បឋម មធ្យម ឧត្តមនិងក្រោមឧត្តម ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានៃយើង។

ហេតុនេះវិស័យព្រះពុទ្ធសាសនានេះ ត្រូវតែកែទម្រង់ឲ្យបានស៊ីជម្រៅនិងគ្រប់កម្រិតដើម្បីធានានូវគុណភាព សាមណៈសិស្ស និស្សិត ឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ។

លោក យឹមសំណាង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រៅពីកែទម្រង់លើវិស័យសិក្សា មន្ត្រីសង្ឃត្រូវជំរុញ ឲ្យមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវពង្រឹងសមត្ថភាពផ្នែកវិជ្ជាពុទ្ធសាស្ត្រ ដូចជាភាសាបាលី សំស្ក្រឹត ទ្រឹស្ដីព្រះធម៌វិន័យ និងវិជ្ជាផ្លូវលោកដើម្បីពង្រឹងស្ថាប័នព្រះពុទ្ធសាសនាផ្សព្វផ្សាយព្រះធម៌ ឲ្យបានទូលំទូលាយភាពក្រឹត្យក្រម នៃការគោរពធម៍វិន័យ និងពង្រីកធនធានព្រះសង្ឃក្នុងទិសដៅ ភាពស្ថិតស្ថេរជ័យភាពរបស់ ព្រះពុទ្ធសាសនាផងដែរ៕