លោកបណ្ឌិត ប្រាំង ជលសា រៀបចំពិធីបុណ្យកតញ្ញូ ជូនចាស់ព្រឹទ្ធាចារ្យជាង ៥ពាន់នាក់ និងផ្ដែផ្ដាំឱ្យបងប្អូនប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងស្ថិរភាពសេដ្ឋកិច្ច

14-03-2026 14:23

(ពោធិ៍សាត់)៖ នាថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខចាស់ព្រឹទ្ធាចារ្យ និងលោកតា លោកយាយ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ប្រមាណជាង៥ពាន់នាក់ មកពីបណ្តាឃុំនានា ក្នុងស្រុកក្រគរ (ឃុំអន្លង់ត្នោត, ឃុំក្បាលត្រាច, ឃុំកំពង់ហ្លួង, ឃុំអូរសណ្តាន់, ឃុំកំពង់ពោធិ៍ និងឃុំស្នាអន្សា) និងស្រុកកណ្តៀង (ឃុំកណ្តៀង និងឃុំស្វាយលួង) ក្នុងពិធីបុណ្យកតញ្ញូដ៏មហោឡារិក ដើម្បីសម្តែងនូវការដឹងគុណ និងចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។

ពីធីនេះត្រូវបានរៀបចំឡើងជាលក្ខណៈប្រមូលផ្តុំ ចំនួន៣ទីតាំងផ្សេងៗគ្នា គឺនៅស្នាក់ការគណបក្សស្រុកក្រគរ, នៅវត្តពុទ្ធរង្សី ហៅវត្តពុទ្រ្ទាម ឃុំអូរសណ្តាន់ ស្រុកក្រគរ និងនៅវត្តកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ដោយបានការចូលរួមពីអាជ្ញាធរមូលដ្ឋាន, ក្រុមការងារចុះជួយមូលដ្ឋានឃុំ និងលោកតា លោកយាយ យ៉ាងច្រើនកុះករ។

លោកបណ្ឌិត ប្រាំង ជលសា ​​បានជម្រាបជូនថា កម្មវិធីបុណ្យកតញ្ញូ ជូនចំពោះចាស់ព្រឹទ្ធាចារ្យ និងលោកតា លោកយាយ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ បានអនុវត្តជាង១៨ឆ្នាំមកហើយ ដោយចាប់ផ្តើមដំបូង នាអំឡុងពេលលោករដ្ឋមន្ត្រី កែវ រតនៈ កាលជាអតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងគោលបំណងគោរពដឹងគុណ ចម្រើនជន្មាយុ បង្កលក្ខណៈសប្បាយរីករាយ និងចែករំលែកនូវក្តីស្រឡាញ់ ជូនដល់លោកតា លោកយាយ ដើម្បីចូលរួមអបអរសាទរមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកបណ្ឌិតបន្តថា ចាប់តាំងពីលោកចូលមកដឹកនាំបន្ត ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោកបានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាឃុំ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ជាស្តែងគិតមកដល់ថ្ងៃនេះ យើងបានបិទបញ្ចប់១៤ឃុំហើយ នៅសល់តែ៦ឃុំទៀតទេ គឺស្រុកក្រគរ (ឃុំអន្សាចំបក់), ស្រុកកណ្តៀង (ឃុំស្យា ឃុំរាំងទិល ឃុំកញ្ជរ ឃុំកោះជុំ និងឃុំស្រែស្តុក) នឹងត្រូវរៀបចំធ្វើជាបន្តបន្ទាប់។

លោកបណ្ឌិតបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមការងារចុះមូលដ្ឋាន ដែលតែងតែចុះជាប់ និងយកអាសារប្រជាពលរដ្ឋ ព្រមទាំងកូនចៅប្រជាពលរដ្ឋលើវិស័យអប់រំ​ ដោយបាននិងកំពុងជួយជ្រោមជ្រែងតាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ និងបន្តគាំទ្ររហូតដល់ក្មួយៗបានចូលរៀននៅថ្នាក់ឧត្តមសិក្សា ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាង សម្រាប់យុវជនក្នុងមូលដ្ឋាន។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកតា លោកយាយ, លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ បើទោះបីជាភាគីថៃតែងតែមានមហិច្ឆតាចង់បានទឹកដីខ្មែរក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ។ លោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ "សូមជឿជាក់លើរាជរដ្ឋាភិបាល" ក្នុងការការពារទឹកដីឱ្យបានគង់វង្ស និងរឹងមាំបំផុត។

ក្រៅពីបញ្ហាអធិបតេយ្យភាពទឹកដី លោកបណ្ឌិត ប្រាំង ជលសា ក៏បានលើកឡើងផងដែរថា ក្នុងបរិបទដែលពិភពលោកកំពុងរងសម្ពាធពីសង្គ្រាមនៅមជ្ឈឹមបូព៌ា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអន្តរាគមន៍ទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈ ដើម្បីការពារស្ថិរភាពជីវភាពរបស់ប្រជាជន។ ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបង្កើនការសន្សំសំចៃក្នុងគ្រួសារ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិសកលលោក៕