លោកស្រីបណ្ឌិត ជា សិរី៖ ការបាត់បង់ការស្តាប់ឮ របស់កុមារអាចការពារបាន ប្រសិនបើយើងអនុវត្តវិធានការ សុខភាពសាធារណៈឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា

14-03-2026 15:02

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល អង្គការរក្សាកុមារបានថ្លែងឲ្យដឹងថា ការបាត់បង់ការស្តាប់ឮ របស់កុមារអាចការពារបាន ប្រសិនបើយើងអនុវត្តវិធានការ សុខភាពសាធារណៈឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ដូច្នេះសូមអំពាវនាវដល់ស្ថាប័នអប់រំ​, អាណាព្យាបាល អ្នកបង្កើតគោលនយោបាយរួមគ្នា បញ្ចូលការត្រួតពិនិត្យ ការបាត់បង់ការស្តាប់ឮ ទៅក្នុងផែនការថែទាំសុខភាពសាលារៀន ក្នុងប្រព័ន្ធថែទាំសុខភាពបឋម ដើម្បីធានាថា កុមារគ្រប់រូបអាចទទួលបានសេវាថែទាំប្រកបដោយគុណភាព។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងទិវាស្តាប់ឮកម្ពុជា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ
«ពីសហគមន៍ឆ្ពោះទៅថ្នាក់រៀន៖ ការថែទាំការស្តាប់ឮចំពោះកុមារគ្រប់រូប» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ឆ្នាំនេះគឺជាលើកទី៩ហើយ ដែលអង្គការរក្សាកុមារបានរៀបចំទិវានេះឡើង ហើយប្រធានបទសម្រាប់ឆ្នាំ២០២៦នេះគឺ ពីសហគមន៍ឆ្ពោះទៅថ្នាក់រៀន៖ ការថែទាំការស្តាប់ឮចំពោះកុមារគ្រប់រូប ក្នុងគោលបំណងបំផុសការយល់ដឹង និងបង្ហាញពីសារៈសំខាន់នៃការថែទាំការស្ដាប់ឮ (និយាយឱ្យចំគឺ ការថែទាំត្រចៀក) របស់កុមារ ចាប់ពីកម្រិតសហគមន៍ រហូតដល់សាលារៀន។ កម្មវិធីនេះធ្វើឡើង ដោយផ្ដោតលើចំណុចពីរសំខាន់ៗ រួមមាន ការកំណត់អត្តសញ្ញាណឱ្យបានទាន់ពេលវេលា សម្រាប់កុមារដែលមានបញ្ហាការស្តាប់ឮ និងការការពារការស្តាប់ឮ របស់កុមារដែលគ្រប់គ្នាអាចបង្ការទប់ស្កាត់បាន។

លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថា ជាក់ស្ដែងយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បញ្ហាបាត់បង់ការស្តាប់ឮគឺជាបញ្ហាសុខភាពសាធារណៈមួយកំពុងកើនឡើងនៅទូទាំងពិភពលោក ហើយប្រហែល ៨០% នៃមនុស្សដែលមានបញ្ហាការស្តាប់ឮ រស់នៅក្នុងប្រទេសមានចំណូលទាប និងមធ្យម។ នៅកម្ពុជា ការស្ទង់មតិឆ្នាំ២០២៣ បានបង្ហាញថា ៥,៩% នៃប្រជាជនអាយុ ៥ ឆ្នាំឡើងទៅ មានការលំបាកក្នុងការស្តាប់ឮ ដែលនេះបង្ហាញថា បញ្ហានេះជាបញ្ហាសុខភាពសាធារណៈមួយដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់។

លោកស្រីបណ្ឌិតបានបន្ថែមថា ឆ្លើយតបនឹងបញ្ហានេះ ការបាត់បង់ការស្តាប់ឮរបស់កុមារអាចការពារបាន ប្រសិនបើយើងអនុវត្តវិធានការសុខភាពសាធារណៈឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ វិធានការទាំងនោះមានដូចជា៖ ការចាក់វ៉ាក់សាំងបង្ការជំងឺ ការថែទាំសុខភាពម្តាយនិងកុមារ និងការការពារកុមារពីសំឡេងខ្លាំងៗ។ នេះឆ្លុះបញ្ចាំងថា ប្រសិនបើយើងទាំងអស់គ្នា មានការយល់ដឹងកាន់តែច្បាស់ពីមូលហេតុនៃ ការបាត់បង់ការស្ដាប់ឮ ព្រមទាំងវិធានការការពារ នោះអត្រានៃការបាត់បង់ការស្ដាប់ឮរបស់កុមារ នឹងត្រូវបានកាត់បន្ថយជាមិនខាន។

លោកស្រីបណ្ឌិត ជា សិរី បានបន្ដយ៉ាងដូច្នេះថា ដូចដែលបានជម្រាបជូនអង្គពិធីខាងលើនេះ ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ណាស់។ ដូចេ្នះសូមយកឱកាសនេះ ធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដូចខាងក្រោម៖
១៖ ស្ថាប័នអប់រំ៖ សូមពិចារណាបញ្ចូលការត្រួតពិនិត្យការបាត់បង់ការស្តាប់ឮ ទៅក្នុងផែនការថែទាំសុខភាពសាលារៀន ដើម្បីឱ្យកុមារទទួលបានការត្រួតពិនិត្យ និងការគាំទ្របានទាន់ពេលវេលា។
២៖ ឪពុកម្តាយ និងសហគមន៍៖ សូមជំរុញការពិនិត្យសុខភាពកុមារជាប្រចាំ និងការពារត្រចៀករបស់កុមារពីសំឡេងខ្លាំងៗ។
ទន្ទឹមនេះសូមផ្លាស់ប្តូរផ្នត់គំនិតពីការថែទាំការស្តាប់ឮ ដែលធ្លាប់ត្រូវបានគេយល់ថាជាបញ្ហាផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ ឱ្យក្លាយទៅជាការទទួលខុសត្រូវរួមគ្នារវាងឪពុកម្តាយ គ្រូបង្រៀន និងបុគ្គលិកសុខាភិបាល។
៣៖ អ្នកបង្កើតគោលនយោបាយ៖ សូមបន្តគាំទ្រការរួមបញ្ចូលការថែទាំត្រចៀក និងការស្តាប់ឮ ទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម ដើម្បីធានាថាកុមារគ្រប់រូបអាចទទួលបានសេវាថែទាំប្រកបដោយគុណភាព ស្របតាមគោលនយោបាយរបស់អង្គការសុខភាពពិភពលោក។
ពិតណាស់ ការបាត់បង់ការស្តាប់ឮប៉ះពាល់យ៉ាងខ្លាំងដល់ការអប់រំ និងឱកាសនាពេលអនាគតរបស់កុមារ។

ការកំណត់អត្តសញ្ញាណឱ្យបានទាន់ពេលវេលាលើបញ្ហានេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍភាសា ការប្រាស្រ័យទាក់ទង និងភាពជោគជ័យក្នុងការសិក្សារបស់កុមារ។ ដូច្នេះ ការវិនិយោគលើការថែទាំការស្តាប់ឮនៅថ្ងៃនេះ គឺជាការវិនិយោគលើអនាគត។ វានឹងជួយធានាថា កុមារគ្រប់រូបនៅកម្ពុជា អាចទទួលបានឱកាសសិក្សា និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ។

លើសពីនេះមនុស្សគ-ថ្លង់កម្ពុជា ពិតជាមានសំណាង និងមានភព្វវាសនាដោយទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះនៃការលើកស្ទួយសិទ្ធិមនុស្សគ-ថ្លង់នៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ៕